Ad Code

អតីត​គ្រូ​សាលា​បាក់​ទូក​២​រូប​សម្តែង​ក្តីរំភើប​ចំពោះ​ក្រុមសិស្ស​នា​ទសវត្ស​ទី​៨០



ភ្នំពេញ ៖ អតីត​សិស្សសាលា​បាក់​ទូក​នា​ឆ្នាំ​៨០ មួយក្រុម រួមជាមួយ​អតីត​គ្រូ​គណិតវិទ្យា​ដ៏​ល្បី​មួយ​រូប​ប្រចាំ​សាលា​បាក់​ទូក​ក្នុង​អតីតកាល គឺ​លោកគ្រូ គុំ ពិន បាន​នាំ​យក​ថវិកា ៣៤០០​ដុល្លារ ព្រម​ជា​មួយ​គ្រឿងឧបភោគ​មួយចំនួន ទៅ​ប្រគល់ជូន​និង​សួរសុខទុក្ខ អតីត​លោកគ្រូ សាលា​បាក់​ទូក​ពីររូប គឺ​លោកគ្រូ សេន សុ​ន្ទរា អតីត​គ្រូខ្មែរ និង​លោកគ្រូ គឹម សារី អតីត​គ្រូ​ភូមិវិទ្យា ដែល​បាន​ចូលនិវត្តន៍​និង​ឋិត​ក្នុង​វ័យចាស់​ជរា សម្រាក​នៅផ្ទះ ។



ចំពោះ​ការយកចិត្តទុកដាក់​ប្រកបដោយ​ការគោរព​ដឹងគុណ របស់​អតីត​សិស្សសាលា​បាក់​ទូក​មួយក្រុម​នេះ​ចំពោះ​អតីត​លោកគ្រូ​អ្នកគ្រូ​គ្រប់គ្នា​របស់​ពួកគេ គឺ​បានធ្វើ​មកជា​ហូរហែរ អស់​រយៈពេល​ជិត​ពីរ​ឆ្នាំ​មក​ហើយ បន្ទាប់ពី​សិស្ស​ទាំងនេះ បាន​ស្វះស្វែង​រកគ្នា​ចងក្រង​ជា​ក្រុម​ក្នុង​ប្រព័ន្ធ WhatsApp តាមរយៈ​មិត្តភក្តិ​ស្គា​ល់តៗ​គ្នា ក្រោម​ការផ្តួចផ្តើម​គំនិត​របស់លោក ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​អាវុធហត្ថ​រាជធានី​ភ្នំពេញ រហូត​អាច​រកឃើញ​គ្នា មកពី​គ្រប់ទិសទី​ជុំវិញ​ពិភពលោក បាន​ដល់​ទៅជិត​៣០០នាក់​។

រយៈពេល​ជិត​២​ឆ្នាំ​មកនេះ អតីត​សិស្សសាលា​បាក់​ទូក​មួយ​ក្រុម​ខាងលើ ក៏ដូចជា អតីត​លោកគ្រូ​អ្នកគ្រូ​ចាស់ៗ តែងតែបាន​ជួបគ្នា រំលឹក​នូវ អនុស្សាវរីយ៍​កាល​រៀន​ជាមួយគ្នា​នា​ទសវត្ស​ទី​៨០ តាមដាន​ពី​សុខទុក្ខ​គ្នា​ទៅវិញទៅមក រឹតចំណង​មិត្តភាព​កាន់តែ​ស្និត​ស្នាល និង​បាន​រួបរួមសាមគ្គី​ជួយ​គ្នា ពេល​ដែល​មាន មិត្ត​ឬ​គ្រូ​ណា​ម្នាក់​ជួប​ការលំបាក មាន​ជម្ងឺ ឬ​ជួប​អាសន្ន តាមរយៈ​ការ​តាម​ដាន​សុខទុក្ខ និង ឧបត្ថម្ភ សម្ភារៈ ថវិកា ជូន​ដល់​ពួកគាត់​ជា​បន្តបន្ទាប់ ព្រមទាំង​បានរួម​គ្នា​បរិច្ចាគ​ធនធាន ផ្ទាល់ខ្លួន ចូលរួម​កសាង សមិទ្ធផល ជាច្រើន​ក្នុង​សាលា​បាក់​ទូក សរុប​ជា​ថវិកា​ដែល​សិស្ស​ទាំងនេះ​បរិច្ចាគ​រួម​ជួយ​គ្នា​ជិត​០២​ឆ្នាំ​មកនេះ​ប្រហែល​ជាង ១០​ម៉ឺន​ដុល្លារ​ផងដែរ​។



ឋិត​ក្នុង​បរិយាកាស​រំភើប​ត្រេ​ត​អរ​ចំពោះ​ទឹកចិត្ត​សិស្ស​ទាំងឡាយ លោកគ្រូ​វ័យ​ចំណាស់​ទាំង​២​រូប បាន​រំលឹក​អំពី​ភាពជូរចត់​ក្នុង សម័យ​ខ្មៅ​ងងឹត នៃ​របប​ប្រល័យពូជសាសន៍ ប៉ុលពត ដែល​ពេលនោះ​គឺ​វេទនា​ខ្លាំង​ណាស់ ម្នាក់ៗ​មិនមាន​សេរីភាព សូម្បីតែ​លើកដៃ បន់ព្រះ​សំពះ​ទេវតា ប្រាថ្នា​សុំ​ត្រឹមតែ ហូប​ឆ្អែត​មួយពេល​ក៏​មិនបាន​ផង រីឯ​ទំនៀម​ទំលាប់ វប្បធម៌ ប្រពៃណី សាសនា ការអប់រំ ហេដ្ឋារចនាសម្ព័ន្ធ និង មរតក​ផ្សេងៗ​ទៀត របស់​កម្ពុជា​ត្រូវបាន​បំផ្លិចបំផ្លាញ​ទាំងស្រុង​។

នឹក​ដល់​សម័យ​ដ៏​ខ្មៅ​ងងឹត​នោះ ម្នាក់ៗ​សឹងតែ​មិន​ជឿ​ថា អាច​រស់រាន មានជីវិត​បានឃើញ​ពី​ការ​រីកចម្រើន របស់​ប្រជា​ជាតិខ្មែរ​និង​បាន​រស់​នៅ សុខដុមរមនា​ជួបជុំ​គ្រួសារ ជួបជុំ​មិត្តភក្តិ ដូច​សព្វថ្ងៃ​នេះ​ឡើយ លោក​ព្រឹទ្ធាចារ្យ​ទាំងពីរ​បាន​សម្តែង ការ​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​គុណបំណាច់​នៃ​ថ្ងៃ​រំដោះ​៧​មករា ដែល​នាំ​ដឹកនាំ​ដោយ​ឥស្សរជន​សំខាន់ៗ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បានធ្វើ​ឲ្យ​កម្ពុជា​រួចផុត​ពី​របប​ខ្មៅ​ងងឹត ជាពិសេស គឺ​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែលជា​អគ្គ​មគ្គុទ្ទេសក៍​ដ៏​ឆ្នើម ក្នុង​ការ​នាំយក​សុខសន្តិភាព​ពេញលេញ ជាមួយ​ការអភិវឌ្ឍន៍​រីកចម្រើន មក​ជូន​កម្ពុជា ក្រោម​នយោបាយ ឈ្នះ ឈ្នះ ដ៏​មហិមា​ចារ​ជា​ប្រវត្តិសាស្ត្រ​ដែល​មិនមាន​ជន​ណា​អាច​បំភ្លៃ​បាន​។

លោក​ព្រឹទ្ធាចារ្យ​ទាំង​២​រូប ក៏បាន​ផ្តាំផ្ញើ​ដល់​សិស្ស​ទាំងឡាយ សូម​ឲ្យ​ខំប្រឹងប្រែង ចូលរួម​ថែរក្សា​សន្តិភាព​ដែល​ប្រទេសជាតិ​យើង​កំពុង​មាន​និង​រកបាន​ដោយ​លំបាក​នេះ ឲ្យ​ឋិតថេរ​គង់វង្ស​ជានិច្ច​និរន្តរ៍​តទៅ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu