Ad Code

ឃុន ឌី​ម៉ា សាក​កណ្ដាប់ដៃ​ជាមួយ Khum Phit ខណៈ​យុគ យក្ស​ផ្លែ ​សងសឹក​Op Sai នៅ​សង្វៀន​SEATV



ប្រដាល់ ៖ អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា ​ឃុន ឌី​ម៉ា ក្លិប​រស្មី​ភូមិ​គាប​ខេត្ត​បន្ទាយមានជ័យ ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​Khum Phit លើ​សង្វៀន​SEATV នា​រសៀល​ថ្ងៃ​សៅរ៍​ ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​នេះ។

Khum Phit នេះ គេ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ពីរលើក​ហើយ ដោយ​មក​លើក​ទី​១ គេ​វាយ​ស្មើ​ពិន្ទុ​ជា​មួយ​ ឡៅ ចន្ទ្រា អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១(០៦​តុលា​) ​និង​មក​លើក​ទី​២ វាយ​ចាញ់​ពិន្ទុ​ មឿ​ន សុខ​ហ៊ុ​ច អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា​ដោយ​ពិន្ទុ​(២៧​តុលា​២០១៨)។ យ៉ាងណា Khum Phit ជា​ជើង​ខ្លាំង​មួយរូប​នៅ​ស្រុកថៃ និង​ជា​ម្ចាស់​ខ្សែក្រវាត់​ផងដែរ​។​ នេះ​បើតាម​ លោក​ ថៃ អ៊ូ អ្នកដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត​ឲ្យ​ដឹង។​

ទោះជា​យ៉ាងណា ការប្រកួត​លើក​នេះ ឃុន ឌី​ម៉ា មិនអាច​ធ្វេសប្រហែស​នឹង​ Khum Phit បានឡើយ ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ មិន​សាមញ្ញ​នោះទេ ឆ្លងតាម​ការប្រកួត​ជាមួយ​ មឿ​ន សុខ​ហ៊ុ​ច​ និង ​ឡៅ ចន្ទ្រា កន្លងមក​នោះ។

លោក ញាណ សុធី អ្នកចាត់ចែង​កម្មវិធី​ប្រដាល់​ប្រចាំ​នៅ​SEATV បាន​ឲ្យ​ដឹងថា Khum Phit​នេះ មាន​ប្រវត្តិ​ប្រកួត​តែ​ចំនួន​៧០​លើក​ប៉ុណ្ណោះ ក្នុងនោះ​វាយ​ឈ្នះ​៥៧​លើក ចាញ់​១១​លើក និង​ស្មើ​០៣​លើក ។ ​ចំណែក​ ឃុន ឌី​ម៉ា មាន​កំណត់​ត្រា​ប្រកួត​ចំនួន​១០០​លើក ឈ្នះ​៨៦​លើក ចាញ់​១២​លើក និង​ស្មើ​០២​លើក។​

យ៉ាងណា​សម្រាប់​ការជួបគ្នា​រវាង​ ឃុន ឌី​ម៉ា និង Khum Phit នេះ គេ​រំពឹងថា ឃុន ឌី​ម៉ា នឹង​ឈ្នះ​ការ​ប្រកួត​នេះ។ ​ដូច្នេះ​ចាំ​មើល តើ​ ឃុន ឌី​ម៉ា អាច​យកឈ្នះ​Khum Phit បាន​មែន​ឬ​អត់​សម្រាប់​ជំនួប​លើក​ដំបូង​នេះ?។​

ចំពោះ ​យុគ យក្ស​ផ្លែ អ្នក​ប្រដាល់​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ នឹងត្រូវ​ជួប​សងសឹក​ជាមួយ​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី​ឈ្មោះ​Op Sai ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គ​.​ក្រ។​ ការជួបគ្នា​លើក​មុន​(០៦​តុលា​២០១៨)​យក្ស​ផ្លែ​វាយ​ចាញ់ Op Sai ដោយ​ពិន្ទុ។

អ្នក​ប្រដាល់​ថៃ ដែល​យុគ យក្ស​ផ្លែ ត្រូវ​សងសឹក​វិញ​នេះ ជា​ជើង​ខ្លាំង​ស្រករ​ក្រោយ​មួយរូប​នៅ​ស្រុក​ថៃ។ Op Sai គេ​មាន​ជំនាញ​ប៉ិនប្រសប់​ក្នុងការ​ប្រើ​កណ្ដាប់​ដៃ។ គេ​មាន​ប្រវត្តិ​ប្រកួត​៥៩​លើក ដោយ​វាយ​ឈ្នះ​៥១​លើក ចាញ់​០៨​លើក មិនដែល​ស្មើ ខណៈ​ដែល​ យុគ យក្ស​ផ្លែ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១៦២​លើក ឈ្នះ​១៣២​លើក ចាញ់​២៦​លើក និង​ស្មើ​០៤​លើក។​

Op Sai ដែល​ធ្លាប់​ជួប ​យុគ យក្ស​ផ្លែ​ ម្ដង​ហើយ​នោះ សម្រាប់​ការ​ជួប​លើក​នេះ គេ​មិន​មាន​ការ​ព្រួយ​បារម្ភ​ទេ ព្រោះ​គេ​ស្គាល់​ពី​ថ្វីដៃ​របស់​ យក្ស​ផ្លែ​ ហើយ​នោះ។

យក្ស​ផ្លែ ការប្រកួត​ចុងក្រោយ​របស់គេ គឺ​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​Moeung Phit ក្នុង​ទឹក​ទី​៣ កាលពី​ថ្ងៃ​ទី​១២​តុលា​កន្លងមកនេះ។

ទោះជា​យ៉ាងណា ការ​ឈ្នះ​ចាញ់​រវាង​យុគ យក្ស​ផ្លែ និង Op Sai នេះ ពុំមាន​នរណា​ហ៊ាន​ទាយ​មុន​ថា​អ្នកណា​ឈ្នះ​នោះទេ សម្រាប់​ការជួបគ្នា​លើក​ទី​២​នេះ?​។​

ដោយឡែក ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ លន បញ្ញា អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ សូត្រ​ខេ​វិ​ន អ្នក​ប្រដាល់​ក្លិប​បក្សី​ស្លាប​ដែក​។ ​ពីរ​នាក់​នេះ​ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​។ ​រវាង​អ្នក​ប្រដាល់​ទាំង ពីរ​នាក់​នេះ តាម​ការ​កត់​សម្គាល់​ សូត្រ ខេ​វិ​ន ប្រហែលជា​មិន​អាច​ឈ្នះ​ លន បញ្ញា នោះ​ទេ​៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu