ភ្នំពេញ ៖ អតីតប្រធានមន្ទីរ ស-២១ កាំង ហ្គេចអ៊ាវ ហៅឌុច អាចនឹងបញ្ជូនទៅកាន់ពន្ធនាគារនៅខេត្តកណ្តាលវិញនៅសប្តាហ៍នេះ បន្ទាប់ពីស្ថានភាពជំងឺបានធូរស្រាល នេះបើតាមការបញ្ជាក់ពីក្រុមគ្រូពេទ្យ។
កាំង ហ្គេចអ៊ាវ ហៅឌុច ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជ័យជំនះនៅខេត្តកណ្តាល កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ បន្ទាប់ពីមានអាការៈហត់ ហាក់ដូចជាថប់ដង្ហើម ហើយនៅថ្ងៃទី២១ ខែតុលា ក្រុមគ្រូពេទ្យមន្ទីរពេទ្យជ័យជំនះ បានសម្រេចបញ្ជូនទៅមន្ទីរពេទ្យរុស្ស៊ី នារាជធានីភ្នំពេញ ហើយបានបញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់ភ្លាមៗ។
ទាក់ទងបញ្ហានេះ លោក ចាត ស៊ីនាង ប្រធានពន្ធនាគារខេត្តកណ្តាលបានថ្លែងប្រាប់កម្ពុជាថ្មីកាលពីរសៀលថ្ងៃទី០៥ ខែវិច្ឆិកា ថា មកដល់ពេលនេះ ស្ថានភាពឌុច ហាក់ដូចជាប្រសើរឡើងវិញហើយ។ លោកបញ្ជាក់យ៉ាងនេះថា “ខ្ញុំបានទៅមើលគាត់ប្រហែល២ថ្ងៃមុន ឃើញថា គាតមានអាការៈល្អជាងមុនឆ្ងាយ តែរឿងបញ្ជូនទៅវិញថ្ងៃណា ខ្ញុំមិនដឹងទេ ខ្ញុំគិតតែពីការពារសន្តិសុខទេ រឿងបញ្ហាពេទ្យឲ្យយកថ្ងៃណា ខ្ញុំយកថ្ងៃហ្នឹង បញ្ហាថាឲ្យខ្ញុំកំណត់ថាថ្ងៃណានោះ មិនដឹងទេ ពីព្រោះបញ្ហាសុខភាពមិនមែនខ្ញុំទេរឿងហ្នឹង ហើយពេទ្យនៅតែតាមដានរហូត”។
ទាក់ទងបញ្ហានេះដែរ អនុប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត លោកវេជ្ជបណ្ឌិត ចាន់ វិចត្រ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ស្ថានភាពសុខភាពឌុចបានធូរច្រើនហើយ ដោយគាត់អាចដកដង្ហើមវិញបានស្រួល និងដូរពីការព្យាបាលដោយថ្នាំចាក់មកថ្នាំលេបវិញ។ លោកបញ្ជាក់ថា នៅសប្តាហ៍នេះ ឌុច អាចត្រឡប់ទៅពន្ធនាគារវិញបានហើយ។
កាំង ហ្គិចអ៊ាវ ហៅឌុច ត្រូវបានផ្ទេរពីពន្ធនាគាររបស់សាលាក្តីខ្មែរក្រហម កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៣ ទៅកាន់ពន្ធនាគារខេត្តកណ្តាល ក្រោយពីការប្រកាសសាលដីការបស់អង្គជំនុំជម្រះសាលាក្តីខ្មែរក្រហម នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២។ ឌុច ត្រូវបានកាត់ទោសពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមពាក់ព័ន្ធជាមួយ នឹងតួនាទីរបស់គាត់ជាប្រធានគុកទួលស្លែង ឬស-២១ ដែលគុកទួលស្លែងនេះ គឺជាគុកសម្ងាត់ ហើយជាកន្លែងដែលស្និទ្ធទៅនឹងបក្សកុម្មុយនិស្តកម្ពុជា ហើយត្រូវបានគេដឹងថា មានមនុស្សយ៉ាងហោចណាស់១៥០០០នាក់ ដែលត្រូវបានចាប់ខ្លួនឃុំបញ្ជូនទៅមន្ទីរសន្តិសុខ ស-២១ ដើម្បីធ្វើការសួរចម្លើយ និងយកទៅសម្លាប់ចោល ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ១៩៧៩។
តាមសាលដីការបស់អង្គជំនុំជម្រះតុលាការកំពូល ដែលចេញនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១២ គឺបានសបម្រេចផ្តន្ទាទោសលោកកាំង ហ្គិចអ៊ាង ហៅឌុច ដាក់ពន្ធនាគារអស់មួយជីវិត ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋសង្គ្រាម។ ឧក្រិដ្ឋកម្មដែល កាំង ហ្គិចអ៊ាវ ហៅឌុច បានប្រព្រឹត្តនៅក្នុងរឿងក្តីនេះ គឺជាឧក្រិដ្ឋកម្មមួយនៅក្នុងចំណោមឧក្រិដ្ឋកម្មដ៏អាក្រក់បំផុត នៅក្នុងកំណត់ត្រាប្រវត្តិសាស្ត្ររបស់មនុស្សជាតិ៕
Source: Kampuchea Thmey Daily
0 Comments