Ad Code

សម្ដេច​តេ​ជោ ហ៊ុន សែន បន្ត​ផ្ដល់​ជំនួយ​ឧបត្ថម្ភ​ដល់​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ដើម្បី​បន្ត​ការងារ​មនុស្សធម៌



​កំពង់ធំ ​៖ ក្រោម​ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​ពី​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​គិតគូរ​ពី​ជីវភាព​រស់នៅ​របស់​អតីត​យុទ្ធជន និង​អតីត​យុទ្ធជន​ពលី ដែល​កន្លងមក​ធ្លាប់​បូជា សាច់​ស្រស់ ​ឈាម​ស្រស់ ដើម្បី​បុព្វហេតុ​ជាតិ​ មាតុភូមិ និង​បាន​ផ្តល់​នូវ​ភាព​កក់ក្តៅ​ដល់​អតីត​យុទ្ធជន​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​អតីត​យុទ្ធជន​ដែល​កំពុងតែ​រស់នៅ​ក្នុង​ទឹកដី​ខេត្ត​កំពង់ធំ។​

ជាក់ស្ដែង​ នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​សមាគម​អតីត​យុទ្ធជន បាន​មើលឃើញ​ពី​សកម្មភាព​របស់​សមាគម​អតីត​យុទ្ធជន​កម្ពុជា ខេត្ត​កំពង់ធំ មមាញឹក​ក្នុង​ការងារ​មនុស្សធម៌​ជួយ​ដល់​អតីត​យុទ្ធជន និង​ប្រជាពលរដ្ឋ ដែល​ជួប​ការ​លំបាក​នៅ​ក្នុង​ខេត្ត​កំពង់ធំ បាន​ផ្តល់ សម្ភារៈ និង​គ្រឿង​ឧបភោគ បរិភោគ ដល់​លោក​ឧត្ដមសេនីយ៍​ទោ សោម ស៊ុន មេបញ្ជាការ​រង យោធភូមិភាគ​ទី​៤ មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា ខេត្ត​កំពង់ធំ រួមជាមួយ​ថ្នាក់ដឹកនាំ​នៃ​បញ្ជាការដ្ឋាន តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ តាមរយៈ លោក​ឧត្ដមសេនីយ៍​ឯក បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អគ្គលេខាធិការ​រង​សមាគម​អតីត​យុទ្ធជន​កម្ពុជា ប្រគល់​ជូន​សមាគម​អតីត​យុទ្ធជន​កម្ពុជា ខេត្ត​កំពង់ធំ ដើម្បី​បន្ត​ធ្វើ​សកម្មភាព​មនុស្ស​ធម៌ ជួយ​ដល់​បងប្អូន​អតីត​យុទ្ធជន និង​ប្រជាពលរដ្ឋ ដែល​មាន​ជីវភាព​លំបាក​ខ្វះខាត​នៅ​ខេត្ត​កំពង់ធំ​បន្ត​ទៀត។​

អំណោយ​ដែល​ត្រូវ​ផ្តល់​ជូន​នៅពេលនេះ រួមមាន​ ៖ អង្ករចំនួន០៣តោន , មី​យើងចំនួន៣០០កេស , រទេះ​រុញ​សម្រាប់​ជនពិការ ចំនួន២០រទេះ និង​ឈើច្រត់​សម្រាប់​ជន​ពិការ​ចំនួន១០គូរ។​

លោក សោម ស៊ុន មេបញ្ជាការ​រង យោធភូមិភាគ​ទី​៤ មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា ខេត្ត បាន​បញ្ជាក់​ផងដែរ​ថា នេះ​ជា​លើក​ទី​៥​ហើយ​ ដែល​លោក ឧត្ដមសេនីយ៍​ឯក បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អគ្គលេខាធិការ​រង សមាគម​អតីត​យុទ្ធជន​កម្ពុជា បាន​ពាំនាំ​នូវ​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា មក​ផ្តល់​ជូន​ក្រុមការងារ​សមាគម​អតីត​យុទ្ធជន​កម្ពុជា ខេត្ត​កំពង់ធំ៕​


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu