បន្ទាយមានជ័យ ៖ លោកសួនបវរ អភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាឲ្យលោកហ៊ឹលរ៉ាយាអភិបាលក្រុងសិរីសោភ័ណ មានវិធានការផ្ទះទឹកក្នុងស្ទឹងព្រះពន្លា ស្ថិតក្នុងភូមិ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ឲ្យយកចេញជាប្រញាប់ ដើម្បីរៀបចំទីតាំងបណ្តែតប្រទីបក្នុងពិធីបុណ្យអុំទូកអកអំបុកសំពះព្រះខែខាងមុខនេះនៅព្រឹក ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោកបានបញ្ជាក់ឲ្យដឹងទៀតថា ផ្ទះទឹកដែលជាកន្លែងភោជនីយដ្ឋាន ឬ កន្លែងផឹកស៊ីដែលនៅក្នុងទឹកស្ទឹងជាប់ខាងជើងក្បាលស្ពានព្រះពន្លាដែលជាជាចំណងដៃដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់បងប្អូនប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យឆ្លងកាត់ចូលមកទីប្រជុំក្រុងសិរីសោភ័ណ និង ឆ្លងទៅផ្សាររាត្រីដែលជាផ្សារលក់ទាំងថ្ងៃនិងយប់។ ផ្ទះទឹកដែលដាក់បណ្តែតក្នុងស្ទឹងព្រះពន្លាក្រុងសិរីសោភ័ណនេះឃើញដាក់ប្រមាណ២ទៅ៣ឆ្នាំមកហើយ ដែលប្រជាពលរដ្ឋមានការរិះគន់ថា មូលហេតុអ្វីបានជាអភិបាលខេត្ត ក្រុងអនុញ្ញាតឲ្យដាក់ផ្ទះទឹកគេយកច្នៃធ្វើជាភោជនីយដ្ឋានក្នុងស្ទឹងព្រះពន្លាដែលជាទីតាំងកន្លែងបណ្តែតប្រទីប របស់សាលាខេត្តបន្ទាយមានជ័យ ដែលដាក់រាល់ឆ្នាំ និង ជាកន្លែងសម្រាប់ប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យឈរមើលតាមខឿនមាត់ស្ទឹងធ្វើប៉ះពាល់បរិស្ថាននិងសណ្តាប់ធ្នាប់សាធារណៈយ៉ាងខ្លាំង។
លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ដោយមានការណែនាំលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ លោកបានជូនដំណឹងទៅម្ចាស់ផ្ទះទឹកភោជនីយដ្ឋានជាប់ក្បាលស្ពានព្រះពន្លា ក្រុងសិរីសោភ័ណ ឲ្យរុះរើផ្ទះទឹកនេះចេញជាប្រញាប់ ដោយទីតាំងនេះ ជាកន្លែងបណ្តែតប្រទីបរបស់សាលាខេត្តបន្ទាយមានជ័យដែលត្រូវធ្វើរាល់ឆ្នាំក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែជារៀងរាល់ឆ្នាំ។
លោកបានបញ្ជាក់ថា ការណែនាំពីអភិបាលខេត្តបន្ទាយមានជ័យលោក សួន បវរ ដូចជាការសំណូមពរពីប្រជាពលរដ្ឋសុំឲ្យម្ចាស់រុះរើផ្ទះទឹកចេញដែលប៉ះពាល់បរិស្ថាន និង សណ្តាប់ធ្នាប់សាធារណៈយ៉ាងខ្លាំងផងដែរ៕
Source: Kampuchea Thmey Daily
0 Comments