ភ្នំពេញ ៖ មន្ត្រីក្រសួងសុខាភិបាលបានក្រើនរំលឹកដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នចំពោះការបរិភោគត្រីក្រ ពតប្រភេទមួយចំនួនព្រោះវាអាចបណ្តាលឲ្យអ្នកបរិភោគពុលស្លាប់បាត់បង់ជីវិតបាន។
ការអំពាវនាវនេះបានធ្វើឡើងបន្ទាប់ពីថ្មីៗនេះមានករណីពុលត្រីក្រពតនៅខេត្ត ព្រះសីហនុ និង ខេត្តកោះកុង សរុបចំនួន១១នាក់ ក្នុងនោះស្លាប់២នាក់ ដែលម្នាក់នៅខេត្តព្រះសីហនុ និងម្នាក់ទៀតនៅខេត្តកោះកុង។
លោកវេជ្ជបណ្ឌិត លីសូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានលើកឡើងនៅក្នុងគេហទំព័ររបស់ខ្លួនថា ដើម្បីជៀសផុតពីការពុលត្រីក្រពតដូចករណីខាងលើ សូមបងប្អូនប្រជាពលរដ្ឋ សូមកុំបរិភោគត្រីក្រពតដែលមានជាតិពុល ដោយសារវាមានជាតិពុលនៅក្នុងខ្លួនវាដែលអាចបណ្តាលឲ្យស្លាប់បាន។ ជាតិពុលនៅក្នុងខ្លួនត្រីក្រពតនេះ មិនអាចកំចាត់ចោលបានទេ ទោះបីជាបានចំអិនកំដៅខ្ពស់ ឬ ដាក់ក្នុងកំរិតកកយ៉ាងណាក៏ដោយ។
លោកវេជ្ជបណ្ឌិតបានបន្តថា នៅក្នុងប្រទេសកម្ពុជា មានត្រីក្រពតចំនួន ១០ ប្រភេទ ក្នុងនោះមាន ៥ ប្រភេទមានជាតិពុល រួមមានត្រីក្រពតភ្នែកក្រហម ត្រីក្រពតកូសាំងស៊ីន ត្រីក្រពត ពណ៌អុចបៃតងនិងត្រីក្រពតពណ៌អុចធំជាដើម។ ត្រីក្រពតទាំងនេះ មានជាតិពុលដែលមាន សក្តានុពលខ្ពស់ និងអាចបណ្តាលឲ្យមានជំងឺធ្ងន់ធ្ងរ និងស្លាប់បាន ដោយសារជាតិពុលបានជ្រាបទៅប៉ះពាល់ប្រព័ន្ធសរសៃប្រសាទកណ្តាល។ ចំពោះជាតិពុលនៅក្នុងខ្លួនត្រី មានកម្រិតខុសគ្នាដែរ គឺពង និងស្ពែម របស់វា មានជាតិពុលខ្ពស់ជាងគេ បន្ទាប់មក គឺថ្លើម ពោះ វៀន ស្បែក និងសាច់។
ចំពោះរោគសញ្ញាវិញចាប់ផ្តើមក្នុងរយៈពេល ២០ នាទី ទៅ ២ ម៉ោង បន្ទាប់ពីបានបរិភោគត្រីបែបនេះដោយមាន រោគសញ្ញាមួយចំនួនរួមមានរមាស់ចាក់ៗ នៅបបូរមាត់ និងមាត់ បន្ទាប់មកមានអាការៈ ឈឺក្បាល វិលមុខ រមាស់ចាក់ៗនៅចុងអវៈយវៈ មានការពិបាកក្នុងការនិយាយ បាត់លំនឹងដងខ្លួន ខ្សោយសាច់ដុំ ខ្វិន ស្ពឹកចុងដៃចុងជើង ក្អួត រាក ល្ហិតល្ហៃ រឹងថ្គាម ឬ អាចបណ្តាលឲ្យស្លាប់តែម្តង។
លោកបានបន្ថែមថា នៅក្នុងករណីដែលពុលខ្លាំងអាចបណ្តាលឲ្យអ្នកបរិភោគស្លាប់បានដែលអាចបណ្តាលមកពីការខ្វិនផ្លូវដង្ហើម។
លោកវេជ្ជបណ្ឌិតលី សូវ៉ាន់បានឲ្យដឹងទៀតថា ក្រោយពីពុលភ្លាមៗ ការធ្វើឲ្យក្អួត (ប្រសិនបើអាចធ្វើទៅបាន) អាចជួយបញ្ចេញជាតិពុលពីក្នុងខ្លួនយើងបានមួយចំណែក ហើយអ្នកពុលនោះត្រូវប្រញាប់ប្រញាល់មកស្វែងរកការជួយសង្គ្រោះជាបន្ទាន់នៅមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត ដោយស្ថានភាពអ្នកពុលតម្រូវឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យ តាមដាន ពីគ្រូពេទ្យជាចាំបាច់។
ប្រសិនបើលោកអ្នក មានរោគសញ្ញាដូចរៀបរាប់ខាងលើ កើតមានឡើងបន្ទាប់ពីបានបរិភោគត្រីក្រពត សូមបងប្អូនប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះលោកអ្នកជាបន្ទាន់ និងសូមប្រាប់គ្រូពេទ្យពីការដែលអ្នកបានបរិភោគត្រីក្រពត។
គួរបញ្ជាក់ថា កន្លងមក ក្រសួងសុខាភិបាលតែងតែធ្វើការណែនាំ និងរំលឹកចំពោះវិធានការការពារករណីពុលចំណីអាហារ ដែលមានទាំងការពុលបណ្តាលមកពីការបរិភោគត្រីក្រពតនេះផងដែរ។
សាជាថ្មីម្តងទៀត លោកវេជ្ជបណ្ឌិតសូមធ្វើការក្រើនរំលឹក ណែនាំ និងអំពាវនាវដល់សាធារណជនទាំងអស់ ឲ្យមានការប្រុងប្រយ័ត្ន និងចូលរួមអនុវត្តវិធានការបង្ការការពុលចំណីអាហារ ជាពិសេសការរួមគ្នាអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវអនាម័យចំណីអាហារល្អ គ្រប់ៗគ្នា ចាប់តាំងពីអ្នកបរិភោគរហូតដល់អ្នកបម្រើអាហារ ដើរតួនាទីសំខាន់នៅក្នុងការលើកកម្ពស់សុវត្ថិភាពចំណីអាហារចាប់តាំងពីការរៀបចំចំណីអាហារ របៀបទុកដាក់ និងពេលចម្អិនអាហារ៕
Source: Kampuchea Thmey Daily
0 Comments