ភ្នំពេញ ៖ ប្រុសភេទទី៣ (ខ្ទើយ)ម្នាក់ ត្រូវបានកម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំធ្វើការឃាត់ខ្លួន ក្រោយពីរូបគេ និងបក្ខពួក បានធ្វើសកម្មភាពបន្លំលួចទូរស័ព្ទពីជនជាតិអ៊ីស្រាអែលម្នាក់ កាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចលើថ្មម៉ាបមាត់ទន្លេ ផ្លូវព្រះស៊ីសុវត្ថិ កែងនឹងផ្លូវលេខ១០៨ ភូមិទី៧ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា សង្ស័យឈ្មោះ អ៊ុន កក្កដា ភេទប្រុស (ខ្ទើយ) អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ មានទីលំនៅផ្ទះជួលផ្លូវរទេះភ្លើង សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះឈ្មោះ AMIR SHUSTERMAN ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិអ៊ីស្រាអែល មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ 21085448 ស្នាក់នៅផ្ទះសំណាក់MAD MONGKAYទីតាំងផ្ទះលេខ២៦ ផ្លូវលេខ៣០២ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។
ជនរងគ្រោះបានឲ្យដឹងតាមរយៈការបកប្រែថា មុនពេលកើតហេតុ គាត់បានដើរទៅសួនច្បារមាត់ទន្លេ អង្គុយលើថ្មម៉ាបតែម្នាក់ឯង ក្រោយមក ក៏មានជនសង្ស័យ និងបក្ខពួកជាស្រី្តរកស៊ីផ្លូវភេទចំនួន២នាក់ទៀត បានមកអង្គុយក្បែរគាត់ ហើយជនសង្ស័យ សួរថា ត្រូវការរកស្រីដេកឬទេ ពេលនោះជនសង្ស័យ បានធ្វើសកម្មភាពលួចយកទូរស័ព្ទដៃរបស់គាត់ (ជនរងគ្រោះ)ម៉ាកសាំសុងកាឡាក់ស៊ីS8 ពណ៌ខ្មៅ ពីក្នុងហោប៉ៅបានសម្រេច ហុចបន្តទៅឲ្យបក្ខពួកយករត់គេចខ្លួន ភ្លាមៗនោះគាត់ ស្រែកឆោឡោដេញតាមក្រុមជនសង្ស័យ ហើយក៏បានកម្លាំង ល្បាតរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំឃើញ ក៏ជួយអន្តរាគមន៍ឃាត់ខ្លួនបានជនសង្ស័យ ចំណែកបក្ខពួកចំនួន២នាក់ទៀត បានយកទូរស័ព្ទដៃរបស់ជនរងគ្រោះរត់គេចខ្លួនបាត់។ សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀនតាមរយៈធ្វើតេស្តទឹកនោម។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។ ចំណែកបក្ខពួកដែលធ្វើសកម្មភាពយកទូរស័ព្ទរបស់ជនរងគ្រោះ សមត្ថកិច្ច នឹងតាមចាប់ខ្លួនឲ្យខានតែបាន៕
Source: Kampuchea Thmey Daily
0 Comments