Ad Code

ទំនប់​វា​រី​អគ្គិសនី នៅ​ខេត្ត​រតនគិរី បាន​កសាង​មុនដំបូង​គេ​បង្អស់​នៅ​កម្ពុជា​



រតនគិរី ៖ ទំនប់​វារីអគ្គិសនី​១ និង​២ ដែល​មាន​ទីតាំង​ស្ថិត​នៅក្នុង​ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ ខេត្ត​រតនគិរី និង​មាន​វ័យ​ចំណាស់ បាន​កសាង​ឡើង​មុនដំបូង​គេ​បង្អស់​នៅ​កម្ពុជា រួមជាមួយ​ដៃគូ​សហការ​ពី​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​២ និង​ដៃគូ​ពី​ប្រទេសជិតខាង មាន​វិសាលភាព​អាច​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ដល់​ពលរដ្ឋ​ដែលជា​អ្នកប្រើប្រាស់ បាន​ជាង​ពាក់កណ្ដាល នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប​ក្នុង​ខេត្ត​រតនគិរី។​

នេះ​បើតាម​ការលើកឡើង​របស់ លោក អ៊ុង ហ៊ួ​រ ប្រធាន​មន្ទីរ​ស្ដីទី រ៉ែ និង​ថាមពល​ខេត្ត​រតនគិរី ដែល​បាន​ផ្តល់​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ក្នុង​ខេត្ត នា​ថ្ងៃ​ទី០​៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​នេះ។​

លោក អ៊ុង ហ៊ួ​រ ប្រធាន​មន្ទីរ​ស្ដីទី​រ៉ែ និង​ថាមពល​ខេត្ត បាន​ឲ្យ​ដឹងថា ទំនប់​វា​រី​អគ្គិសនី​អូរ​ជុំ​១ គឺជា​ទំនប់​វា​រី​អគ្គិសនី​ដែល​បាន​កសាង​ឡើង​ដំបូង​គេ​បង្អស់​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​ផ្ទៃ​បឹង​១,៦ គីឡូ​ម៉ែត្រ​ការ៉េ និង​មាន​សមត្ថភាព​ផ្ទុក​ទឹកបាន​ចំនួន​១២,៦​លាន​ម៉ែត្រ​គីប រួម​ទាំង​ខ្នង​ទំនប់ មាន​កម្ពស់ ៦០​ម៉ែត្រ និង​បណ្ដោយ​៨,៥០​ម៉ែត្រ ដែល​អាច​ផលិត​ថាមពល​អគ្គិសនី​បាន​ចំនួន​១​គីឡូវ៉ាត់ម៉ោង។​

លោក​ប្រធាន​មន្ទីរ​ស្ដីទី​រូបនេះ​បាន​ឲ្យ​ដឹងថា ទំនប់​វា​រី​អគ្គិសនី​អូរ​ជុំ​១ បច្ចុប្បន្ន​នេះ​ពុំ​ទាន់​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ផ្គត់ផ្គង់​ដល់​អតិថិជន​ទូទាំង​ខេត្ត​នៅឡើយ​ទេ ដោយ​សព្វថ្ងៃ អគ្គិសនី​ខេត្ត បាន​ទិញ​បន្ថែម​ថាមពល​អគ្គិសនី​ពី​ប្រទេស​វៀតណាម​ចំនួន​៧​គីឡូវ៉ាត់ និង ពី​វា​រី​អគ្គិសនី​សេសាន​២ ចំនួន​៧ គីឡូវ៉ាត់​បន្ថែម​ទៀតផង​ដែរ ទើប​អាច​ផ្គត់ផ្គង់​ការប្រើប្រាស់​សម្រាប់​អតិថិជន​ជាង​៥០​ភាគរយ ក្នុង​ខេត្ត​រតនគិរី ដែល​មាន​បណ្ដាញ​អគ្គិសនី​ត​ភ្ជាប់​ទៅដល់​មូលដ្ឋាន​របស់​ពួកគាត់។​

លោក គឹម កុសល មន្ត្រី​ជំនាញ​ផ្នែក​ផលិតកម្ម នៃ​អគ្គិសនី​ខេត្ត​រតនគិរី បាន​ឲ្យ​ដឹង​ដែរ​ថា ទំនប់​វា​រី​អគ្គិសនី​អូរ​ជុំ​១​នេះ គឺ​បាន​ប្រភព​ទឹក​ពី​បឹង​អូរ​ជុំ​១ ដែល​ជា​ប្រភព​ទឹក បាន​មកពី​បណ្ដា​អូរ​ធម្មជាតិ​នានា ក្នុង​ខេត្ត​រតនគិរី​ហូរ​ចូល​មក។​

មន្ត្រី​ជំនាញ​ផ្នែក​ផលិតកម្ម នៃ​អគ្គិសនី​ខេត្ត​រតនគិរី​រូបនេះ​បាន​ឲ្យ​ដឹង​អំពី​សង្វាក់​ផលិតកម្ម និង​សមត្ថភាព​ក្នុង​ការផលិត​អគ្គិសនី ដើម្បី​ផ្គត់ផ្គង់​ដល់​ពលរដ្ឋ​ក្នុង​ខេត្ត ។​

​លោកស្រី ហឿង ឃឿ​ង អភិបាលស្រុក​អូរ​ជុំ បាន​ឲ្យ​ដឹង​ដែរ​ថា ទំនប់​វា​រី​អគ្គិសនី​អូរ​ជុំ​១​នេះ បាន​ចាប់ផ្ដើម​កសាង​ឡើង​ក្នុង​ឆ្នាំ​១៩៩១ ក្រោម​ការ​ផ្ដួចផ្ដើម​ឡើង​ដោយ លោក​ព្រឹទ្ធាចារ្យ ប៊ូ ថង ហើយ​បាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ប្រើប្រាស់​ក្នុង​ឆ្នាំ​១៩៩៣។

​លោកស្រី​អភិបាលស្រុក​អូរ​ជុំ​រូបនេះ បាន​ឲ្យ​ដឹង​ទៀតថា តាមរយៈ​ការ​បង្កើត​ឲ្យ​មាន​ទំនប់​វា​រី​អគ្គិសនី​អូរ​ជុំ​នេះ​ឡើង គឺ​បានផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​ពលរដ្ឋ​មូលដ្ឋាន​ក្នុង​ខេត្ត ទាំង​បងប្អូន​ជនជាតិ​ខ្មែរ និង​ជនជាតិដើម​ភាគតិច ហើយ​ចាប់តាំងពី​ខេត្ត​រតនគិរី មាន​ទំនប់​វា​រី​អគ្គិសនី​អូរ​ជុំ​នេះ​ឡើង ឃើញ​ថា​ខេត្ត​រតនគិរី​មានការ​អភិវឌ្ឍ​រីកចម្រើន​បាន​យ៉ាង​ឆាប់រហ័ស​លើ​គ្រប់​វិស័យ។​

បន្ថែម​ពីនេះ លោកស្រី​អភិបាលស្រុក​បាន​ឲ្យ​ដឹង​ទៀតថា មូល​ហេតុដែល​ថ្នាក់ដឹកនាំ​ខេត្ត កាលពី​ជំនន់​នោះ ជ្រើស​រើសយក​ទីតាំង​ស្រុក​អូរ​ជុំ ក្នុង​ការកសាង​ទំនប់​វា​រី​អគ្គិសនី​អូរ​ជុំ​នេះ​ឡើង គឺ​ដោយសារ​ទីតាំង​ភូមិសាស្ត្រ​ស្រុក​មួយ​នេះ ស្ថិតនៅ​ចំ​កណ្ដាល​បណ្ដា​ស្រុក​-​ក្រុង​ទាំង​៩ ក្នុង​ខេត្ត​ដែល​ហ៊ុំ​ព័ទ្ធជុំវិញ លើកលែងតែ​ស្រុក​លំផាត់ និង​ស្រុក​អូ​រយ៉ា​ដាវ​តែប៉ុណ្ណោះ។​

លោកស្រី​បន្ថែមទៀតថា ទន្ទឹម​នឹង​ទីតាំង​ភូមិសាស្ត្រ​នេះ ចំណុច​សំខាន់​១​ទៀត គឺ​ស្រុក​អូរជុំ ក៏​ជាទី​កន្លែង​ដែល​សម្បូណ៌​ទៅដោយ​បងប្អូន​ជនជាតិដើម​ភាគតិច​គ្រប់​ជាតិ​សាសន៍​រស់នៅ ដូច្នេះ​ហើយ​ទើប​ថ្នាក់ដឹកនាំ​ខេត្ត​គ្រប់​ជំនាន់​ចង់​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​បង​ប្អូន​ជនជាតិដើម​ភាគតិច ឲ្យ​មាន​ជីវភាព​រស់នៅ និង​ការអប់រំ​យល់ដឹង​កាន់តែ​ល្អ​ប្រសើរ​ជាង​នេះ​បន្ថែម​ទៀត៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu