តាកែវ ៖ ជនជាតិចិនប្រុស ស្រី២នាក់ ត្រូវបានម៉ូតូបុកបណ្តាលឲ្យរងរបួសធ្ងន់ខណៈដែលដើរឆ្លងផ្លូវមិនប្រយ័ត្ន។ ករណីម៉ូតូបុកអ្នកថ្មើរជើងនេះបានកើតឡើងកាលពីព្រលប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៩និង៣០នាទី នៅលើផ្លូវជាតិលេខ២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៧៩-៨០ ស្ថិតក្នុងភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។
ប៉ូលីសក្រុងដូនកែវបានប្រាប់ថា ជនរងគ្រោះទី ១មានឈ្មោះ លី ប៉សុង ភេទប្រុស អាយុ៤៨ឆ្នាំ និងទី២ឈ្មោះស៊ី ឈីងអ៊ីន ភេទស្រី អាយុ៤៧ ឆ្នាំ ទាំងពីរនាក់ស្នាក់នៅភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវខេត្តតាកែវនិងជាបុគ្គលិកក្រុមហ៊ុនរោងចក្រកាត់ដេរស្បែកជើង។ ចំណែកសាក្សីនៅក្បែរកន្លែងកើតហេតុបានឱ្យដឹងដែរថា មុនពេលកើតហេតុពួកគាត់បានឃើញជនរងគ្រោះទាំង ២នាក់ធ្វើដំណើរពីត្បូងទៅជើងដោយថ្មើរជើងលុះដល់ផ្លូវបត់ចូលទៅផ្ទះរបស់ពួកគាត់ក៏ដើរឆ្លងផ្លូវមិនបានមើលឆ្វេងឆ្នាំគាប់ជួនពេលនោះមានម៉ូតូមួយគ្រឿងមិនស្គាល់អត្តសញ្ញាណបានបើកមកបុកពេញទំហឹងបណ្ដាលឲ្យពួកគាត់រងរបួសធ្ងន់តែម្តងនិងបានជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាក យ៉ាម៉ាហា FZ ពាក់ស្លាកលេខ ភ្នំពេញ 1CP 3707 បើកបរដោយឈ្មោះឈឹន ដេត ប្រុស ២២ឆ្នាំ រស់នៅភូមិរលួស ឃុំអង្កាញ់ ស្រុកទ្រាំងខេត្តតាកែវបណ្ដាលឲ្យរងរបួសធ្ងន់ផងដែរ។ ក្រោយបង្កឲ្យមានអ្នករងរបួសធ្ងន់ស្រាល៣នាក់រួចមកម៉ូតូបង្កមិនបានឈប់នោះទេក៏បង្កើនល្បឿនរត់គេចខ្លួនបាត់។
បច្ចុប្បន្នជនរងគ្រោះទាំងបីនាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវដោយឡែកម៉ូតូដែលរងគ្រោះដែរនោះត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងដូនកែវដើម្បីស្រាវជ្រាវបន្តតាមនីតិវិធីនៅពេលក្រោយ៕
Source: Kampuchea Thmey Daily
0 Comments