ប្រដាល់ ៖ គិន សំបូរ អ្នកប្រដាល់ក្លិបថ្មគោលពោធិសែនជ័យ នឹងត្រូវជួបប្រកួតជាមួយ យ៉ាម ខេមរា អ្នកប្រដាល់ក្លិបរស្មីកុមារកំព្រា នារសៀលថ្ងៃសៅរ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅលើសង្វៀនបាយ័នស្ទឹងមានជ័យ។
ពួកគេទាំងពីរ នឹងប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម។ អ្នកប្រដាល់ជើងចាស់ គិន សំបូរ និងអ្នកប្រដាល់ស្រករក្រោយ យ៉ាម ខេមរា នេះ មិនធ្លាប់ដែលជួបគ្នាទេកន្លងមក។
យ៉ាម ខេមរា គេជាជើងខ្លាំងស្រករក្រោយមួយរូប ដែលបច្ចុប្បន្នកំពុងធ្វើឲ្យគេចាប់អារម្មណ៍។ ក្នុងចំណោមអ្នកប្រដាល់ស្រករគេ គឺគ្មាននរណាអាចវាយឈ្នះរូបគេបាននោះឡើយ។ គ្រាន់តែ៤ប្រកួតចុងក្រោយនេះ គេវាយឈ្នះជើងចាស់ដូចជា មាស ភារម្យ ក្លិបកងទ័ពជើងទឹក ឈ្នះសំអាង ឌុន ក្លិបអេភូថងកីឡា និង តូច ទូ សមាគមកីឡាក្រសួងការពារជាតិ ហើយប្រកួតចុងក្រោយនេះ បានវាយឈ្នះ ហេង វិឆ័យ អ្នកប្រដាល់ក្លិបអេភូថងកីឡាដោយពិន្ទុ។
គិន សំបូរ គេជាអ្នកប្រដាល់ជើងខ្លាំងស្រករមុន គេប្រកួតកម្រចាញ់អ្នកណាណាស់កន្លងមក។ តែគេបានបោះបង់ចោលសង្វៀនប្រមាណបីឆ្នាំ ដោយទើបតែវិលមកវិញនាចុងឆ្នាំ២០១៨នេះប៉ុណ្ណោះ។
ក្រោយពេលមកវិញនេះ សំបូរ បានវាយចាញ់ ឈួន រិទ្ធី សមាគមកីឡាក្រសួងការពារជាតិ ក្នុងទឹកទី១(០៦តុលា២០១៨) ។
ទោះជាយ៉ាងណា គិន សំបូរ នៅតែត្រូវបានគេចាត់ទុកថាជាអ្នកប្រដាល់ខ្លាំង និងល្អ ដដែល ទោះបីជាគេបានបោះបង់ចោលសង្វៀនយូរឆ្នាំ និងមកវិញចាញ់ក៏ដោយ ព្រោះថានេះមកពីចោលសង្វៀនយូរពេកប៉ុណ្ណោះ។
ក្រុមអ្នកវិភាគកីឡាប្រដាល់ក្នុងស្រុកបាននិយាយថា គិន សំបូរ ថ្វីត្បិតតែជាអ្នកប្រដាល់ជើងខ្លាំង និងចាស់វស្សា តែមិនប្រាកដថាឈ្នះ យ៉ាម ខេមរា នោះទេ ព្រោះ ខេមរា គេមានកណ្ដាប់ដៃខ្លាំង ជើង ជង្គង់ កែង ក៏ពិសេសដែរ។ មួយទៀត យ៉ាម ខេមរា គេមានកាយសម្បទារឹងមាំ និងមានចិត្តប្រដាល់ធំថែមទៀត។
ទោះជាយ៉ាងណាក្តី ការជួបគ្នារវាង គិន សំបូរ និង យ៉ាម ខេមរានេះ ពុំមានអ្នកណាហ៊ានទស្សន៍ទាយមុនថា អ្នកណាឈ្នះ អ្នកណាចាញ់នោះដែរ? ។
ស៊ឹម ប៊ុនឆៃ អ្នកប្រដាល់ក្លិបព្រៃទទឹងខេត្តបាត់ដំបង នឹងត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ ងួន គា ក្លិបតាឡីដំរីមានរិទ្ធ ដោយប្រកួតគ្នាក្នុងទម្ងន់៦០គីឡូក្រាម។ នេះជាជំនួបលើកដំបូងរបស់ពួកគេទាំងពីរ។
ងួន គា ជាអ្នកប្រដាល់ចាស់វស្សា ដែលមានកម្លាំងស៊ុហ្វល្អ និងស៊ូចំពោះការប្រកួត បើទោះបីជារូបគេអន់ខាងក្បាច់គុនបន្តិចក្ដី។ ជាមួយនឹងកណ្ដាប់ដៃល្អ ងួន គា មានស្នៀតកែងល្អផងដែរ តែបើធៀបជាមួយ ស៊ឹម ប៊ុនឆៃ ហាក់ដូចជាមិនស៊ីសងគ្នាទេ។
ស៊ឹម ប៊ុនឆៃ គេក៏វាយខ្លាំង និងល្អដែរ។ ប៉ុន្តែអ្នកប្រដាល់រូបនេះ មានកណ្ដាប់ដៃរាងស្រាលបន្តិច ដែលបញ្ហានេះអាចជាឧបសគ្គលំបាករបស់ ប៊ុនឆៃ ក្នុងការយកឈ្នះលើ ងួនគា។ ប៉ុន្តែទោះជាយ៉ាងណា ស៊ឹម ប៊ុនឆៃ គេប៉ិនប្រសប់ប្រើកណ្ដាប់ដៃ និងទាត់។ យ៉ាងណាក៏ដោយ ក៏ក្រុមអ្នកវិភាគប្រដាល់ក្នុងស្រុក គេមានជំនឿទុកចិត្តលើស៊ឹម ប៊ុនឆៃ ថា ឈ្នះ ងួន គា ដែរ។
ការប្រកួតចុងក្រោយរបស់ ស៊ឹម ប៊ុនឆៃ គឺវាយចាញ់ ធន់ ចាន់ឌី អ្នកប្រដាល់សមាគមកីឡាក្រសួងការពារជាតិ ដោយពិន្ទុ។ ចំណែកការប្រកួតចុងក្រោយរបស់ ងួន គា វិញ គេក៏វាយចាញ់ ឆាយ មាស អ្នកប្រដាល់ក្លិបសំរោងកោងខេត្តបាត់ដំបង ដោយពិន្ទុដែរ។ ចាំមើល ស៊ឹម ប៊ុនឆៃ និង ងួន គា ជួបគ្នានេះ តើនរណាជាអ្នកឈ្នះនោះ?។
រិទ្ធ ប្រាក់ប៊ិន អ្នកប្រដាល់ក្លិបកងពលតូចលេខ៧០ ត្រូវគេផ្គូឲ្យជួបប្រកួតជាមួយ អេ រ៉ាវ៉ាន់ចាន់រាជ ក្លិបកុសលកីឡា។ ពីរនាក់នេះ មិនធ្លាប់ជួបគ្នាទេកន្លងមក។
រីឯ សុខ វិរៈ អ្នកប្រដាល់ក្លិបសំរោងកោងកីឡាខេត្តបាត់ដំបង នឹងត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ឡេង ម៉ៅ ក្លិបម៉ៃទីក្រាំងយ៉ូវ ដោយប្រកួតគ្នាក្នុងទម្ងន់៦០គីឡូក្រាម។ នេះជាជំនួបលើកដំបូងរបស់ពួកគេទាំងពីរ។ ចំណែក គឹម សុខហេង អ្នកប្រដាល់ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ នឹងជួបប្រកួតជាមួយ ម៉ន ភីរម្យ អ្នកប្រដាល់ក្លិបការិយាល័យទី៥កងទ័ពជើងគោក៕
Source: Kampuchea Thmey Daily
0 Comments