ភ្នំពេញ ៖ បុរស២នាក់ បានរងរបួសធ្ងន់ដោយសារតែបើកម៉ូតូធុនធំក្នុងល្បឿនលឿនមិនប្រកាន់ស្ដាំក៏ជ្រុលទៅបុកជាមួយរថយន្ត ឡិចស៊ីស RX300 កាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្លូវប្រសព្វលេខ៨៨ កែងមហាវិថីព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចជំនាញខណ្ឌដូនពេញបានឲ្យដឹងថា នៅវេលាកើតហេតុមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តម៉ាក LEXUS RX300 ពាក់ស្លាកលេខ ព្រះវិហារ 2A-0222 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង និងម៉ូតូម៉ាក DUKE ពាក់ស្លាកលេខ ភ្នំពេញ 1FA-2662 ធ្វើដំណើរពីលិចទៅកើត បណ្ដាលឲ្យអ្នកបើក និងអ្នកជិះម៉ូតូ របួសធ្ងន់២នាក់ ភេទប្រុស ហើយត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា។
ចំណែកអ្នកបើកបររថយន្ត បានដាក់មេប្រូចបាត់ស្រមោល ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ មុនពេលសមត្ថកិច្ចទៅដល់។
សមត្ថកិច្ចបានបន្តទៀតថា គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីភាពធ្វេសប្រហែសរបស់ភាគីម៉ូតូធំ ដែលបើកបរក្នុងល្បឿនលឿន និងមិនប្រកាន់ស្ដាំ ទើបជ្រុលទៅបុកជាមួយរថយន្តចំចំហៀងរថយន្តផ្នែកខាងឆ្វេងមុខ។ គ្រោះថ្នាក់នេះ ក៏បណ្ដាលឲ្យខូចខាតរថយន្ត និងម៉ូតូធ្ងន់ផងដែរ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានប្រគល់ឲ្យនគរបាលចរាចរណ៍ក្រុង ធ្វើការវាស់វែងយកម៉ូតូ និងរថយន្ត ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ដើម្បីចាត់ការបន្តតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments