Ad Code

រថយន្ត​បា​ឡែ​ន ​ហក់​ត្របាក់​ម៉ូតូ​២​គ្រឿង ​និង​រថយន្ត​២​គ្រឿង​ខ្ទេចខ្ទី​អស់​



ភ្នំពេញ ​៖ ​រថយន្ត​កាមរី​បា​ឡែ​ន​មួយគ្រឿង ព្រោះតែ​បើក​លឿន​ពេក​ ក៏បាន​ជ្រុល​ទៅ​បុក​រះ​ម៉ូតូ​កូន​ទា Today និង​ម៉ូតូ MSX ហើយ​បន្ត​បុក​រះ​រថយន្ត​ឡិច​ស៊ី​ស និង​បា​ឡែ​ន​២​គ្រឿង​ទៀត ដែល​ចត​ស្ងៀម​លើ​ចិញ្ចើមផ្លូវ បណ្ដាល​ឲ្យ​បុរស​២​នាក់ រងរបួស​ជា​ទម្ងន់ ខណៈ​ម្នាក់ទៀត​រង​របួស​ស្រាល​។

​សមត្ថកិច្ច​ផ្នែក​វាស់វែង​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹងថា ​អ្នករងរបួស​ទាំងអស់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​ផងដែរ​។

​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​០៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​ក្រុមហ៊ុន K4 លើ​មហាវិថី​ព្រះមុនីវង្ស កែង​ផ្លូវ​លេខ​១៨០ ស្ថិតក្នុង​សង្កាត់​បឹងរាំង ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​។​

​ប៉ូលិស​ខណ្ឌ​ដូនពេញ​បាន​ឲ្យ​ដឹង​ទៀត​ថា ​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ កើតឡើង​រវាង​រថយន្ត​ម៉ាក កាមរី​បា​ឡែ​ន ពាក់​ស្លាក​លេខ ភ្នំពេញ 2AT-3982 បើក​បុក​ម៉ូតូ​ម៉ាក Today ពាក់​ស្លាក​លេខ ភ្នំពេញ 1FQ-3354 និង​ម៉ូតូ MSX ពាក់​ស្លាក​លេខ ភ្នំពេញ 1FY-4100 ហើយ​ជ្រុល​ទៅបុក​រថយន្ត​ម៉ាក កាមរី​បា​ឡែ​ន ពាក់​ស្លាក​លេខ 2AF-4111 និង​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX300 ពាក់​ស្លាក​លេខ ភ្នំពេញ 2AR1503 ដែល​ចត​ស្ងៀម បណ្ដាល​ឲ្យ​អ្នក​ជិះ និង​អ្នក​បើក​ម៉ូតូ​ទាំង​២​គ្រឿង របួសធ្ងន់​២​នាក់ ស្រាល​ម្នាក់ ប្រុស​ទាំង​អស់​។​

​សមត្ថកិច្ច​បញ្ជាក់​ថា​ អ្នកបើកបរ​រថយន្ត​បង្ក​មានឈ្មោះ ម៉ា​យ យូ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៣១៤​អឺ​៣ ផ្លូវ​៥១ ភូមិ​៨ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​។

ចំណែក​ជនរងគ្រោះ ដែល​បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​នៅ​គ្លីនិក​ឯកជន​ហុង​ហាក់ មិនទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ​។​

ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌ​ដូនពេញ​បាន​ប្រគល់​ករណី​នេះ ​ទៅ​ឲ្យ​នគរបាល​ចរាចរណ៍​ក្រុង ធ្វើការ​វាស់វែង យក​ទាំង​រថយន្ត​ខូច​ធ្ងន់​២​គ្រឿង ស្រាល​១​គ្រឿង និង​អ្នកបើកបរ​រថយន្ត រួមទាំង​ម៉ូតូ​ខូច​ធ្ងន់​២​គ្រឿង ទៅ​រក្សាទុក​នៅ​ការិយាល័យ​ជំនាញ ដើម្បី​ចាត់ការ​បន្ត​៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu