Ad Code

ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ថា អ្នក​រាយ​ការណ៍ អសប អត់​បាន​និយាយ​ពី​ករណី​លោក កឹម សុខា



ភ្នំពេញ ​៖ ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី បាន​អះអាង​ថា អ្នកស្រី រ៉ូ​ណា ស្មី​ត (Rhona Smith ) មិនបាន​លើកឡើង​ពី​បញ្ហា​លោក កឹម សុខា អតីត​មេដឹកនាំ​គណបក្សប្រឆាំង​ទេ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ប៉ុន្តែ​លោក​បាន​ប្រាប់​ពី​ករណីនេះ ទៅ​លោកស្រី Rhona Smith ផងដែរ​។



កាលពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ដឹកនាំ​ដោយ​លោក កែវ រ៉េមី បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​អ្នកស្រី រ៉ូ​ណា ស្មី​ត (Rhona Smith) អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា នៅក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​១១​ថ្ងៃ​នៅ​ប្រទេស​កម្ពុជា ដែល​ជំនួប​នេះ​បាន​ធ្វើឡើង​នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា នា​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ​។

លោក កែវ រ៉េមី បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយពី​ជំនួប​ពិភាក្សា​នោះ​ថា នៅក្នុង​ជំនួប​នោះ​លោកស្រី Rhona Smith បាន​លើកទឹកចិត្ត​ឲ្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ដើម្បី​ចុះ​ពិនិត្យមើល​ស្ថានភាព​អ្នក​ជាប់ពន្ធនាគារ​នៅ​ទូទាំង​ប្រទេស ដើម្បី​ដឹង​ពី​ស្ថានភាព​នៃ​ការរស់នៅ​របស់​ពួកគេ​យ៉ាង​ណា​ខ្លះ ដែល​ការងារ​នេះ លោក ជិន ម៉ា​លីន បាន​ដឹកនាំ​ដោយផ្ទាល់ ហើយ​លោក​ក៏បាន​ចុះទៅ​តាម​បណ្តា​ពន្ធនាគារ​ចំនួន​២​កន្លែង​ផង​ដែរ គឺ​ពន្ធនាគារ​នៅ​ខេត្តពោធិ៍សាត់ និង​មជ្ឈមណ្ឌល​សំចត​ព្រៃ​ស្ពឺ​។ ក្រោយពី​ទទួល​ព័ត៌មាន​ថា ស្ថានភាព​អ្នក​ជាប់ពន្ធនាគារ​មាន​ភាព​ល្អប្រសើរ លោកស្រី រ៉ូ​ណា ស្មី​ត ក៏បាន​លើកទឹកចិត្ត​ឲ្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បន្តការងារ​នេះ​តទៅទៀត និង​ជំរុញ​ឲ្យ​ចុះ​ទៅកាន់​ទីតាំង​បន្សាប​គ្រឿងញៀន និង​ទីតាំង​ជនអន្តោប្រវេសន៍ ដែល​ត្រូវ​បាន​ឃាត់ខ្លួន ក្រោយ​ការរស់នៅ​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់​ជាដើម​។



តាម​លោក កែវ រ៉េមី ក្រៅពី​បញ្ហា​ខាង​លើ​នេះ លោកស្រី Rhona Smith ក៏បាន​ស្នើ​ឲ្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា យកចិត្តទុកដាក់​ពិនិត្យ​ទៅលើ​ការធ្វើ​សេចក្តីព្រាងច្បាប់​នានា ក្រែង​មាន​ផលប៉ះពាល់ និង​ការរំលោភ​សិទ្ធិ​មនុស្ស​ផ្សេងៗ ហើយ​ដោយសារតែ​គណបក្ស​ប្រជាជន​កម្ពុជា​បានឈ្នះ​ឆ្នោត​ដឹកនាំ​រាជរដ្ឋាភិបាល​តែឯង លោកស្រី រ៉ូ​ណា ស្មី​ត បាន​ជំរុញ​ឲ្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ដើរ​តួនាទី​ឲ្យ​បាន​ខ្លាំង ដើម្បី​ជៀសវាង​ផល​ប៉ះពាល់​សិទ្ធិ​របស់​ប្រជាពលរដ្ឋ នៅពេល​អនុម័ត​ច្បាប់​ផ្សេងៗ​។ ទាក់ទង​ការអនុវត្ត​ច្បាប់​នេះ​ដែរ លោក កែវ រ៉េមី បាន​អះអាងថា កម្ពុ​ជា​មាន​ស្ថានភាព​ល្អ​ប្រសើរ​ជាង​បណ្តា​ប្រទេស​ផ្សេងៗ ហើយ​ចំពោះ​បញ្ហា​នេះ​អ្នករាយការណ៍​ពិសេស​អ​.​ស​.​ប​ក៏បាន​ឯកភាព​ផងដែរ​។

ទាក់ទង​ការប្រកាស​ទ្រព្យសម្បត្តិ លោក កែវ រ៉េមី បាន​អះអាង​ថា ក្រុមប្រឹក្សា​ប្រឆាំង​អំពើពុករលួយ ដែល​មាន​ទេសរដ្ឋមន្ត្រី ឱ​ម យ៉ិនទៀង ជា​ប្រធាន នៅពេល​មាន​កិច្ចប្រជុំ​ម្តងៗ បានលើកឡើង​ពី​ការប្រកាស​ទ្រព្យសម្បត្តិ ដោយ​ពិភាក្សា​វែកញែក​យ៉ាង​តឹងតែង ពីព្រោះ​មាន​បុគ្គល​ខ្លះ ដែល​ត្រូវ​បានតែងតាំង​ដោយ​ព្រះរាជក្រឹត្យ ប៉ុន្តែ​ពួកគាត់​មិនបាន​ប្រកាស​ទ្រព្យសម្បត្តិ​ឡើយ ហើយ​តាមច្បាប់​ការ​មិន​ប្រកាស​ទ្រព្យសម្បត្តិ​ត្រូវតែ​ទទួលទោស ប៉ុន្តែ​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា បាន​ពិភាក្សា​គ្នា​ស្វែងរក​ការយោគយល់​ណាមួយ ដូច​ពាក្យចាស់​និយាយ​ថា “​មិន​ឲ្យ​ប៉ះ​ដៃ​យកដៃ ប៉ះ​ជើង​យក​ជើង​”​។ លោក​បញ្ជាក់​ថា កម្ពុជា​ជា​ប្រទេស​មួយ​មាន​ភាពងាយស្រួល​ក្នុង​ការ​រស់នៅ​។



ហេតុនេះ​ហើយ​ទើប​លោក​អញ្ជើញ​លោកស្រី រ៉ូ​ណា ស្មី​ត នៅពេល​ចូលនិវត្តន៍ គឺ​អាច​មក​ចូលនិវត្តន៍​នៅ​ប្រទេស​កម្ពុជា​បាន ពីព្រោះ​បើ​តាម​របាយការណ៍​ប្រទេស​កម្ពុជា គឺជា​ប្រទេស​ទី​ពីរ ដែលមាន​ស្ថាន​ភាពល្អ​សម្រាប់​អ្នក​ចូលនិវត្តន៍​។

​ទាក់ទង​បញ្ហា​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា លោក កែវ រ៉េមី បាន​អះអាង​ថា នៅក្នុង​ជំនួប​ពិភាក្សា​នោះ លោកស្រី Rhona Smith មិនបាន​លើកឡើង​ពី​បញ្ហា​នេះ​ទេ ប៉ុន្តែ​លោក​បាន​ជម្រាប​ជូន​លោកស្រី រ៉ូ​ណា ស្មី​ត អំពី​បញ្ហា​នេះ ដោយបាន​បញ្ជាក់​ថា ករណី​ដែល​លោក កឹម សុខា មក​ស្នាក់នៅ​ក្នុងផ្ទះ​នេះ គឺជា​រឿង​ល្អ​ប្រសើរ ហើយ​គណៈកម្មការ​សិទ្ធិមនុស្ស​អបអរ​សាទរ​ចំពោះ​បញ្ហា​នេះ ដោយសារតែ​សុខភាព​គាត់​មិនល្អ ដូច្នេះ​តាម​ការស្នើសុំ និង​តាម​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម បានអនុញ្ញាត​ឲ្យ​គាត់​មក​នៅផ្ទះ​វិញ ដែល​ជា​បញ្ហា​មួយ​ល្អប្រសើរ​យ៉ាងខ្លាំង ដើម្បី​ទទួល​បាន​ការថែទាំ​ពី​ក្រុម​គ្រួសារ ក៏ដូចជា​គ្រូពេទ្យ​។

លោក​បញ្ជាក់​ថា “​នៅក្នុង​ច្បាប់​យើង​កុំ​និយាយ​ថា ឃុំ​នៅក្នុង​ផ្ទះ នៅក្នុង​ច្បាប់​យើង​អត់​មាន​និយាយ​ការ​ឃុំខ្លួន​នៅក្នុង​ផ្ទះ​ទេ ដូច្នេះ​នេះ ទាក់ទង​ទៅ​នឹង​ជំងឺ​របស់​គាត់ ដូច្នេះ​ខ្ញុំ​គិតថា ជា​រឿង​ល្អ​ប្រសើរ​ជា​ការ​គោរព​សិទ្ធិ​មនុស្ស​ពីព្រោះ​សុខភាព​របស់គាត់ មិនល្អ គេ​អនុញ្ញាត​ឲ្យ​ជួប​ប្រពន្ធ​កូន ក្រុម​គ្រួសារ ខ្ញុំ​ថា ល្អ​មែនទែន​”៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu