បាត់ដំបង ៖ យុវជនចំនួន២នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈដែលពួកគេកំពុងបើកបរម៉ូតូ ហើយក៏បានជួបនឹងគ្រោះថ្នាក់ចរាចរណ៍ ជាមួយនឹងរថយន្តដឹកដំឡូង ដោយសារតែការបើកបរខ្វះការប្រុងប្រយ័ត្ គឺបើកបរដោយប្រើប្រាស់ល្បឿនលឿន និងផ្ទុកសារធាតុស្រវឹង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅត្រង់ចំណុចអូរវល្លិ៍ប្រេង ស្ឋិតក្នុងភូមិឫស្សីព្រះ ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង រវាងរថយន្ត (ដឹកដំឡូង) ពាក់ស្លាកលេខ កំពង់ចាម 3A 0610(អ្នកបើករថយន្តរត់គេចខ្លួន) ជាមួយនឹងម៉ូតូម៉ាកMSX ពណ៌ស (គ្មានស្លាកលេខ) បើកបរក្នុងទិសដៅច្រាស់គ្នា។
លោក ឆាង វណ្ណឆៃ អធិការនគរបាលស្រុកគស់ក្រឡ បាននិយាយថា ករណីនេះគឺបានបង្កឡើងដោយភាគីម៉ូតូ ដែលមានជិះគ្នា២នាក់ ដោយសារតែយុវជនដែលស្លាប់នេះ បានប្រើប្រាស់ល្បឿនលឿន និងផឹកស្រវឹងផង ទើបធ្វើឲ្យរេចង្កូតទៅបុកនឹងរថយន្តដឹកដំឡូងដែលកំពុងបើកបរមកពីមុខ បណ្តាលឲ្យមនុស្សស្លាប់ទាំង០២នាក់ រីឯម៉ូតូ ស្ទើរតែគ្មានសល់បំណែក ព្រោះត្រូវរថយន្តកិនពីលើ។
យុវជនទាំង០២នាក់នោះ មាន ឈ្មោះ ធៀម ពានី ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិឆាយបល័ង្គ ឃុំធិបតី ស្រុកគស់ក្រឡ (ស្លាប់នៅនឹងកន្លែងកើតហេតុ) និងឈ្មោះ រឿន រំដោះ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិឆាបល័ង្គ ឃុំធិបតី ស្រុកគាស់ក្រឡ(ស្លាប់នៅនឹងកន្លែងកើតហេតុ) ជនរងគ្រោះទាំង០២នាក់ ជាជាងជួសជុលម៉ូតូ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋានជាបណ្ដោះអាសន្ន ដោយឡែកសព ក៏ត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណីហើយ ចំណែកអ្នកបើកបររថយន្តក៏បានរត់គេចខ្លួនបាត់ស្រមោល មុនពេលសមត្ថកិច្ចចុះទៅដល់៕
Source: Kampuchea Thmey Daily
0 Comments