អ្នកប្រដាល់ ធន អៀងឡៃ សមាគមប្រដាល់ក្រសួងការពារជាតិ និង សេក គឹមសាន្ត អ្នកប្រដាល់ក្លិបអង្គរមានជ័យ ខេត្តសៀមរាប ដឹកដៃគ្នាឡើងជុំទី២ នៃព្រឹត្តិការណ៍TV5 Boxing Knock-Out Series by K-Cement ទម្ងន់៥៧គីឡូក្រាម បន្ទាប់ពីយកឈ្នះគូប្រកួតរបស់ខ្លួននៅវគ្គជម្រុះជុំទី១ដូចគ្នានៅយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨នោះ។
សេក គឹមសាន្ត ប្រកួតឈ្នះ កំពែង ខ្មៅ សមាគមប្រដាល់ក្រសួងកសិកម្មដោយពិន្ទុ។ តាមពិតការប្រកួតនេះ ប្រសិនបើ គឹមសាន្ដ ចាញ់ ក៏គេបានទទួលជ័យជំនះដែរ ព្រោះ កំពែង ខ្មៅ រក្សាទម្ងន់ខ្លួនឯងមិនបាន ទើបគេឲ្យចាញ់ដោយស្វ័យប្រវត្តិ តែម្ដង។ តែដើម្បីកុំឲ្យខូចកម្មវិធីនោះ ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះ ត្រូវបានចាត់ទុកជាការប្រកួតជាមិត្តភាព តែពួកគេត្រូវប្រកួតឲ្យអស់ពីសមត្ថភាព តែលទ្ធផល នៃការប្រកួត គឺ គឹមសាន្ដ ជាអ្នកឈ្នះ ព្រោះ កំពែង ខ្មៅ ជាអ្នកមានកំហុសដោយសារតែរក្សាទម្ងន់ខ្លួនមិនបាន។
សេក គឹមសាន្ដ ដែលខំស្កាត់មកពីខេត្តសៀមរាបនោះ មិនខុសបំណងឡើយ ព្រោះគេដណ្ដើមបានកៅអីសម្រាប់ជុំទី២ ឯ កំពែង ខ្មៅ ហាលអាវត្រឹមនេះ។
ចំពោះ ធន អៀងឡៃ វិញ ប្រកួតឈ្នះអ្នកប្រដាល់ អេ រ៉ាវ៉ាន់ចាន់ រាជក្លិបកុសលកីឡាដោយពិន្ទុដាច់តែម្ដង។ ការប្រកួតដែលមាន៣ទឹកនោះ ចៅក្រមទាំង៥ សុទ្ធតែផ្ដល់ពិន្ទុឲ្យ ធន អៀងឡៃ ឈ្នះគ្រប់ៗគ្នា។
ធន អៀងឡៃ ដណ្ដើមបានកៅអីសម្រាប់ឡើងទៅប្រកួតជម្រុះនៅជុំទី២ទៀត ឯ អេ រ៉ាវ៉ាន់ចាន់រាជខ្ទាតចេញពីការប្រកួតត្រឹមជុំទី១នេះ ហើយ។
សូមបញ្ជាក់ថា ក្នុងចំណោមអ្នកប្រដាល់៣២រូប ដែលចូលរួមប្រកួតជម្រុះជុំទី១នោះ មានអ្នកប្រដាល់ចំនួន៦រូបហើយដែលហាលអាវ ហើយក៏មានអ្នកប្រដាល់៦រូបដែរ ដែលបានកក់កៅអីសម្រាប់ឡើងប្រកួតជម្រុះនៅជុំទី២ បន្តទៀតដែរ។
ចំពោះការប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិ រវាងអ្នកប្រដាល់កម្ពុជា និងអ្នកប្រដាល់ថៃវិញនោះ សុខ សាវិន អ្នកប្រដាល់ក្លិបឆ្មាសសែនសុខគុនខ្មែរ បានប្រើកណ្ដាប់ដៃផ្ដួលអ្នកប្រដាល់ថៃ យ៉ត ធួនថុង(Yorth Thournthong) ឲ្យសន្លប់នៅទឹកទី២។
ដោយឡែក ការប្រកួតក្រៅពានរង្វាន់រវាងអ្នកប្រដាល់រួមជាតិវិញនោះ អ៊ុំ កំសត់ ក្លិបព្រៃទទឹងកីឡាខេត្តបាត់ដំបងផ្ដួលអ្នកប្រដាល់ ធឹម ទាន់ ក្លិបរាជសីហ៍ ខេត្តរតនគីរីឲ្យខូចជើងនៅទឹកទី២៕
Source: Kampuchea Thmey Daily
0 Comments