Ad Code

ក្រុង​ព្រះវិហារ​ ផ្ដើម​សាងសង់​ផ្លូវ​ភ្លោះ ដែល​មាន​ប្រវែង​ជាង​២០០០​ម៉ែត្រ ជាមួយ​នឹង​ការ​រៀប​សួន​ពុះ​ទ្រូងផ្លូវ ដាំ​ដើមឈើ ដាំ​ស្មៅ និង​បំពាក់​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ថែមទៀត



ព្រះវិហារ​ ៖​ ដើម​ឡើយ​ខេត្ត​ព្រះវិហារ​គឺជា​ខេត្ត​មួយ​នៅ​តំបន់​ដាច់ស្រយាល តែ​សម្រាប់​ពេល​បច្ចុប្បន្ន​នេះ ខេត្ត​ព្រះវិហារ មិនមែន​ជា​ខេត្ត​នៅ​តំបន់​ដាច់ស្រយាល​ទៀត​នោះ​ទេ ដោយសារតែ​ខេត្ត​មួយ​នេះ បាន​បង្កើត​អោយមាន​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាងច្រើន ពិសេស​គឺ​ផ្លូវ​ត​ភ្ជាប់ ទៅកាន់​ខេត្ត​មួយ​នេះ​មាន​លក្ខណៈ​ល្អប្រសើរ​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​។

ក្រៅពីនេះ នៅក្នុង​ទី​រួម​ខេត្តព្រះវិហារ​ក៏បាន​រៀបចំ​អោយមាន​សោភណភាព​គួរ​ជាទី​ទាក់ទាញ​ផងដែរ ដូចជា​ការស្ថាបនា​អោយមាន ជា​សួនច្បារ រង្វង់​មូល និង​សួន​កុមារ​ ដែល​បំពាក់​ដោយ​ឧបករណ៍​សម្រាប់​អោយ​កូនក្មេង​លេង​ជាដើម​។ ប៉ុន្តែ ប៉ុណ្ណេះ នៅ​មិន​គ្រប់គ្រាន់​ទេ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ ដឹកនាំ​ដោយ​លោក​សំ លាង​ទ្រី​ជា​ប្រធាន តាម​ការចង្អុល​ណែនាំ​ពី​លោក​អ៊ុន ចាន់​ដា អភិបាល​ព្រះវិហារ បាននិងកំពុង​ធ្វើ​សកម្មភាព​សាងសង់​ផ្លូវភ្លោះ​ក្នុង​ក្រុង​ព្រះវិហារ​មួយ​ខ្សែ​ថែមទៀត ដោយ​រៀបចំ​អោយទៅជា​សួន​ពុះ​ទ្រូងផ្លូវ រូ​ម​ទាំង​ការដាំ​ដើមឈើ ដាំ​ស្មៅ និង​បំពាក់​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​នៅ​លើ​សួន​កណ្តាល​ទ្រូង​នេះ​ថែមទៀត។

លោក​សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បាន​អោយ​ដឹង​ថា ការដ្ឋាន សាងសង់​ផ្លូវភ្លោះ​ក្នុង​ក្រុង​ព្រះវិហារ​នេះ មាន​ប្រវែង​២១៧០​ម៉ែត្រ ទទឹង​សួន​ពុះ​ចែក​ទ្រូងផ្លូវ​នេះ​មាន​ទំហំ​១​ម៉ែត្រ​៤​តឹក មាន​ដាំ​ដើមឈើ ដាំ​ស្មៅ បំពាក់​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​LED និង​មាន​ផ្លូវ​សងខាង​១៨​ម៉ែត្រ​ រួមទាំង​ដាក់​ខឿន​សងខាង នៃ​ចិញ្ចើម​ផ្លូវ​ផងដែរ។

លោក​សំ លាង​ទ្រី បានបញ្ជាក់​ផងដែរ​ថា នៅ​ខេត្តព្រះវិហារ មាន​រថយន្ត​តូច​ដែល​បាន​ចុះបញ្ជី​រួច​មាន​ចំនួន​៥០០​គ្រឿង​។ អញ្ចឹងទេ កំណាត់​ផ្លូវ​នេះ បើទោះបីជា​ទៅមុខ​១០​ឆ្នាំ​ទៀត​ក៏​មិនមាន​ការកកស្ទះ​ចរាចរណ៍​ដែរ​។​ក្រោយ​ការស្ថាបនា​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​នេះ​រួច ក្រុង​ព្រះវិហារ​នឹង​បង្អួត​សម្រាស់​មួយកម្រិត​ទៀតហើយ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu