Ad Code

ចាន់ ប៊ុន​ហឿន ឈ្នះ ​នុត ករ​. កេសា​នុ​ន ទឹក​៣ ខណៈ ​អ៊ូច ធា​រិ​ទ្ធ ស្មើ ឃុ​ម​ ពី​ជិត



អ្នក​ប្រដាល់ ​ចាន់ ប៊ុន​ហឿន ក្លិប​និរោធ​មានជ័យ បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​នុត ករ​.​កេសា​នុ​ន (Nuth Kor. Kesanon) ក្នុង​ទឹក​ទី​៣ ហើយ​អ៊ូច ធា​រិ​ទ្ធ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ បាន​វាយ​ស្មើ​ពិន្ទុ​ជាមួយ អ្នក​ប្រដាល់​ថៃ ឃុ​ម​ពី​ជិត ប៉ា​យ៉ាក​ណុង​ហ៊ី​ន (Khumpichit Payaknonghin) ដោយ​ពិន្ទុ ក្នុង​ការជួប​ប្រកួត​ជម្រុះ​ជុំ​ទី​៤ ដណ្ដើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ​រដូវ​កាល​ថ្មី​ ទម្ងន់​៦០​គីឡូក្រាម នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ កាលពី​យប់​ថ្ងៃអាទិត្យ ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​​២០១៨។

ចាន់ ប៊ុន​ហឿន បាន​ផ្ដួល​ឲ្យ ​នុត ករ​.​កេសា​នុ​ន សន្លប់​នៅក្នុង​ទឹក​ទី​៣ ដោយសារ​អុក​ជង្គង់​ចូល​ចុង​ដង្ហើម​របស់​ នុត ករ​.​កេសា​នុ​ន បណ្ដាល​ឲ្យ​អ្នក​ប្រដាល់​ថៃ​រូប​នេះ ដួល​សន្លប់​លែង​ក្រោក បើទោះ​បីជា​អាជ្ញាកណ្ដាល​រាប់​ដល់​ដប់​ហើយ​ក្តី។

នុត ករ​.​កេសា​នុ​ន នៅក្នុង​ទឹក​ទី​១​ និង​ទឹក​ទី​២ គេ​ក៏ត្រូវ​ ចាន់ ប៊ុន​ហឿន វាយ​សន្ធាប់​ដោយ​កណ្ដាប់ដៃ ទាត់ និង​កែង សឹងតែ​គាំង​ម្តងៗ​ទៅ​ហើយ តែ​អ្នក​ប្រដាល់​ថៃ​រូបនេះ​គេ​រឹងមាំ តស៊ូ​បន្ត​ការប្រកួត​មក​ដល់​ទឹក​ទី​៤​បាន​ទៀត ប៉ុន្តែ​ នុត ករ​.​កេសា​នុ​ន ចៀស​មិន​ផុត​ពី​សន្លប់​ដោយ​ជង្គង់​របស់​ ចាន់ ប៊ុន​ហឿន ដដែល។

អ្នក​ប្រដាល់​ថៃ​នុត ករ​.​កេសា​នុ​ន ចាញ់​ក្នុង​ការប្រកួត​ជុំ​ទី​៤​នេះ គឺ​ត្រូវ​ចប់​ធ្លាក់​ពី​ការប្រកួត​នេះហើយ ព្រោះ​នុត ករ​. ក្នុង​៤​ប្រកួត​គេ​វាយ​ឈ្នះ​តែ​១ ប្រកួត​ប៉ុណ្ណោះ ឯ​៣​ប្រកួត​ទៀត​គឺ​ចាញ់​ទាំងអស់។​

ចំណែក ចាន់ ប៊ុន​ហឿន​វិញ ទោះជា​គេ​ឈ្នះ ​ឬ​ចាញ់​ការប្រកួត​ជុំ​ចុង​ក្រោយនេះ​ក្ដី ក៏​គេ​នៅតែ​បាន​ឡើង​ទៅ​ប្រកួត​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដែរ តែ​ជាក់ស្ដែង ​គឺ​គេ​ឈ្នះ​ទៀត​ដែល​ធ្វើ​ឲ្យ​៤ ប្រកួត គេ​ឈ្នះ​ទាំង​៤​ប្រកួត។ ​ប៉ុន្តែ​ ចាន់ ប៊ុន​ហឿន ថិ​ត​ក្នុង​លំដាប់​លេខ​២​ប៉ុណ្ណោះ ឯ​លេខ​១ នោះ គឺជា​ ឡៅ ចិ​ត្រា ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១។​

ចំពោះ​អ្នក​ប្រដាល់ ​អ៊ូច ធា​រិ​ទ្ធ វិញ គេ​ប្រកួត​ស្មើ​ពិន្ទុ​មួយ​អ្នក​ប្រដាល់​ថៃ ឃុ​ម​ពី​ជិត ប៉ា យ៉ាក​ណុង​ហ៊ី​ន បន្ទាប់ពី​វាយ​គ្នា​៥​ទឹក​ពេញ​នោះ។

យ៉ាងណា ​អ៊ូច ធា​រិ​ទ្ធ នេះ គេ​គ្រាន់តែ​ឡើង​ប្រកួត​ជំនួស ​រិ​ទ្ធ ភូ​លូ មិត្ត​រួម​ក្លិប​របស់គេ​ប៉ុណ្ណោះ ដោយ​សារ ​រិ​ទ្ធ ភូ​លូ បាន​បោះបង់​ការប្រកួត​តាំងពី​ជុំ​ទី​៣​មកម្ល៉េះ។ ដូច្នេះ ឃុ​ម​ ពី​ជិត គេ​បានឈ្នះ​ដោយ​ស្វ័យ​ប្រវត្តិ​ហើយ​ក្នុង​ព្រឹត្តិការណ៍​ជម្រុះ​ខ្សែក្រវាត់​នេះ។​
​ជាការ​ស្មើ ​លើក​ទី​២​ហើយ សម្រាប់​ការប្រកួត​រវាង ​អ៊ូច ធា​រិ​ទ្ធ និង ឃុ​ម ​ពី​ជិត នេះ ​ព្រោះ​ក្នុងការ​ជួប​គ្នា​កន្លងមក​នោះ ក៏​លទ្ធផល​ស្មើគ្នា​ដែរ។
​ ​
ចំពោះ​ការប្រកួត​ដណ្ដើម​ប្រាក់​លាន​បាយ័ន​ទម្ងន់​៥៧​គីឡូក្រាម រវាង​អ្នក​ប្រដាល់​រួម​ជាតិ​ កាលពី​ល្ងាច​ថ្ងៃទី​១៧​វិច្ឆិកា នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ​នេះដែរ អេ រដ្ឋា អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា បាន​ក្លាយ​ជា​ម្ចាស់​ប្រាក់​លាន​នេះ បន្ទាប់ពី​គេ​បាន​យកឈ្នះ​ សៀវ ង៉ុ​យ អ្នក​ប្រដាល់​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ ដោយ​ពិន្ទុ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នោះ។​

អេ រដ្ឋា ក្នុងការ​ប្រកួត​ជម្រុះ គេ​បាន​វាយ​ឈ្នះ​ ស៊ឹម ប៊ុនឆៃ អ្នក​ប្រដាល់​ក្លិប​ព្រៃទទឹង​ ខេត្ត​បាត់ដំបង ដោយ​ពិន្ទុ។ រីឯ សៀវ ង៉ុ​យ ក្នុង​ជម្រុះ​គេ​វាយ​ឈ្នះ​ ឯម សុធី អ្នក​ប្រដាល់​ក្លិប​ថ្មគោល​ពោធិ៍​សែន​ជ័យ​ដោយ​ពិន្ទុ។​

សៀវ ង៉ុ​យ ឡើងមក​ជួប អេ រដ្ឋា ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ គេ​បាន​ប្រកួត​ចាញ់​ អេ រដ្ឋា ដោយ​ពិន្ទុ ដែល​ធ្វើ​ឲ្យ ​អេ រដ្ឋា ក្លាយជា​ម្ចាស់​ពានរង្វាន់​ប្រាក់​លាន​បាយ័ន ទម្ងន់​៥៧​គីឡូក្រាម។ រីឯ គង់ សំបូរ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​ប្រយុទ្ធ​ខេត្ត​សៀមរាប បាន​ផ្ដួល​ សោម វិឆ័យ អ្នក​ប្រដាល់​ក្លិប​វិបុល​ដា​រិ​ទ្ធ​ពោធិ​សែន​ជ័យ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៥៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu