Ad Code

កម្ពុជា ស្នើ​ឲ្យ ប្រទេស​កាតា ពិនិត្យមើល​លទ្ធភាព​សហការ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក​ដើម្បី​បោះទុន​វិនិយោគ​លើ​គម្រោង​ផលិត​ជី​និង​ថ្នាំ​កសិកម្ម​នៅ​កម្ពុជា



ភ្នំពេញ​ ៖​ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ស្នើ​សុំ​ឲ្យ ប្រឹក្សា​ប្រតិបត្តិ​ជាន់ខ្ពស់​សម្រាប់​យុទ្ធសាស្ត្រ និង​ការអភិវឌ្ឍន៍​នៃ​វិស័យ​ប្រេង ឧស្ម័ន និង​ថាមពល មកពី​ប្រទេស​កាតា ពិនិត្យមើល​លទ្ធភាព​សហការ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក​ដើម្បី​បោះទុន​វិនិយោគ​លើ​គម្រោង​ផលិត​ជី​និង​ថ្នាំ​កសិកម្ម​នាពេលខាងមុខ​។

ការ​ស្នើ​សុំ​របស់ លោក វេ​ង សាខុន បានធ្វើ​ឡើង កាលពី ថ្ងៃ​០២ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នៅក្នុង​ជំនួប​ជាមួយ បណ្ឌិត Ben Yahia ទីប្រឹក្សា​ប្រតិបត្តិ​ជាន់ខ្ពស់​សម្រាប់​យុទ្ធសាស្ត្រ និង​ការអភិវឌ្ឍ​ន៍នៃ​វិស័យ​ប្រេង ឧស្ម័ន និង​ថាមពល មកពី​ប្រទេស​កាតា ចូលជួប​សម្តែង​ការគួរសម នៅឯ​ទីស្តីការក្រសួង។



លោក​បណ្ឌិត បាន​ថ្លែងអំណរគុណ​ដល់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ដែល​បាន​អនុញ្ញាត​ឲ្យ​លោក និង​ប្រតិភូ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។ លោក​បញ្ជាក់​ថា លោក​បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ជា​លើកទីមួយ ដើម្បី​ស្វែងយល់​ពី​សក្តានុពល​ក្នុងការ​វិនិយោគ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា ជាពិសេស​ទៅលើ​ការផលិត​ជី និង​ថ្នាំ​កសិកម្ម ព្រោះ​កម្ពុជា​ជា​ប្រទេស​កសិកម្ម ហើយ​ប្រទេស​កាតា មាន​វត្ថុធាតុដើម​ជាច្រើន​ដែល​អាច​យកមក​ធ្វើការ​កែច្នៃ ផ្គត់ផ្គង់ និង​ចែកចាយ​នៅក្នុង​ប្រទេស និង​តំបន់​បាន​។

ឆ្លៀតឱកាស​នោះ លោក​រដ្ឋមន្ត្រី បានបង្ហាញ​នូវ​ការស្វាគមន៍​និង​គាំទ្រ​ចំពោះ​គម្រោង​វិនិយោគ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។ លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា​ កម្ពុ​ជាមាន​សក្តានុពល​វិស័យ​កសិកម្ម បើ​ប្រៀបធៀប​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ ដោយឡែក​កម្ពុ​ជាមាន​តម្រូវការ​ផ្នែក​កសិឧស្សាហកម្ម ជាពិសេស​ការកែច្នៃ​ជី និង​ថ្នាំ​កសិកម្ម ជា​វត្ថុធាតុដើម​ដ៏​សំខាន់ ដែល​អាច​ចូលរួម​ចំណែក​គាំទ្រ​ដល់​កសិករ​កម្ពុជា​ក្នុងការ​កាត់បន្ថយ​ថ្លៃដើម​ផលិតកម្ម ព្រោះ​បច្ចុប្បន្ន​កម្ពុ​ជាមាន​ក្រុមហ៊ុន​អាជីវកម្ម​ជី និង​ថ្នាំ​ជាច្រើន​ដែល​បាននឹងកំពុង​នាំចូល​ផលិតផល​ជី​ថ្នាំ​ពី​ប្រទេសជិតខាង​។ ដូច្នេះ លោក​រដ្ឋមន្ត្រី​សង្ឃឹមថា លោក​បណ្ឌិត អាច​និង​ពិនិត្យមើល​លទ្ធភាព​សហការ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក​ដើម្បី​បោះទុន​វិនិយោគ​លើ​គម្រោង​ផលិត​ជី​និង​ថ្នាំ​កសិកម្ម​នាពេលខាងមុខ​នេះ​។

ទន្ទឹម​នឹង​នេះ លោក​រដ្ឋមន្ត្រី ក៏បាន​ផ្តាំផ្ញើ​ដល់ លោក​បណ្ឌិត ឲ្យ​ជួយ​ជំរុញ​ដល់​ការ​សហការ​នាំចេញ​ផលិតផល​កសិកម្ម​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​កាតា​ផងដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu