Ad Code

អភិបាល​រាជធានី​ភ្នំពេញ អញ្ជើញ​ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី Pauline CARMONA



ប្រទេស​បារាំង ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ រួម​ដំណើរ​ដោយ​លោក ចែម វិទ្យា ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​បារាំង និង​គណៈប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ចូល​ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី Pauline CARMONA អនុប្រធាននាយកដ្ឋាន​កិច្ចការ​អា​ស៊ី និង​អូ​សេ​អា​នី នៃ​ក្រសួង​កិច្ចការបរទេស​សាធារណរដ្ឋ​បារាំង នា​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​។



ក្នុង​ជំនួប​ពិភាក្សា​ការងារ លោក​អភិបាល​បាន​លើកឡើង​អំពី​ទំនាក់ទំនង​ដ៏​យូរអង្វែង​របស់​កម្ពុជា​-​បារាំង ដែល​បាន​ជួយ​ជ្រោមជ្រែង​ប្រទេស​កម្ពុជា​ក្នុងការ​ស្វែងរក​សន្តិភាព និង​បាន ថ្លែងអំណរគុណ ដល់​រដ្ឋាភិបាល​បារាំង ក៏ដូចជា​ទីក្រុង​ប៉ារីស ដែល​បាន​ផ្ដល់​ជំនួយ​ជា​បន្តបន្ទាប់ រួមទាំង​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ និង​បច្ចេកទេស​ក៏​ដូច​ការបណ្ដុះបណ្ដាល​ធន​ធាន​មនុស្ស​ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្នុង​ក្រម​ខណ្ឌ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី នាពេល​កន្លងមក​។



ឆ្លៀត​ក្នុង​ឱកាស​នោះ​ផងដែរ លោក​អភិបាល បាន​ស្នើ​ក្រសួង​កិច្ចការបរទេស​នៃ​សាធារណរដ្ឋ​បារាំង តាមរយៈ​លោកស្រី CARMONA និង​នាយកដ្ឋាន​កិច្ចការ​អា​ស៊ី និង​អូ​សេ​អា​នី បន្ត​ការ​គាំទ្រ​បន្ថែម​ទៀត​ លើ​កិច្ចការ​សហប្រតិបត្តិការ​ទ្វេភាគី រវាង​កម្ពុជា​-​បារាំង និង​រាជធានី​ភ្នំពេញ​-​ទីក្រុង​ប៉ារីស ព្រមទាំង​បន្ត​គាំទ្រ​លើ​គម្រោង​នានា ដែល​អាចជួយ​ឲ្យ​រាជធានី​ភ្នំពេញ​អាច​ក្លាយជា​ទីក្រុង​បៃតង និង​ទីក្រុង​ឆ្លាត​វៃ​នាពេល​អនាគត​។



ក្នុង​ជំនួប​នេះ​ផង​ដែរ ភាគី​ទាំង​ពីរបាន​ពិភាក្សា និង​ឯកភាព​គ្នា​លើ​ការជំរុញ​គម្រោង​អភិវឌ្ឍន៍​ខ្សែ Tramway ក្នុង​ជំហាន​ទី​៣​នៃ​ការសិក្សា​។ លោកស្រី CARMONA បាន​កោតសរសើរ​ដល់​ការអភិវឌ្ឍន៍​យ៉ាងខ្លាំង​ក្លា​របស់​ព្រះរាជាណាចក្រ​កម្ពុជា និង​បន្ត​គាំទ្រ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​គម្រោង​នានា និង​ជំរុញ​ឲ្យ​អ្នក​វិនិយោគ​បារាំង ឲ្យ​មក​វិនិយោគ​ក្នុង​រាជធានី​ភ្នំពេញ​លើ​វិស័យ​អភិវឌ្ឍន៍​ទីក្រុង ទេសចរណ៍​បៃតង និង​កសិកម្ម​បៃតង​៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu