Ad Code

អាជ្ញាធរ​ជាតិ​អប្សរា​ លើកកម្ពស់​តម្លៃ​បេតិកភណ្ឌ​ និង​ជំរុញ​ការ​អាន​ដល់​កុមារ



សៀមរាប​ ៖ ​ក្នុង​គោលបំណង​រួមចំណែក​លើកកម្ពស់​វិស័យ​បេតិកភណ្ឌ​ និង​វិស័យ​អប់រំ នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បង្កើត​កម្មវិធី​អប់រំ​បេតិកភណ្ឌ​ក្នុង​តំបន់​អង្គរ ដោយ​យក​សាលាបឋមសិក្សា​ល្បើក ស្ថិតក្នុង​ស្រុក​ពួក ជា​សាលា​គោលដៅ​ទី​១ ក្នុងការ​ដំណើរការ​កម្មវិធី​កាលពី​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៨។



លោក ច័ន្ទ សុធា អនុ​ប្រធាននាយកដ្ឋាន​ផ្សព្វផ្សាយ តំណាង​លោក ឡុង កុសល បាន​ថ្លែង​ថា កម្មវិធី​អប់រំ​បេតិកភណ្ឌ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ធ្វើឡើង​ក្នុង​គោលបំណង​បណ្តុះ​ក្តី​ស្រឡាញ់​សម្បត្តិ​ដូនតា បញ្ជ្រាប​ចំណេះដឹង​អំពី​ប្រវត្តិ​នៃ​បុរាណដ្ឋាន និង​មរតក​វប្បធម៌​ក្នុង​ទីតាំង​ដែល​សិស្សានុសិស្ស​កំពុង​រស់នៅ ការចូលរួម​ថែរក្សា​បរិស្ថាន ព្រមទាំង​ការរួមចំណែក​ថែរក្សា​បុរាណ​ដ្ឋា​ន​របស់​កុមារ​ផ្ទាល់​ទាំង​ក្នុង​សហគមន៍​ខ្លួន​និង​ក្នុង​តំបន់​អង្គរ​ទាំងមូល តាមរយៈ​ការចែករំលែក​ចំណេះដឹង​ពី​អ្នកជំនាញ​បុរាណវិទ្យា​មកពី​អាជ្ញាធរ​ជាតិ​អប្សរា​ចូលរួម​ធ្វើ​បទ​បង្ហាញ​។​



​លោក​បាន​បន្តទៀតថា លើសពីនេះ គម្រោង​អប់រំ​បេតិកភណ្ឌ​ក្នុង​រមណីយដ្ឋាន​អង្គរ​ក៏បាន​យក​សៀវភៅ​អំណាន​ពាក់ព័ន្ធ​នឹង​ចំណេះដឹង​ទូទៅ ទំនៀមទម្លាប់​ប្រពៃណី ប្រវត្តិសាស្ត្រ បំណិន​ថ្មីៗ ជូន​សាលាបឋមសិក្សា​ល្បើក ដើម្បី​ឲ្យ​សិស្សានុសិស្ស​បាន​អាន​បង្កើន​ចំណេះដឹង​ផ្នែក​អំ​ណាន​និង​ចេះដឹង​ពី​មរតក​វប្បធម៌ សម្រាប់​ជា​ទុន​ក្នុងការ​អភិវឌ្ឍន៍​សមត្ថភាព​ចំណេះដឹង ការស្រឡាញ់ និង​ចូលរួម​ថែរក្សា​ឲ្យ​បាន​គង់វង្ស ដោយ​ផ្តើម​ពី​កុមារ​និង​ការចង្អុលបង្ហាញ​ពី​ចាស់ទុំ​ផងដែរ​៕​


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu