Ad Code

កងកម្លាំង​មួក​ខៀវ​កម្ពុជា​ចំនួន​២៨៩​នាក់ ធ្វើ​មាតុភូមិនិវត្តន៍​ដោយ​សុវត្ថិភាព



ភ្នំពេញ​ ៖ កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា ចំនួន​២៨៩​នាក់ បាន​ធ្វើ​មាតុភូមិនិវត្តន៍​មកកាន់​ប្រទេស​កម្ពុជា​វិញ​ដោយ​សុ​វត្ថ​ភាព នៅ​ព្រឹក​ថ្ងៃទី ៥ ខែវិច្ឆិកា​នេះ បន្ទាប់ពី​បញ្ចប់​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ (UN) នៅ​ប្រទេស​អាហ្វ្រិក​កណ្តាល និង​ស៊ូដង់​ខាងត្បូង​។

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​លោក Hubert Staber hofer អ្នកតំណាង​នៃ​ប្រព័ន្ធ​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ទទួល​ការមកដល់​នៃ​កងទ័ព​មួក​ខៀវ​កម្ពុជា​នេះ​។

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​មានប្រសាសន៍​លើកឡើង​ថា ក្រោម​ការដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើ​ឲ្យ​កម្ពុជា​រីកមុខ រីក​មាត់ នៅ​លើក​ឆាក​អន្តរជាតិ និង​តំបន់ ដែល​ខុសស្រឡះ​ពី​ក្រុមមនុស្ស​មួយចំនួន ដែល​ថ្មី​នេះ បាន​នាំ​គ្នា​ធ្វើ​ព្យុះភ្លៀង​នៅ​អង្គការសហប្រជាជាតិ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​កម្ពុជា​ធ្លាក់ចូល​ក្នុង​ភាព​អន្តរាយ​។ សម្តេច​បញ្ជាក់​ថា អង្គការសហប្រជាជាតិ និង​ប្រទេស​កម្ពុជា តែងតែ​ធ្វើការ​ជាមួយគ្នា​ជានិច្ច ទោះ​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ គឺ​កម្ពុជា​តែងតែ​គាំទ្រ​នូវ​សំណូមពរ​របស់​អង្គការសហប្រជាជាតិ​ជានិច្ច ទៅតាម​លទ្ធភាព និង​សមត្ថភាព​របស់​ខ្លួន​មាន​។ មិនតែប៉ុណ្ណោះ​អង្គការ​សហ​ប្រជា​តិ និង​កម្ពុជា តែងតែ​គិតគូរ​រៀបចំ​កម្លាំង​របស់​ខ្លួន ដើម្បី​ចេញទៅ​ចូលរួម​ប្រតិបត្តិ​ការរក្សា​សន្តិភាព នៅតាម​បណ្តា​ប្រទេសមួយ​ចំនួន​ក្នុង​ទ្វីប​អា​ហ្វ្រិ​ច និង​តំបន់​មជ្ឈិមបូព៌ា​ផង​ដែរ​។



សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បន្ថែមថា បន្ទាប់ពី​កម្ពុជា ទទួល​បាន​សុខសន្តិភាព ស្ថិរភាព​នយោបាយ​ពេញលេញ​នៅក្នុង​ប្រទេស រាជរដ្ឋាភិបាល​បាន​ចូល​ចំណែក​មួយចំនួន ដោយ​បាន​បញ្ជូន​កម្លាំង​របស់ខ្លួន​ឲ្យ​ចូល​រួម​ប្រតិបត្តិ​ការរក្សា​សន្តិភាព នៅ​តាម​បណ្តា​ប្រទេស​នានា ដែល​ជួប​នូវ​បញ្ហា​សង្គ្រាម ដូចដែល​កម្ពុជា​ធ្លាប់​ជួបប្រទះ​កាលពី​អតីតកាល ហើយ​កម្ពុជា​នឹង​ខំ​ធ្វើ​យ៉ាង​ណា​ចូលរួម​ចំណែក​ជាមួយ​បណ្តា​ប្រទេស​នានា​លើ​សកលលោក ដើម្បី​ថែរក្សា​សុខសន្តិភាព តាម​អ្វីដែល​កម្ពុជា​អាចធ្វើ​ទៅបាន​។

ឆ្លៀតឱកាស​នោះដែរ លោក Hubert Staberhofer បាន​ថ្លែង​ថា ការ​រក្សា​សន្ដិភាព​អង្គការសហប្រជាជាតិ គឺជា​ការ​វិនិយោគ ក្នុង​សន្ដិសុខ​សន្ដិភាព និង​ការ​រុងរឿង​ក្នុង​សកលលោក​។ នៅ​ជុំវិញ​ពិភពលោក កម្លាំង​មួក​ខៀវ គឺជា​និមិត្ត​ដ៏​ជាក់លាក់​នៃ​ការប្ដេជ្ញាចិត្ត​របស់រប​ស់​រដ្ឋធម្មនុញ្ញ «​គឺ​ដើម្បី​សង្គ្រោះ​មនុស្ស​ជំនាន់​ក្រោយ​ពីស​ង្គ្រោ​មរ៉ាំ​វៃ​»​។

ជា​មួយ​គ្នា​នេះ​ដែរ នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង កងកម្លាំង​រក្សា​សន្ដិភាព​បោសសំអាត​មីន និង​កាកសំណល់​សង្គ្រាម បាន​បង្ហាញថា ក្នុង​រយៈពេល​១២​ឆ្នាំ​មកនេះ កម្ពុជា​បាន​ទទួល​ស្នាដៃ​ដ៏​ធំធេង​ជាច្រើន​រួមមាន ការ​ដោះមីន ការ​កម្ទេច​គ្រាប់​មិនទាន់​ផ្ទុះ ការស្ថាបនា​សំណង់​ផ្ដេក​-​បញ្ឈរ ការជីក​អណ្ដូង​ទឹកស្អាត ដោយ​កម្ពុជា​ទទួលបាន​លំដាប់​ល្អ​ជាងគេ ក្នុង​តំបន់​បេសកកម្ម ដែល​ហានិភ័យ​ខ្ពស់ ដែល​ប្រទេស​មួយចំនួន​មិន​ឆ្លើយតប​ទៅនឹង​ការស្នើសុំ​របស់ អ​.​ស​.​ប​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu