Ad Code

កងទ័ព​កម្ពុជា​ ដាច់ខាត​មិន​ចូលរួម​ក្នុង​កិច្ចប្រតិបត្តិការ​ជាមួយ​ប្រទេស​ណា​ទាំងអស់ លើកលែងតែ​ក្រោម​ឆត្រ​របស់​អង្គការសហប្រជាជាតិ​



​ភ្នំពេញ​ ៖ នេះ​ជា​ការ​បញ្ជាក់​របស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ​ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅឯ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។​

​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បាន​មានប្រសាសន៍​ថា "​តើ​កម្ពុជា​ មានការ​ចាំបាច់​រំលោភ​រដ្ឋធម្មនុញ្ញ​ខ្លួន​ អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​លើទឹក​ដី​កម្ពុជា​ឬទេ? តើ​កម្ពុជា ​ត្រូវការ​កងទ័ព​បរទេស​ដើម្បី​ច្បាំង​ជាមួយ​អ្នកណា? ហើយ​ខ្ញុំ ​មិនត្រូវ​ការ​ឲ្យ​បរទេស​មក​ច្បាំង​គ្នា​នៅលើ​ទឹកដី​កម្ពុជា​ ដូច​កាលពី​អតីតកាល​ទេ ក៏ដូចជា​មិនត្រូវ​ការ​ឲ្យ​កម្ពុជា​ជាទី​លាន​សាកល្បង​មនោគមន៍​វិជ្ជា ឬ​អាវុធ​ឡើយ ។ យើង​ចង់​ចង​មិត្ត​ជាមួយ​គ្រប់​ប្រទេស​លើ​សកលលោក។ កងទ័ព​កម្ពុជា ​ដាច់ខាត​មិន​ចូលរួម​ក្នុង​កិច្ច​ប្រតិបត្តិការ​យោធា​ជាមួយ​ប្រទេស​ណា​ទាំងអស់ លើកលែងតែ​ក្រោម​ឆត្រ​របស់​អង្គការ​សហ​ប្រជា​ជាតិ​"​។

​សូម​បញ្ជាក់​ថា កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ ក្រោម​អធិបតី​ភាព​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​កម្ពុជា ហើយ​មាន​របៀបវារៈ​សំខាន់ៗ​ចំនួន​៤​រួម​មាន ៖ ១-សេចក្ដីព្រាង​ច្បាប់ ​ស្ដីពី​បរធនបាល​កិច្ច​។ ២-សេចក្តីព្រាង​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា ឆ្នាំ​២០១៦-២០៣០​។ ៣-សេចក្តីព្រាង​គោលនយោបាយ​ជាតិ​អេកូ​ទេសចរណ៍​ឆ្នាំ​២០១៩-២០៣០​។ ៤- បញ្ហា​ផ្សេងៗ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu