Ad Code

លោក ស៊ុន ចាន់ថុល ​៖ ផ្លូវ​ខ្នែង​ចំនួន​៥២​ខ្សែ ត​ភ្ជាប់​ផ្លូវជាតិ​លេខ​៦ និង​ផ្លូវ​១១​ខ្សែ គ្រោង​ចំណាយ​ថវិកា​ប្រមាណ​១៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក



សៀមរាប ៖ កាលពី​ថ្ងៃ​អង្គារ ១៣​រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ កិច្ចប្រជុំ​អន្តរក្រសួង​ស្តីពី​ការងារ​ជួសជុល និង​ថែទាំ​ផ្លូវថ្នល់​ក្នុង​ខេត្តសៀមរាប ដែល​បាន​ប្រព្រឹត្តទៅ​នៅ សាលាខេត្ត​សៀមរាប។

ពិធី​នេះ​ប្រព្រឹត្តឡើង ដោយមាន​ការចូលរួម​ពី​លោក ពិន ប្រាកដ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត តំណាង​ក្រសួង​អភិវឌ្ឍន៍ជនបទ តំណាង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​តំណាង​អាជ្ញាធរ​អប្សរា​ផងដែរ​។​

កិច្ចប្រជុំ​នេះ​រៀបចំឡើង ដើម្បី​ពិភាក្សា​រក​នីតិវិធី​ក្នុង​ការស្តារ​ផ្លូវថ្នល់​ដែល​ខូចខាត​ទ្រុឌទ្រោម​ដោយ​កត្តា ផ្សេងៗ ពិសេស ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ សំដៅ​ធានា​ឱ្យ​ការគ្រប់គ្រង​ផ្លូវថ្នល់​មាន ប្រសិទ្ធភាព​ខ្ពស់ និង​ឆ្លើយតប​ទៅនឹង​កំណើន​ប្រជាជន កំណើន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​នៅក្នុង​ខេត្ត​នេះ​។

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ស្នើឱ្យ​មន្ទីរ និង​ភាគី​ពាក់ព័ន្ធ​កែសម្រួល​នីតិវិធី​ជួសជុល​ផ្លូវ ដើម្បី​ស្តារ កសាង និង​ជួសជុល​ថែទាំ​បណ្តាញ​ផ្លូវថ្នល់​នានា​ឱ្យបាន​ល្អ​ជាង​មុន ដើម្បី​បំពេញតម្រូវការ​របស់​ប្រជាពលរដ្ឋ ដែលជា​ម្ចាស់ឆ្នោត និង​បាន​សំណូមពរ​ឱ្យធ្វើ​របាយការណ៍​រួមមួយ​ដាក់ជូន​រាជរដ្ឋាភិបាល​ស្នើសុំ​ថវិកា ប្រមាណ ១៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​សាងសង់​ផ្លូវ​ខ្នែង ចំនួន ៥២​ខ្សែ ត​ភ្ជាប់​ផ្លូវជាតិ​លេខ​៦ និង​ផ្លូវ ១១​ខ្សែ​ទៀត​ក្នុង​ខេត្តសៀមរាប ឱ្យបាន​ឆាប់​តាម​ដែល​ធ្វើទៅបាន​។

ឆ្លៀត​ក្នុងឱកាស​នេះ លោក​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​អំពី​គម្រោង​ដាក់ឱ្យ​ដំណើរការ Road Care App នៅ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៨ ដែលជា​គោលដៅ​មួយ​ក្នុងចំណោម​គោលដៅ​ទាំងឡាយ​នៃ​ផែនការ ១០០​ថ្ងៃ នៅក្នុង​អាណត្តិ​ទី​៦ នៃ​រាជរដ្ឋាភិបាល​ថ្មី​នេះ ដើម្បី​ប្រជាពលរដ្ឋ​អាច​ទាញយក​កម្មវិធី​នេះ​ថត​យក​រូបភាព ផ្លូវ​ខូច ឬ​ជង្ហុក​សំបុកមាន់ ហើយ​បញ្ជូន​រូបភាព​នោះ​ទៅកាន់​មន្ត្រី​ពាក់ព័ន្ធ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បន្ទាប់មក​តាមរយៈ​រូបភាព​នោះ មន្ត្រី​ពាក់ព័ន្ធ​អាច​ដឹង​ពី​ទីតាំង​ពិតប្រាកដ ហើយ​ធ្វើការ​ជួសជុល បាន​ទាន់ពេលវេលា ដើម្បី​បង្ការ​កុំឱ្យ​ខូច​រាលដាល​កាន់តែ​ធំ។​

ជាមួយគ្នានេះ​ផងដែរ ដើម្បី​ចូលរួមចំណែក​ក្នុងការ​ទប់ស្កាត់​ការដឹកជញ្ជូន​លើស​ទម្ងន់​ឱ្យ​កាន់​តែមាន ប្រសិទ្ធភាព ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឯកភាព​ដាក់បញ្ចូល​ក្រសួង​អភិវឌ្ឍន៍ជនបទ​ជា សមាជិក​គណៈកម្មាធិកា​រដឹក​នាំ​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ និង​បាន ផ្តល់​ជញ្ជីង​ចល័ត ចំនួន ២​គ្រឿង​ដើម្បី​ទប់ស្កាត់​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ផងដែរ​។

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​វិស័យ​ឯកជន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នៅ​ខេត្តសៀមរាប​ឱ្យមាន​ការរីកចម្រើន​ផងដែរ ដើម្បី​ផ្លាស់ប្តូរ​មុខមាត់​ខេត្ត​នេះ​ឱ្យ ស័ក្ដិសម​ជា​ខេត្ត​ទាក់ទាញ​ទេសចរណ៍​មួយ​យ៉ាងសំខាន់​៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu