Ad Code

អ្នករត់​ម៉ូតូ​ម្នាក់​ត្រូវ​ជនសង្ស័យ​២​នាក់​កាប់​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​ ខណៈ​អង្គុយចាំ​យកលុយ​គេ​ពេលយប់



ភ្នំពេញ ​៖ បុរស​ជា​អ្នក​រត់ម៉ូតូឌុប​ម្នាក់​ ត្រូវ​បាន​ជនសង្ស័យ​២​នាក់​កាប់​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​ទៅ​បាត់​និង​បណ្ដាល​ឲ្យ​របួស​ដៃស្រាល ​ខណៈ​ដែល​រូបគាត់​នៅ​អង្គុយចាំ​យកលុយ​ពី​នារី​ម្នា​ក់នៅ​ចំណុច​ផ្លូវ​រថភ្លើង​សង្កាត់​ទួល​សង្កែ​១។

ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មាន​ការណ៍​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨ និង​៤៥​នាទី​យប់​នៅ​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ទំនប់​៧០ កែង​ផ្លូវ​រថភ្លើង​ភូមិ​ចុង​ខ្សាច់​សង្កាត់​ទួល​សង្កែ១ ​ខណ្ឌឫស្សីកែវ។

ជនរងគ្រោះ​មានឈ្មោះ កន នាង ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ​អ្នក​រត់​ម៉ូតូឌុប ទី​កនែ្ល​ង​កំណើត ឃុំ​ព្រែកកុយ ស្រុក​កងមាស ខេត្តកំពង់ចាម​ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​ទ្រុងមាន់​សង្កាត់អូបែកក្អម ​ខណ្ឌ​សែន​សុខ​ ម៉ូតូ​ដែល​ក្រុម​ជនសង្ស័យ​កាប់​ប្លន់​យក​ទៅ​នោះ​ម៉ាក​SUZUKI SMASH ព​ណ៌​ខ្មៅ​លាយ​ក្រហម​ ពាក់​ស្លាក​លេខ​ភ្នំពេញ​.2BL-8439។



បើ​តាម​សំដី​ជនរងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បាន​ឌុប​នារី​ម្នាក់​ក្នុង​តំលៃ​៤០០០​រៀល​ចេញពី​វិហារ​ឥស្លាម​នៅ​ម្តុំ​បឹងកក់​សង្កាត់​ស្រះចក ​ខណ្ឌដូនពេញ​ មក​ចំណុច​កើត​ខាងលើ​ ខ​ណៈ​ឌុប​មកដល់​ នារី​ម្នាក់​នោះ​ចុះ​ពីលើ​ម៉ូតូ​បាន​ប្រាប់​គាត់​ឲ្យ​ចាំ​គាត់​មួយ​ភ្លែត​ហើយ​ដើរចូល​ទៅតាម​បណ្តោយ​ផ្លូវ​រថភ្លើង​បាត់​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​យក​កាំបិត​កាប់​ប្លន់​យក​ម៉ូតូ​ម៉ាក​ស្មាស​វី​មួយគ្រឿង​បណ្ដាល​ឲ្យ​ជនរងគ្រោះ​រងរបួស​ដៃ​ខាងឆ្វេង​ស្រាល​នៅ​ពេល​នោះ​រូប​គាត់​ក៏បាន​ស្រែកហៅ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ជួយ​ប៉ុន្តែ​គ្មាន​អ្នក​ហ៊ាន​ចូល​ជួយ​ទេ ​ព្រោះ​ជនសង្ស័យ​មាន​កាំបិត​ជាប់ដៃ ក៏​បណ្ដាល​ឲ្យ​ជនសង្ស័យ​ទាំង​២​នាក់​យក​ម៉ូតូ​ជិះ​យក​ទៅ​គេចខ្លួនបាត់​ដោយ​សុវត្ថិភាព​។

ក្រោយ​កើតហេតុ​ជនរងគ្រោះ​បាន​ត្រឹម​តែ​ទៅ​ដាក់​ពាក្យបណ្ដឹង​ទាំងអស់​សង្ឃឹម​នៅ​ប៉ុស្តិ៍នគរបាល​ទួល​សង្កែ​១​ ដើម្បី​ឲ្យ​នគរបាល​ជួយ​ស្រាវជ្រាវ​រកមុខ​ជនសង្ស័យ​ចាប់​មក​ផ្តន្ទាទោស​តាមច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu