Ad Code

ចៅប្រុស ​វាយ​តា​ស្លាប់ ដោយ​ចោទ​ថា តា​ចេះ​ធ្វើអំពើ​អំព័ន្ធ​



​បាត់ដំបង ៖ យុវជន​ម្នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម គិតទុក​ជាមុន​ ត្រូវបាន​កម្លាំង​សមត្ថកិច្ច នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន នគរបាល​ស្រុក​សង្កែ តាម​ប្រមាញ់ និង​ឈានដល់​ការឃាត់ខ្លួន​ភ្លាមៗ ​ក្រោយពេល​កើតហេតុ​ផង​ដែរ បន្ទាប់ពី​យុវជន​រូបនេះ​ បានធ្វើ​សកម្មភាព​យក​ចបជីក​ដែក សំពង​ទៅលើ​តា​របស់​ខ្លួន បណ្តាល​ឲ្យ​ស្លាប់​រួចមក ។​

​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មាន​ករណី​ឃាតកម្ម​មួយ​បាន​កើត​ឡើង កាល​ពី​ថ្ងៃទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង១២និង៣០​នាទី ចំណុច​ក្រុម​២ ភូមិ​អន្លង់​វិល ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្ត​បាត់ដំបង ដែល​បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ ភឹម សុធា ហៅ​ក្រ​ត ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ/ឃុំ ខាងលើ។​

របាយការណ៍​បាន​បន្តថា នៅពេល​កើតហេតុ​នោះ យុវជន​ខាងលើ ដែល​ត្រូវជា​ចៅ បាន​យក​ចបជីក​ដង​ដែក​វាយ​ទៅលើ​ឈ្មោះ អ៊ឹម ឆើយ ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ មុខ​របរ​ជា​គ្រូ​ហោ រស់នៅ​ក្រុម​១ ភូមិ អន្លង់​វិល ឃុំ​អន្លង់​វិល ចំ​ពីក្រោយ​ជាច្រើន​ដង បណ្ដាល​ឲ្យ​ផុង​លលាដ៍​ក្បាល​ស្លាប់​តែម្ដង រួចហើយ​ជន​សង្ស័យ​បាន​រត់គេចខ្លួន​បាត់ស្រមោល។​

​បើ​តាម​មជ្ឈដ្ឋាន​មួយ​ចំនួន​បាន​និយាយ​ថា យុវជន​រូបនេះ​មិន​មាន​ជាប់​ពាក់ព័ន្ធ​សាច់ញាតិ​ជាមួយនឹង​ជនរងគ្រោះ​ឡើយ ហើយក៏​ជា​មនុស្ស​ដែល​ញៀន​ថ្នាំ​រហូត​បែក​ថ្នាំ​ផង​ដែរ ទើប​ក្លាយទៅជា​មនុស្ស​ប្រភេទ​នេះ។​

ក្រោយពេល​កើតហេតុ កម្លាំង​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន នគរបាល​ស្រុក​សង្កែ ដែល​ដឹកនាំ​ដោយ​ លោក​ឧត្ដមសេនីយ៍ ជេ​ត វណ្ណ​នី ស្នងការ​រង ទទួល​ផែន​យុត្តិធម៌ បាន​ចុះ​ឃាត់​ខ្លួន​ជនសង្ស័យ​បាន​នៅ​វេលា​ម៉ោង​០៣​និង​២០​នាទី​រសៀល ក្នុង​ថ្ងៃ​ដដែល ខណៈដែល​ជនសង្ស័យ​រូបនេះ​បាន​រត់​ទៅ​សំងំ​ក្នុង​ផ្ទះ​ពូ នៅ​ភូមិ​អន្លង់​វិល។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ដែលមាន​សភាព​បែក​ថ្នាំ បាន​និយាយ​ថា​ ការ​ធ្វើ​បែបនេះ​ដោយ​សារ​តែ​ខ្លួន​មានការ​ខឹង​ទៅ​នឹង​លោកតា ដែល​ហ៊ាន​ធ្វើអំពើ​ដាក់​មកលើ​ខ្លួន។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ រៀបចំ​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ហើយ ក្នុង​ការ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu