ព្រះសីហនុ ៖ ជនជាប់សង្ស័យចំនួន០៣នាក់ជាកម្មករ បម្រើការងារលើទូកអូប័រ របស់ក្រុមហ៊ុន ចិន ដែលបានជាប់ពាក់ព័ន្ធ វាយសម្លាប់ ជនរងគ្រោះម្នាក់ជាកម្មករទូកអូប័រដូចគ្នាកាលពីយប់ថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០១៨ នោះ ត្រូវបានសមត្ថកិច្ចប៉ូលិស ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្ដន្ទាទោស តាម ផ្លូវច្បាប់នា រសៀលថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោកឧត្តមសេនីយ៍ត្រីកុល ផាលី ស្នងការរងនគរបាលខេត្តព្រះសីហនុ ទទួលផែន ព្រហ្មទណ្ឌបានឲ្យដឹងថា ជនជាប់សង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធអំពើមនុស្សឃាតខាង លើ នេះ មានឈ្មោះ ទី១.ឈ្មោះ ឆាយ ស្រ៊ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកូនដៃទូកអូប័រ ក្រុមហ៊ុន ស៊ីស៊ីប៊្លូស៊ី ស្នាក់នៅលើអូប័រ។ ទី២.ឈ្មោះ ឆាយ កុងស៊ុន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកូនដៃ ទូកអូប័រស៊ីស៊ីប៊្លូស៊ី ស្នាក់នៅលើអូប័រ។ ទី៣.ឈ្មោះ ប៊ុន ដារា ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរ កូនដៃទូកអូប័រ ស៊ីស៊ីប៊្លូស៊ី ស្នាក់នៅលើអូប័រ។ ចំណែកជនរងគ្រោះ មាន ឈ្មោះស៊ុន វិច្ឆិកា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ កូនដៃទូកអូប័រក្រុមហ៊ុនចិនដូចគ្នា ស្នាក់នៅលើអូប័រ ស្រុកកំណើត នៅភូមិ ទួលទទឹង ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ។
លោកឧត្តមសេនីយ៍ត្រីកុល ផាលី ស្នងការរងនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ ថា ជនជាប់សង្ស័យទាំង០៣នាក់ខាងលើនេះ រួមនឹងជនរងគ្រោះ កាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលា ម៉ោង២៣ និង ០០នាទី បានអង្គុយផឹកស៊ីជាមួយគ្នា នៅចិញ្ចើមផ្លូវទំនប់ កោះព្រាប (ក្បែរកន្លែងនគរបាល ព្រំដែនទឹកឈរជើង )ស្ថិតក្នុងភូមិលេខ ០៣ សង្កាត់ លេខ ០៣ ក្រុងព្រះសីហនុ។
ក្រោយមកជនរងគ្រោះក៏កើតមាន ទំនាស់ពាក្យសម្តី យ៉ាងខ្លាំង ជាមួយ នឹង ក្រុមជនសង្ស័យ រហូតឈានដល់ ការវាយតបគ្នា ផងដែរ ហើយជនរងគ្រោះក្នុងពេល នោះ ក៏បានរអិលធ្លាក់ពីលើផ្លូវ ចុះ ទៅ ក្រោយបោកក្បាលទៅនឹង ដុំថ្ម បណ្តាលឲ្យ បាក់កស្លាប់ភ្លាមៗ ក្នុងពេលនោះតែម្តងទៅ។ ចំណែក ជនសង្ស័យ ចំនួន០៣នាក់ ភ្លាមៗ ត្រូវបាន សមត្ថកិច្ច ប៉ូលិស ចាប់ខ្លួនផងដែរ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ទាំង ០៣នាក់ បានធ្វើការបញ្ជាក់ថា ពួកគេគ្មានបំណងវាយសម្លាប់ជនរងគ្រោះទេ ប៉ុន្តែជាអកុសល ក្នុងពេល ប្រតាយប្រតប់នោះ ជនរងគ្រោះបានរអិលជើង ធ្លាក់ពីលើទំនប់បោក ក្បាលនឹងផ្ទាំងថ្មស្លាប់តែម្តង៕
Source: Kampuchea Thmey Daily
0 Comments