ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបើកមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី២ ឆ្នាំ២០១៨ ដែលនឹងចាប់ផ្ដើមចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥វិច្ឆិកាខាងមុខនេះ ដើម្បីជំរុញលើកទឹកចិត្តដល់យុវជនក្នុងការអភិវឌ្ឍសមត្ថភាព និងការបង្កើតគំនិតច្នៃប្រឌិតថ្មីៗ ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យភាពជាតិឲ្យកាន់តែប្រសើរឡើង។
ថ្លែងក្នុងសន្និសីទ ស្ដីពីការរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី២ កាលពីព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក ស៊ិន ចន្ទសាយ៉ា ប្រធានអនុគណៈកម្មការមេប្រយោគវគ្គជម្រុះ នៃមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី២ ឆ្នាំ២០១៨ បានឲ្យដឹងថា ការបង្កើតឲ្យមានមហោស្រពជាតិភាពយន្តខ្នាតខ្លីនៅកម្ពុជានេះ ក្រោមពាក្យស្លោក«ភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅរកភាពយន្តខ្នាតវែង» ក្នុងគោលបំណងជំរុញលើកទឹកចិត្តដល់យុវជនក្នុងការអភិវឌ្ឍ សមត្ថភាព និងការបង្កើតគំនិតច្នៃប្រឌិត ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យភាពយន្តជាតិ។
លោកបានមានប្រសាសន៍ថា គ្រប់ស្នាដៃភាពយន្តដែលត្រូវចូលរួមប្រកួតប្រជែង ត្រូវបញ្ជ្រាបនូវខ្លឹមសារ និងឆ្លុះបញ្ចាំងពីការថែរក្សាវប្បធម៌ និងការអភិវឌ្ឍសង្គមដូចជា ការផ្តល់ចំណេះដឹង ឥរិយាបថ និងអាកប្បកិរិយា ដែលទាក់ទងទៅនឹងជីវិតរស់នៅប្រចាំ បទពិសោធន៍របស់យុវជន ជំនឿសាសនា សេចក្ដីគោរព ស្រលាញ់ ភាពរីករាយ សេចក្ដីទុក្ខព្រួយ នៃជីវិត។-ល-។
លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានឲ្យដឹងថា ការបំផុសយុវជនឲ្យចូលរួមផលិតកម្មភាពយន្តខ្នាតខ្លីកាន់តែច្រើន នឹងអាចធ្វើឲ្យវិស័យភាពយន្តខ្នាតវែងនៅកម្ពុជា កាន់តែមានភាពរីកចម្រើន ដោយសារថា វាជាឱកាសដ៏ល្អសម្រាប់យុវជនកម្ពុជាឈានទៅចាប់ជំនាញវិជ្ជាជីវៈនេះដ៏ពិតប្រាកដ។
សូមបញ្ជាក់ថា មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា ត្រូវបានបង្កើតឡើងដំបូងនៅក្នុងឆ្នាំ២០១៦ ដោយមានស្នាដៃយុវជនប្រហែល២០រឿងប៉ុណ្ណោះ បានចូលរួមប្រកួតប្រជែងយកពានរង្វាន់។
ពីមួយឆ្នាំ ទៅមួយឆ្នាំ ផលិតករវ័យក្មេងរបស់កម្ពុជា តែងតែទទួលបាននូវគំនិតថ្មីៗ និងត្រូវបានលើកទឹកចិត្តឲ្យបង្កើតគំនិតច្នៃប្រឌិតថ្មីប្រកបដោយទេពកោសល្យ ដើម្បីឲ្យវិស័យភាពយន្តកម្ពុជាឈានទៅរកការប្រកួតប្រជែងនៅលើឆាកអន្តរជាតិ។
យោងតាមរបាយការណ៍របស់នាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានបង្ហាញថា មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី០២ ឆ្នាំ២០១៨នេះ មានស្នាដៃយុវជនរហូតដល់៤១រឿង បានដាក់ពាក្យចូលរួមប្រកួតប្រជែងយកពានរង្វាន់។
ចំពោះពានរង្វាន់ដែលត្រូវទទួលបាន គឺពានរង្វាន់លេខ១ នឹងទទួលបានពានមាសមួយអមដោយសាច់ប្រាក់១២លានរៀល ដែលឧបត្ថម្ភដោយផលិតកម្មរ៉ក់អ៊ិនធើធេនមេន។
ពានរង្វាន់លេខ០២ នឹងទទួលបានពានប្រាក់មួយអមដោយសាច់ប្រាក់០៨លានរៀល ឧបត្ថម្ភដោយរោងភាពយន្តលេជេន។
ចំណាត់ថ្នាក់លេខ០៣ នឹងទទួលបានពានសំរឹទ្ធមួយអមដោយសាច់ប្រាក់៤លានរៀល ដែលឧបត្ថម្ភដោយក្រុមហ៊ុនKampong Dawa Resort និងពានរង្វាន់ទស្សនិកជន នឹងទទួលបានកាមេរ៉ាឌីជីថលមួយគ្រឿង ឧបត្ថម្ភដោយក្រុមហ៊ុនNIKON៕
Source: Kampuchea Thmey Daily
0 Comments