Ad Code

គ្រោះធម្មជាតិ ​បង្ក​ឲ្យ​ដាច់​ចរន្ត​អគ្គិសនី​នៅខេត្ត​សៀមរាប ​និង​ស្រុក​ព្រះនេត្រព្រះ រលំ​ផ្ទះ និង​ដើមឈើ​របួស​ពលរដ្ឋ​ម្នាក់​



បន្ទាយមានជ័យ ៖ បាតុភូត​ធម្មជាតិ ​បង្ក​ឲ្យ​បង្គោល​ភ្លើង​តង់ស្យុង​ខ្ពស់​ពី​ខេត្ត​បន្ទាយមានជ័យ​ ទៅ​ខេត្ត​សៀមរាប​ ដួល​ទ្រេត​ដាច់​ចរន្ត​អគ្គិសនី​ខេត្ត​សៀមរាប​ និង​រលំ​ដើមឈើ រលំ​ផ្ទះ​ពលរដ្ឋ​ជាច្រើន​ខ្នង​សង្កត់​ពលរដ្ឋ​ម្នាក់​របួសធ្ងន់ កាលពី​ម៉ោង​៤​និង​៤៥​នាទី នៅ​ភូមិ​-​ឃុំ​រហាល​ ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ។​

យោង​តាម​របាយការណ៍​ លោក ស៊ិន រ៉ា​ស៊ី មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ​ប្រាប់​អ្នក​សារព័ត៌មានឲ្យ​​ដឹង​ថា ខ្យល់​កន្ត្រាក់​នោះ ​បង្ក​ឲ្យ​ខូចខាត​ផ្ទះ​ពលរដ្ឋ​៤​ខ្នង ក្នុង​នោះ​ខូច​ធ្ងន់​២​ខ្នង និង​របួស​បុរស​ម្នាក់​ ឈ្មោះ​ យាំង ​សេត ភេទ​ប្រុស ​អាយុ៣៧​ឆ្នាំ ​រង​របួស​ស្រាល​។​

ជាមួយគ្នា​នោះ ក៏បង្ក​ឲ្យ​ទ្រេត​បង្គោល​បញ្ជូន​ចរន្ត​តង់ស្យុង​ខ្ពស់១១៥​គីឡូវ៉ុល តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ខាង​កើត​ស្ពាន​រហាល ចំនួន​១​ដើម បង្ក​ឲ្យ​កាត់ផ្ដាច់​ចរន្ត​អគ្គិសនី ​ស្រុក​ព្រះនេត្រព្រះ​១​កំណាត់​យប់​ និង​ដើម​ឈើ ស្លាក​យីហោ​មួយចំនួន​ក៏​ត្រូវ​ដួលរលំ​ផងដែរ។​

ជុំវិញ​ហេតុការណ៍​នេះ​ លោក​វរសេនីយ៍ មាស រឹទ្ធី អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ​បាន​ដឹកនាំ​កម្លាំង​នគរបាល​ចុះជួយ​ជួសជុល​ផ្ទះ​ជូន​ពលរដ្ឋ​រងគ្រោះ​នា​ព្រឹក​ថ្ងៃ​ទី​១៩​វិច្ឆិកា​នេះ ពលរដ្ឋ​រងគ្រោះ​របួស​ស្រាល បាន​ទទួល​ការសង្គ្រោះ ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ ស្រុក​ព្រះនេត្រព្រះ ហើយ​ជិត​ធូរស្បើយ​ហើយ​។​

លោក ​មាស រិទ្ធី បន្ត​ថា​ ចរន្ត​អគ្គិសនី​ដែល​កាត់ផ្ដាច់​នៅ​១​ចំហៀង​ ស្រុក​ព្រះនេត្រព្រះ​ និង​១​ខេត្ត​សៀមរាប ១​កំណាត់​យប់​នោះ ត្រូវ​បាន​ក្រុមការងារ​ នៃ​ក្រុមហ៊ុន​ផៅ​វ័រ ត្រែ​ន​មី​សិន​ឡាញ​ និង​អគ្គិសនី​កម្ពុជា​អនុ​ស្ថានីយ​ខេត្ត​បន្ទាយមានជ័យ​ ជួសជុល​តម្រង់​បង្គោល​ និង​ដោះស្រាយ​ទាំង​យប់ ហើយ​ភ្ជាប់​ចរន្ត​អគ្គិសនី​បាន​ប្រើប្រាស់​វិញ​នៅ​ជាង​ម៉ោង​១១​យប់ នា​ថ្ងៃ​​​ដដែល​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu