Ad Code

លោក​ហ៊ុន ម៉ា​ណែ​ត ចូលរួម​កសាង​សមិទ្ធផល​នានា​ នៅ​លើ​ទឹកដី​ស្រុក​ខ្សាច់កណ្ដាល ​តាមរយៈ​ការ​ប្រគេន​សម្ភារៈ​សំណង់ និង​សម្ភារៈ​ការិយាល័យ​ផ្សេង​ទៀត



កណ្ដាល​ ៖ ​ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍ​វិស័យ​ពុទ្ធចក្រ គឺ​ផ្នែក​ព្រះពុទ្ធសាសនា​ ដែល​ជា​សាសនា​របស់​រដ្ឋ និង​មើល​ឃើញ​ពី​តម្រូវ​ការចាំបាច់ ក្នុង​ការ​សាងសង់​សាលា​ពុទ្ធិកបឋមសិក្សា​ក្នុង​វត្ត​កោះ​ចូរ៉ាម​ ដែល​កំពុង​ដំណើរការ​សាងសង់​ផង​នោះ លោក​ហ៊ុន ម៉ា​ណែ​ត ក្នុងនាម សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​បាន​ប្រគេន​សម្ភារៈ​សំណង់ និង​សម្ភារៈ​ការិយាល័យ​ផ្សេងទៀត ​តប​តាម​ការ​បិណ្ឌបាត​របស់​ព្រះ​សង្ឃ​និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត។

ជាមួយគ្នា​នោះ​ លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​ប្រកាស​ផ្ដល់​ជូន​ម៉ាស៊ីន​copy ​ចំនួន​០១​គ្រឿង​ តាម​ការ​ស្នើសុំ​របស់​សាលាឃុំ​កោះ​ចូ​រ៉ា​ម កាលពី​ថ្ងៃទី​១០ ខែវិច្ឆិការ​ឆ្នាំ​២០១៨ ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នានា និង​បញ្ចុះ​បឋមសិលា​ សាងសង់​សាលា​ពុទ្ធិកបឋមសិក្សា​ក្នុង​វត្ត​កោះ​ចូ​រ៉ា​ម​កន្លងទៅ​។

ជំនួសមុខ​ឲ្យ​រដ្ឋបាល​ឃុំ និង​ប្រជាពលរដ្ឋ​ឃុំ​កោះ​ចូ​រ៉ា​ម​ លោក​ ឈុំ ចាន់ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ​ហ៊ុន សែន ព្រម​ទាំង​ លោក​ហ៊ុន ម៉ា​ណែ​ត ដែល​បាន​យកចិត្តទុកដាក់​កសាង​សមិទ្ធផល​ជាច្រើន​នៅ​ក្នុង​ឃុំ​កោះ​ចូ​រ៉ា​ម និង​ស្រុក​ក​ខ្សាច់កណ្ដាល​ទាំងមូល និង គិតគូរ​ពី​សុខទុក្ខ​ចំពោះ​ការងារ​របស់​មន្ត្រីរាជការ។

លោក​ក៏បាន​សម្ដែង​នូវ​អារម្មណ៍​សប្បាយរីករាយ ដែល​អំណោយ​ដ៏​ថ្លៃថ្លា​នេះ​ គឺ​ជា​ប្រយោជន៍​រួម​ក្នុង​ការ​ប្រតិបត្តិ​សាសនា ធ្វើបុណ្យ​កសាង​អំពើ​ជា​កុសល និង​ជា​កេរមរតក​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ។ ម្យ៉ាងវិញទៀត​ សម្ភារៈ​រដ្ឋបាល​នេះ ​នឹង​ជួយ​សម្រួល​ក្នុង​កិច្ច​ការងារ​ទូទៅ ក៏ដូចជា​សម្រួល​ក្នុង​ការ​ផ្ដល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ផង​ដែរ។

សូម​បញ្ជាក់​ថា ស៊ីម៉ងត៍​៦០​តោន​ ដែក​៥​តោន ឥដ្ឋ​៩​ម៉ឺន​ដុំ ម៉ាស៊ីន​copy​ ចំនួន​០១​គ្រឿង ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ​លោក ហ៊ុន ម៉ា​ណែ​ត ត្រូវ​បាន​ក្រុមការងារ​យក​មក​ប្រគេន​ដល់​វត្ត​កោះ​ចូ​រ៉ា​ម និង​សាលាឃុំ​កោះ​ចូ​រ៉ា​ម ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨ ដែល​ពិធី​នេះ​បាន​ធ្វើឡើង​នៅ​ក្នុង​វត្ត​កោះ​ចូ​រ៉ា​ម ដែល​មាន​ការ​ចូលរួម​ពី​សំណាក់ ​លោក នួន ចន្ទ​រិ​ទ្ធ ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ឃុំ​កោះ​ចូ​រ៉ា​ម និង​សហការី ក្រុម​ការងារ​លោក ហ៊ុន ម៉ា​ណែ​ត ព្រះ​គ្រូ​ចៅអធិការ និង​អាជ្ញាធរ​ឃុំ​កោះ​ចូ​រ៉ា​ម​ផង​ដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu