Ad Code

កម្ពុជា​ សាទរ​ចំពោះ​ការ​បណ្ដាក់ទុន​វិនិយោគ​របស់​ជប៉ុន​លើ​វិស័យ​អេឡិចត្រូនិក​



ភ្នំពេញ ៖ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ​ បាន​ថ្លែង​នូវ​ការ​អបអរសាទរ​ និង​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ការវិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន​លើ​វិស័យ​អេឡិចត្រូនិក​នៅ​ប្រទេស​កម្ពុជា​។ ថ្លែង​នូវ​ការគាំទ្រ​បែបនេះ​ នា​ព្រឹក​ថ្ងៃ​អង្គារ ១៣​ រោជ ខែ​អស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នៅ​ទីស្ដីការ​ក្រសួង ខណៈ​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ លោក​ Hitoshi Ito នាយក​ប្រតិបត្តិ​រង ​នៃ​ក្រុមហ៊ុន Hitachi Co,Ltd ដែលជា​ក្រុមហ៊ុន​ដ៏​ល្បី​របស់​ជប៉ុន​ផ្នែក​ផលិត​ឧបករណ៍​អេឡិចត្រូនិក និង​គ្រឿង​អគ្គិសនី ដូចជា ​៖​ ម៉ាស៊ីនត្រជាក់ កង្ហារ ទូរ​ទឹកកក និង​ទូរទស្សន៍ ជាដើម។​

លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​សម្ដែង​ការ​ស្វាគមន៍ និង​សម្ដែង​ការ​កោតសរ​សើរ​ចំពោះ​ក្រុមហ៊ុន Hitachi Co,Ltd ដែលជា​ក្រុមហ៊ុន​មានឈ្មោះ​ល្បី​របស់​ជប៉ុន ផលិត​ប្រកបដោយ​គុណភាព​នូវ​ឧបករណ៍​សម្ភារៈ​អេឡិចត្រូនិក និង​អគ្គិសនី​។

លោក​ចង់ឃើញ​ក្រុមហ៊ុន និង​ផលិតផល​នេះ មាន​វត្ត​មាននៅ​ទីផ្សារ​កម្ពុជា​ឲ្យ​មាន​លក្ខណៈ​ទូលំ​ទូ​លាយ តាមរយៈ​ការតាំង​ពិព័រណ៍ ឬ ក្នុង​បន្ទប់​តាំង​បង្ហាញ។ ពីព្រោះ​ប្រជាជន និង​អ្នកប្រើប្រាស់​កម្ពុជា ធ្លាប់បាន​ស្គា​ល់ពី​គុណភាព​ផលិតផល​ម៉ាក Hitachi កន្លងមកហើយ​ដែរ។

ក្នុងនោះ ជាការ​ប្រសើរ​បំផុត​សម្រាប់​ក្រុមហ៊ុន គឺ​ការបង្កើត​រោងចក្រ​ផលិត​ឧបករណ៍​ម៉ាក Hitachi នេះ​នៅ​កម្ពុជា​តែម្ដង។ មិន​ត្រឹមតែ​ការផលិត​ដើម្បី​លក់​សម្រាប់​បម្រើ​ទីផ្សារ ក្នុងស្រុក​ទេ តែ​ក្រុមហ៊ុន​អាច​លក់​នាំ​ចេញទៅ​ផ្សារ​ក្រៅប្រទេស​ដោយ​រួច​ពន្ធ​ទៀតផង។ ជាពិសេស ទាក់ទង​នឹង​កិច្ចការពារ​ប្រកាសនីយបត្រ​តក្កកម្ម​(Patent)​ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត បាន​បញ្ជាក់ថា ក្រសួង​បាន​ចុះ​អនុស្សរណៈ យោគយល់​គ្នា ជាមួយ​ការិយាល័យ​ប្រកាសនីយបត្រ​តក្កកម្ម​ជប៉ុន​រួចហើយ កាលពី​ឆ្នាំ​២០១៦ ក្នុង​បំណង​ធ្វើ​កិច្ចប្រតិបត្តិការ ចុះបញ្ជី​ការពារ​នូវ​សុពលភាព​ប្រកាសនីយបត្រ​តក្កកម្ម​ជប៉ុន​នៅ​កម្ពុជា ដែលជា​ឧបករណ៍​ច្បាប់​មួយ​ការពារ​ការ​លួច​ចម្លង​ស្នាដៃ និង​ការ​ច្នៃប្រឌិត​ថ្មី​របស់​តក្កករ ដែល​ជា​ម្ចាស់​ នៃ​អ្នក​រកឃើញ​បច្ចេកវិទ្យា​អ្វីមួយ​។​

លោក Hitoshi Ito នាយក​ប្រតិបត្តិ​រង នៃ​ក្រុមហ៊ុន Hitachi Co,Ltd បានបង្ហាញ​នូវ​ការ​ភ្ញាក់ផ្អើល​ចំពោះ​ការវិវឌ្ឍន៍​រីកចម្រើន​យ៉ាង​រហ័ស​ នៃ​សេដ្ឋកិច្ច និង​កម្រិត​ជីវភាព​ប្រជាពលរដ្ឋ​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។
តាមរយៈ​នេះ ​លោក​មាន​ក្ដី​សង្ឃឹមថា ផលិតផល​ម៉ាក Hitachi នឹង​ទទួល​បាន​ការគាំទ្រ​បន្ថែមទៀត​លើ​ទីផ្សារ​កម្ពុជា ហើយ​ក្រុមហ៊ុន​នឹង​ខិតខំ​អភិវឌ្ឍន៍​ទីផ្សារ​របស់ខ្លួន​ឲ្យ​កាន់តែ​ទូលំទូលាយ។

ក្នុងនោះ​ ការបង្កើត​រោងចក្រ​ផលិត​ផលិតផល​ម៉ាក Hitachi នៅ​កម្ពុជា ជា​គោលដៅ​មួយ​ត្រូវ​ពិនិត្យ​ពិចារណា​ស្របពេល​បរិយាកាស​វិនិយោគ និង​សក្ដានុពល​របស់​កម្ពុជា​មាន​លក្ខណៈ​អំណោយផល​ល្អ​ប្រសើរ​តែម្ដង៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu