ការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់ជើងឯកWurkz ទម្ងន់៦៧គីឡូក្រាម នៅសង្វៀនទូរទស្សន៍SEA TV កាលពីរសៀលថ្ងៃអាទិត្យទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលជាការប្រកួតជុំចុងក្រោយរវាងអ្នកប្រដាល់កម្ពុជា រឿង សារ័ត្ន ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ និងអ្នកប្រដាល់ថៃ Keng Kat នោះ ទីបំផុត រឿង សារ័ត្ន ត្រូវជ្រុះធ្លាក់មិនបានទៅផ្ដាច់ព្រ័ត្រ ក្រោយពីគេ វាយចាញ់នោះ ។
សម្រាប់ជំនួបក្នុងជុំចុងក្រោយនេះ ជាការប្រកួតដ៏សំខាន់បំផុតរបស់ រឿង សារ័ត្ន ដែលគេចាំបាច់ត្រូវឈ្នះ Keng Kat នេះឲ្យបាន ព្រោះថាបើ សារ័ត្ន ឈ្នះការប្រកួតនេះ គេនឹងត្រូវបានឡើងទៅប្រកួតផ្ដាច់ព្រ័ត្រ តែអ្វីៗត្រូវចប់ហើយ ដោយសារ សារ័ត្ន វាយចាញ់Keng Kat ដោយពិន្ទុនោះ។
សារ័ត្ន គេវាយចាញ់ Keng Kat មិនជាឯកច្ឆន្ទនោះទេ គឺ១ទល់៤ បានន័យថា ក្នុងចំណោមចៅក្រម៥រូប មាន៤រូបផ្តល់ពិន្ទុឲ្យ Keng Kat ឈ្នះ និង១រូប ឲ្យ រឿង សារ័ត្ន ឈ្នះ។
ក្នុងពូលកីឡាករខ្មែរនេះ ពុទ្ធ ឆាយរិទ្ធី ក្លិបពុទ្ធ សេរីវង្សកីឡា និង មាជ សុរ៉ាក្លិបតាព្រហ្មមានជ័យ ដែលបានបញ្ចប់ការប្រកួតជម្រុះហើយនោះ គេមានពិន្ទុស្មើគ្នា ដោយក្នុង៤ប្រកួត គេឈ្នះ២ និងចាញ់២ប្រកួត មាន៨ពិន្ទុដូចគ្នា។
ហើយរឿង សារ័ត្ន គេក៏មានពិន្ទុ៨ដែរ ដោយឈ្នះ២ចាញ់២ប្រកួតដូចគ្នា។ តែអ្នកដែលបានឡើងទៅផ្ដាច់ព្រ័ត្រនោះគឺជា មាជ សុខរ៉ា ទៅវិញ ព្រោះ សុខរ៉ា គេឈ្នះKO គឺក្នុងពីរប្រកួតដែលឈ្នះនោះ សុខរ៉ា វាយថៃឲ្យសន្លប់ក្នុងទឹកទី១ មួយប្រកួត និងសន្លប់ក្នុងទឹកទី៤។ ឯ ពុទ្ធ ឆាយរិទ្ធី និង រឿង សារ័ត្ន ឈ្នះ២ដែរ ប៉ុន្តែចាញ់ត្រង់ការវាយសន្លប់នេះ។
ដូច្នេះ មាជ សុខរ៉ា គេត្រូវបានឡើងទៅផ្ដាច់ព្រ័ត្រ ដោយជួបជាមួយ Keng Kat ដែលឈ្នះ រឿង សារ័ត្ន ក្នុងជុំចុងក្រោយនេះ។
ចំពោះ មាស សុជាតិ អ្នកប្រដាល់ក្លិបឃ្លាំងមឿងកីឡា ត្រូវគេឲ្យឡើងប្រកួតជាលក្ខណៈមិត្តភាពនោះ បានវាយចាញ់អ្នកប្រដាល់ថៃ Kong Kongvan ដោយពិន្ទុ។ ចំណែកការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ ធា នុរាជ ក្លិបមកុដរាជសីហ៍ វាយស្មើជាមួយចៅ ផល ឌឿ ក្លិបសំរោងកោងខេត្តបាត់ដំបង ហើយ រឿន សុខលី ក្លិបការិយាល័យទី៥ កងទ័ពជើងគោក ឈ្នះ យិប ឌុក ក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យដោយពិន្ទុ៕
•ឯម ឡេងលី ផ្ដួល Phat Many ទឹក២
អ្នកប្រដាល់ជើងខ្លាំងស្រករក្រោយកម្ពុជា ឯមឡេងលី ក្លិបថ្មគោលពោធិសែនជ័យ បានផ្ដួលអ្នកប្រដាល់ថៃចំណូលថ្មី Phat Many ឲ្យសន្លប់ក្នុងទឹកទី២ កាលពី ព្រឹកថ្ងៃអាទិត្យទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ លើសង្វៀនSEATV ។ ពួកគេទាំងពីរ ជួបប្រកួតគ្នា ក្នុងប្រភេទទម្ងន់៧១គីឡូក្រាម។
Phat Many អ្នកប្រដាល់ថៃរូបនេះ ជាអ្នកចំណូលថ្មីពុំធ្លាប់មកវាយនៅស្រុកខ្មែរទេ កន្លងមក។ មកជួបឯម ឡេងលី Phat Many ទប់មិនបានពីរទឹកផង ក៏ត្រូវ ឡេងសី បំបាក់ឲ្យដួលលើរេញតែម្ដង។
ឯម ឡេងលី មុនផ្ដួល Phat Many នេះ គេក៏បានផ្ដួលយកឈ្នះអ្នកប្រដាល់ជើងខ្លាំងថៃឈ្មោះ Khun Phen ក្នុងទឹកទី១ដែរ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅនេះ។
សុខ សុវណ្ណ អ្នកប្រដាល់ជើងចាស់ក្លិបកងពលធំអន្តរាគមន៍លេខ២ និងជាម្ចាស់ខ្សែក្រវាត់ទម្ងន់៦០គីឡូក្រាម បានប្រកួតចាញ់ ឡុង ឡា ដោយពិន្ទុ។ ពីរនាក់នេះ ជួបគ្នាក្នុងប្រភេទទម្ងន់៦៣,៥០០គីឡូក្រាម។
ឌឹម សារិទ្ធ អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ វាយឈ្នះ សយ សុខ អ្នកប្រដាល់ក្លិបវិបុលដារិទ្ធពោធិសែនជ័យក្នុងទឹកទី២។ ពីរនាក់នេះ ជួបប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។
គឿម សុវណ្ណារ៉ា អ្នកប្រដាល់ក្លិបឃ្លាំងមឿងកីឡា ប្រកួតស្មើជាមួយ សាន សំអុន អ្នកប្រដាល់ក្លិបអារុណរះកីឡា ហើយ ឈុន ប្រាក់កាក់ អ្នកប្រដាល់ក្លិបតាឯកដំបងដែកមានរិទ្ធ ខេត្តព្រៃវែង ប្រកួតចាញ់ ផុន សុខវិបុល អ្នកប្រដាល់ក្លិបតាព្រហ្មមានជ័យដោយពិន្ទុ៕
Source: Kampuchea Thmey Daily
0 Comments