បន្ទាយមានជ័យ ៖ ស្ត្រីមេម៉ាយចាស់ជរាម្នាក់ ត្រូវកូនដេញចេញដើម្បីយកផ្ទះ និងដីយកទៅលក់ ដោយសារតែមើលឃើញអំពីទុក្ខលំបាកដែលកូនដេញចេញពីផ្ទះគ្មានអ្វីបរិភោគនេះ លោក ផូរ ស៊ីតាល់ ប្រធានរដ្ឋបាលចលនាយុវជនកម្ពុជាក្រុម១៥៧សាខាខេត្តបន្ទាយមានជ័យ បានដឹកនាំសហការីយកអំណោយទៅចែក និងសន្យាថាជួយសាងសង់ផ្ទះឲ្យ១ខ្នងទៀត ដើម្បីជាជម្រករស់នៅបន្តមុន និងដល់ថ្ងៃស្លាប់ ហើយបានយកអំណោយទៅចែកក្រុមគ្រួសារក្រីក្រ២គ្រួសារបន្ថែមទៀតនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិកសិណ ឃុំកសិណ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោក ផូរ ស៊ីតាល់ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ក្នុងការយកអំណោយទៅចែកជូនដល់គ្រួសារក្រីក្រនោះមានការចង្អុលបង្ហាញពីលោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ និងលោក ចៅ ជីអាន ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧សាខាខេត្តបន្ទាយមានជ័យ។
លោកបានបញ្ជាក់ឲ្យដឹងទៀតថា ស្ត្រីមេម៉ាយដែលកូនដេញចេញពីផ្ទះនោះមាន ឈ្មោះ យាយ ឆឿ អាយុ៦៣ឆ្នាំ។ ២-ឈ្មោះ ស្វែង រើក អាយុ៧៣ឆ្នាំ។ ទី៣-ឈ្មោះ មុត នឿយ អាយុ៧៧ឆ្នាំ ទាំង៣នាក់រស់នៅភូមិកសិណ ឃុំកសិណស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោក យាយ ឆឿ បានប្រាប់ក្រុមការងារថា ប្ដីរបស់គាត់បានបែកបាក់គ្រួសារទៅមានប្រពន្ធថ្មីទុកគាត់វេទនា ដែលមានកូន២នាក់ ស្រី១ ប្រុស១ ក្រោយពេលចិញ្ចឹមកូនប្រុសស្រីបានធំបានប្ដីប្រពន្ធ និងកូនចៅ ស្រាប់តែមានបំណងដេញគាត់ចេញពីដី យកដីលក់ ទៅវិញ។
លោកយាយបាននិយាយបន្តទៀតថា ក្រោយពីកូនដេញចេញហើយ គាត់គ្មានដីរស់នៅឡើយ ព្រោះដីនេះជាដីកេរ្តិ៍របស់គាត់ដែលធ្វើកូនខ្ទមរស់នៅ។
ក្រោយពីបានស្តាប់សំដីរបស់លោកយាយហើយ ក្រុមចលនាយុវជនកម្ពុជា ក្រុម១៥៧សាខាខេត្តបន្ទាយមានជ័យសន្យានឹងធ្វើផ្ទះជូនលោកយាយឲ្យរស់នៅបន្ត។
លោក យាយ ឆឿ រស់នៅក្នុងកូនខ្ទម ដែលកូនមានបំណងយកដីលក់គ្មានដីរស់នៅនោះ លោកនឹងអន្តរាគមន៍ជួយ ព្រោះដីដែលរស់នៅនេះជាដីកម្មសិទ្ធិរបស់លោកយាយយកមកជូនលោកយាយវិញ កូនគ្មានសិទ្ធិឯណាយកដីរបស់គាត់ទៅលក់ឲ្យអ្នកផ្សេងឡើយ៕
Source: Kampuchea Thmey Daily
0 Comments