Ad Code

ទីតាំង​ស្តុក​សាប៊ូ​ ដែល​នាំ​ចូល​ និង​ចែកចាយ​ខុសច្បាប់​ចំនួន​ពីរ​ នៅ​ខេត្ត​តាកែវ​ ត្រូវ​បាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ចុះ​បង្ក្រាប



តាកែវ​ ៖​ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ នៃ​ស្នងការ​នគរបាល​ខេត្ត​តាកែវ​ បាន​ចុះ​បង្ក្រាប​ទីតាំង​ដែល​ស្តុក​សាប៊ូ​នាំ​ចូល​ និង​ចែកចាយ​ខុសច្បាប់​ពី​ប្រទេស​វៀតណាម​ តាម​ពាក្យបណ្ដឹង​របស់​ម្ចាស់​អាជ្ញាប័ណ្ណ​សុំ​សិទ្ធិ​នាំចូល​ផ្ដាច់​មុខ​នៅ​កម្ពុជា បាន​ជាង​១៥០​កេះ​ធំ លើ​ពីរ​ទីតាំង នៅ​ក្នុង​ក្រុង​ដូន​កែវ និង​ស្រុក​ត្រាំកក់ កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨ កន្លងទៅនេះ​។

ហេតុការណ៍​ចុះ​បង្ក្រាប​នៅ​តាម​ទីតាំង​ស្តុក​ទំនិញ​នេះ​ដែរ​ គឺមាន​ការចូលរួម សម្របសម្រួល​នីតិវិធី​ពី​លោក ឃុន ភឿន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​កែវ និង​លោក​ឧត្ដមសេនីយ៍​ត្រី វង្ស ហុក​លី ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​តាកែវ រួម​ជាមួយនឹង​កងកម្លាំង និង​បុគ្គលិក​របស់​ក្រុមហ៊ុន​ប៊ី ឌី ស៊ី លីមីត​ធី​ត ដែល​ជា​ដើមបណ្ដឹង​ផង​ដែរ​។​

លោក វង្ស ហុក​លី ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​ឈាន​ដល់​ការចូលទៅ​ឆែកឆេរ​នៅ​ទីតាំង​ស្តុក​ទំនិញ​ដែល​នាំ​ចូល​ និង​ចែកចាយ​ខុសច្បាប់​ខាងលើ​ ជា​ប្រភេទ​សាប៊ូ​យីហោ​ម៉ាក LIX​នេះ ​គឺ​ធ្វើ​ទៅតាម​ពាក្យបណ្ដឹង​របស់​ក្រុមហ៊ុន ប៊ី ឌី ស៊ី លីមីត​ធី​ត ដែល​បាន​ដាក់​ពាក្យបណ្ដឹង​មក​សមត្ថកិច្ច ប្ដឹង​លើ​ជន​មិន​ស្គាល់​ឈ្មោះ ដែល​នាំចូល​ស្តុក​ និង​ចែកចាយ​នូវ​ផលិតផល​សាប៊ូម្សៅ និង​ទឹក​លាន​ចាន​ម៉ាក LIX មិន​ស្របច្បាប់​ហើយ​មិន​មាន​ការអនុញ្ញាត​ពី​ក្រុម​ហ៊ុន​ត្រឹមត្រូវ​។

បន្ទាប់ពី​ទទួលបាន​ពាក្យបណ្ដឹង​នេះ មន្ត្រី​ជំនាញ​របស់​លោក​បា​ន​សហការ​ជាមួយនឹង​ក្រុមហ៊ុន​ធ្វើការ​ស្រាវជ្រាវ​ជាង​១​សប្ដាហ៍ ​ដោយបាន​ធ្វើការ​ស៊ើបអង្កេត​នៅតាម​ទីផ្សារ​មួយចំនួន ដើម្បី​សួរនាំ​ពី​ផលិតផល​សាប៊ូ​នេះ ​រកមើល​ទីតាំង​ស្តុក​ធំៗ ហើយ​មកដល់​រសៀល​ទី​១៦​វិច្ឆិកា​នេះ​ គឺ​បាន​ចុះ​ឆែកឆេរ​លើ​ទីតាំង​ចំនួន​២ រួមមាន ​ទី​០១​-ម្ចាស់​ឈ្មោះ សុខ យាំង ទីតាំង​ស្តុក​ទំនិញ នៅ​ខាងកើត​ផ្សារ​ធំ​តាកែវ ភូមិ​ថ្នល់​បែក សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ និង​ធ្វើ​ការ​ដកហូត ប្រភេទ​សាប៊ូ​ទឹក​លាង​ចាន ចំនួន​១១៤​កេះ ប្រភេទ​សាប៊ូម្សៅ ចំនួន​៨​កេះ និង​ទី​០២-ម្ចាស់​ឈ្មោះ ហាម សុភា ទីតាំង​ ស្ថិត​នៅ​ខាងជើង​ផ្សារ​អង្គតាសោម ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ធ្វើការ​ដកហូត ប្រភេទ​សាប៊ូ​ទឹក​លាងចាន​ចំនួន​២៩​កេះ ប្រភេទ​សាប៊ូម្សៅ​ចំនួន​៣​កេះ ដោយ​ក្នុង​ទីតាំង​ទាំងពីរ​ខាងលើ គឺ​បាន​រក​ឃើញ​សាប៊ូ ម៉ាក LIX ដែល​មាន​ឈ្មួញ​ខិលខូច​លួច​នាំចូល​ និង​ចែកចាយ​ខុសច្បាប់​រំលោភ​លើ​កម្មសិទ្ធិបញ្ញា​របស់​ក្រុមហ៊ុន​នាំចូល​ផ្តាច់​មុខ ចំនួន​ជាង​១៥០​កេះ​ធំ ដែល​ជា​ប្រភេទ​សាប៊ូ​លាង​ចាន និង​សាប៊ូ​បោក​គក់​ខោអាវ។

លោក​ស្នងការ​រង​បាន​បន្ត​ថា ក្រោយ​ចុះ​ឆែកឆេរ​លើ​ទីតាំង​ខាងលើ​រួច ​លោក​ព្រះរាជអាជ្ញា​រង បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ធ្វើ​កំណត់ហេតុ​ដកហូត​នៅ​ប្រភេទ​ម្សៅ​សាប៊ូ និង​ប្រភេទ​សាប៊ូទឹក ដែល​សម្រាប់​យកទៅ​បោក​គក់​ខោអាវ និង​លាងចាន​នោះ យក​មក​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​សិន ​រង់ចាំ​បន្ត​នីតិវិធី​នៅពេល​ក្រោយ​ជា​បន្តទៀត​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu