លោក Joaquin “El Chapo” Guzman ត្រូវឡើងតុលាការក្នុងទីក្រុងញូវយ៉កនៅថ្ងៃចន្ទដោយត្រូវបានចោទប្រកាន់ពីបទដឹកនាំក្រុមជួញដូរថ្នាំញៀនដ៏ធំបំផុតរបស់ពិភពលោកនិងបានចំណាយពេលជាង២៥ឆ្នាំក្នុងការរត់ពន្ធកូកាអ៊ីនជាង១៥៥តោនចូលសហរដ្ឋអាមេរិក។
សវនាការនៅសង្កាត់ Brooklyn ដែលនឹងត្រូវចំណាយទឹកប្រាក់រាប់លានដុល្លារហើយត្រូវបានគេរំពឹងថានឹងមានរយៈពេលជាងបួនខែនោះគឺនឹងត្រូវបានគេមើលឃើញថា ឧក្រិដ្ឋជនដ៏ល្បីល្បាញបំផុតរបស់ពិភពលោករូបនេះត្រូវប្រឈមនឹងប្រព័ន្ធយុត្តិធម៌របស់សហរដ្ឋអាមេរិក។
រដ្ឋអាជ្ញាបានចំណាយពេលច្រើនឆ្នាំដើម្បីប្រមូលផ្តុំករណីប្រឆាំងលោក Guzman ដែលត្រូវបានគេធ្វើបត្យាប័ននៅឆ្នាំ២០១៧បន្ទាប់ពីបានរត់គេចខ្លួនពីរដងនៅក្នុងពន្ធនាគារម៉ិកស៊ិក។
ក្រុមអ្នកជំនាញបាននិយាយថា រដ្ឋាភិបាលទំនងជាបញ្ជូនលោក Guzman អាយុ៦១ឆ្នាំទៅពន្ធនាគារសន្តិសុខអតិបរមារបស់សហរដ្ឋអាមេរិកសម្រាប់ពេលវេលានៅសេសសល់នៃជីវិតរបស់គាត់បន្ទាប់ពីការសម្រេចរបស់គណៈវិនិច្ឆ័យបានចាប់ផ្តើមនៅថ្ងៃចន្ទ។
ក្រុមជួញដូរ Sinaloa ដែលលោក Guzman បង្កើតក្នុងឆ្នាំ១៩៨៩នៅតែមានឥទ្ធិពលខ្លាំងក្លា។ ដៃគូរបស់គាត់ឈ្មោះ Ismael “El Mayo” Zambada នៅតែរត់គេចខ្លួននៅឡើយហើយការជួញដូរគ្រឿងញៀននៅតែបន្តឥតឈប់ឈរក្នុងប្រទេសម៉ិកស៊ិក។
ការសម្រេចរបស់ចៅក្រមនឹងត្រូវធ្វើឡើងនៅក្នុងការការពារយ៉ាងតឹងរ៉ឹងដែលបានបម្រុងទុកសម្រាប់តែចុងចោទរូបណាដែលមានគ្រោះថ្នាក់បំផុតប៉ុណ្ណោះ។ ចៅក្រម Brian Cogan នឹងធ្វើជាអធិបតីនៅក្នុងដំណើរការបិទទ្វារ។
យោងតាមការចោទប្រកាន់បានឲ្យដឹងថា ក្រុមជួញដូរ Sinaloa ដែលលោក Guzman ត្រូវបានគេចោទប្រកាន់ថាបានដឹកនាំពីឆ្នាំ១៩៨៩ដល់ឆ្នាំ២០១៤គឺបានក្លាយជា “អង្គការជួញដូរគ្រឿងញៀនធំបំផុតនៅលើពិភពលោកដែលមានសមាជិករាប់ពាន់នាក់”។
រដ្ឋអាជ្ញាអាមេរិកបានអះអាងថា ចាប់ពីឆ្នាំ១៩៨៩ដល់ឆ្នាំ២០១៤ ក្រុមជួញដូរគ្រឿងញៀននេះបានរត់ពន្ធកូកាអ៊ីនយ៉ាងហោចណាស់១៥៤,៦២៦គីឡូក្រាមចូលក្នុងសហរដ្ឋអាមេរិកព្រមទាំងហេរ៉ូអ៊ីន មេតំហ្វេតាមីននិងកញ្ឆាផងដែរដែលប្រមូលបានប្រាក់១៤ពាន់លានដុល្លារអាមេរិក។
ទោះបីជាយ៉ាងណាក៏ដោយ លោក Guzman បានអះអាងថាមិនមានទោសទេប៉ុន្តែរដ្ឋាភិបាលបានបង្ហាញភស្តុតាងច្រើនណាស់ដែលមានជាង៣០០,០០០ទំព័រនិងខ្សែអាត់សំឡេងយ៉ាងហោចណាស់១១៧,០០០៕ AFP
Source: Kampuchea Thmey Daily
0 Comments