Ad Code

នគរបាល​ខេត្តសៀមរាប​បាន​ឃាត់ខ្លួន​ក្រុមចោរឆក់​កាបូប​ភ្ញៀវ​ទេសចរណ៍ បាន​ចំនួន​៣​នាក់



សៀមរាប​ ៖​ កម្លាំង​នគរបាល​ខេត្តសៀមរាប​បាន​សហការ​គ្នា​ធ្វើការ ដេញ​តាម​ឃាត់ខ្លួន​ក្រុមចោរ​ឆក់​កាបូប​ចំនួន​៣​នាក់ ខណៈ​ពួកគេ​ជិះ​ម៉ូតូ​ទៅ​ឆក់​កាបូប​ភ្ញៀវ​ទេសចរណ៍ ដែល​កំពុង​ជិះ​កង់​ដើរ​កម្សាន្ត​។​ហេតុការណ៍​ឃាត់ខ្លួន​នេះ​ធ្វើឡើង​នៅ​វេលា​ម៉ោង​១៧​និង​១៥​នាទី​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ត្រង់​ចំណុច​រង្វង់​មូល​វត្ត​ដំណាក់ ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង ច​ន្តា​រ៉េត ស្នងការ​រង ទទួល​ផែន​កណ្តាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា ដោយ​ទទួលបាន​បណ្តឹង ពី​ជនរងគ្រោះ ភ្លាមៗ​នោះ​កម្លាំង​នគរបាល​កម្លាំង​ការិយាល័យ​អន្តរាគមន៍ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បានធ្វើការ​តាម​បង្ក្រាប​ចាប់បាន​ជនសង្ស័យ​ទាំង​បី​នាក់ បាន​ជាក់ស្តែង​តែម្តង​។



លោក​បន្ត​ថា ជនសង្ស័យ​ចំនួន​បីនាក់​មានឈ្មោះ ​ទី​១.​ឈ្មោះ មឿ​ន ប៉ា​លី​ណា​ឃីម ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទីលំនៅ​បន្ទប់​ជួល ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​/​ខេត្តសៀមរាប​។​ទី​២.​ឈ្មោះ លន់ វលិ​ស ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទីលំនៅ ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​/​ខេត្តសៀមរាប​។

ទី​៣.​ឈ្មោះ សុខ ផានិត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទីលំនៅ ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​/​ខេត្តសៀមរាប​។ ​លោក​បន្ថែម​ថា ដំណើរ​រឿង នៅ​ថ្ងៃទី​០២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨ វេលា​ម៉ោង​១៧​និង​១៥​នាទី មាន​ភ្ញៀវ​ជនជាតិ​អាល្លឺម៉ង់​ម្នាក់​ភេទ​ស្រី ជិះ​កង់​មកដល់​ចំណុច​ផ្លូវ​ឧកញ៉ា​អ៊ុ​ឆាយ មុខ​រូបសំណាក​គ្រុឌ កងរាជអាវុធហត្ថ​ខេត្តសៀមរាប ភូមិ​មណ្ឌល​២ សង្កាត់​ស្វាយដង្គំ ក្រុង​/​ខេត្តសៀមរាប ក៏​មាន​ជនសង្ស័យ​ចំនួន​០២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Hinda Beat ពណ៌​ខៀវ​លា​យស ស៊េរី​ឆ្នាំ​២០១៨ គ្មាន​ស្លាក​លេខ បាន​ធ្វើ​សកម្មភាព​លួច​លូក​ឆក់​កាបូបស្ពាយ​ពណ៌​ក្រហម​លាយ​ខ្មៅ ដែល​ភ្ញៀវ​ទុក​នៅ​កន្ត្រក​កង់ ហើយ​ជិះ​គេច​ខ្លួនបាត់​។



លោក​បន្ត​ទៀត​ថា ជាក់ស្តែង​នៅ​ថ្ងៃខែ​ឆ្នាំ ដដែល កម្លាំង​ការិយាល័យ​អន្តរាគមន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ធ្វើ​ការ​តាម​បង្ក្រាប​ចាប់បាន​ជនសង្ស័យ​ទាំង​បី​នាក់ នៅ​ចំណុច​រង្វង់​មូល​វត្ត​ដំណាក់ ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​/​ខេត្តសៀមរាប​។

លោក​បញ្ជាក់​ថា តាម​ចម្លើយ​សារភាព​របស់​ជនស​ង្ស័​យ​ទាំង​បី​នាក់ បាន​ឆ្លើយ​សារភាព​ថា​ពិតជា​បាន​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​ដូច​អង្គហេតុ​ខាងលើ​ប្រាកដ​មែន​។ ករណីនេះ​កម្លាំង​នគរបាល​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​តាម​នីតិ​វិធី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu