វគ្គបណ្ដុះបណ្ដាលចៅក្រមកីឡាអុកចត្រង្គ ដែលចាប់ផ្ដើមពីថ្ងៃទី១២មកនោះ បានបញ្ចប់ហើយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
វគ្គនេះ បើកឡើងដោយចំណាយថវិការបស់ក្រសួងអប់រំ យុវជន និង កីឡា។ នេះជាលើកដំបូងហើយដែលសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បើកវគ្គបណ្ដុះបណ្ដាលបែបនេះ ហើយវគ្គនេះមានទម្រង់ជាសិក្ខាសាលាដែលអ្នកចូលរួមទាំងអស់ផ្ដល់ចំណេះដឹងដល់គ្នាទៅវិញទៅមកតាមអ្វីដែលខ្លួនបានដឹង តាមរយៈការស្រាវជ្រាវ និងដឹងតាមការនិយាយតៗគ្នាពីចាស់ៗ។
នៅថ្ងៃបិទវគ្គនេះ បានទទួលការចូលរួមពីសំណាក់ លោក សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួង អប់រំ យុវជន និង កីឡា លោក ហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំ កាយ និង កីឡា។
បើតាមការឲ្យដឹងពី លោក ហ៊ុន សាមុត នោះថា វគ្គសិក្សានេះបានទទួលលទ្ធផលល្អ ព្រោះក្នុងចំណោមសិក្ខាកាមចំនួន៣៤រូប គឺមាន២៤រូបហើយ ទទួលបានលទ្ធផលល្អ និងមានតែ១០រូបប៉ុណ្ណោះ ដែលទទួលបានចំណាត់ថ្នាក់មធ្យម។
លោក គុជ គឹមឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានសំណូមពរឲ្យក្រសួង អប់រំ យុវជន និង កីឡា ក្រសួងវប្បធម៌វិចិត្រសិល្បៈ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតជួយរៀបចំជាបទបញ្ជាប្រកួតមួយឲ្យមានការឯកភាពគ្នាទូទាំងប្រទេស ព្រោះសព្វថ្ងៃនេះការលេង គឺលេងទៅតាមការកំណត់របស់តំបន់នីមួយៗ។
លោក សុខ សប្បាយណា មានប្រសាសន៍ថា នៅស៊ីហ្គេមឆ្នាំ២០២៣ នឹងមានការសំដែងកីឡាអុកចត្រង្គកម្ពុជានៅក្នុងព្រឹត្តិការណ៍ថ្នាក់តំបន់នោះ។ ចំពោះសំណូមរបស់ប្រធានសហព័ន្ធអុកនោះលោកអនុរដ្ឋលេខាធិការអះអាងថា នឹងយកទៅជម្រាបជូនដល់លោករដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និង កីឡា៕
Source: Kampuchea Thmey Daily
0 Comments