ភ្នំពេញ ៖ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការរាជធានីភ្នំពេញ បានធ្វើការបង្ហាញមុខក្រុមចោរលួចរថយន្តយ៉ាងសកម្ម៦នាក់ និងវត្ថុតាងរថយន្ត៧គ្រឿង ម៉ូតូ៦ គ្រឿង ស្លាកលេខរថយន្ត១២បន្ទះ និងសម្ភារៈគ្រឿងបន្លាស់រថយន្ត និងម៉ូតូមួយចំនួន បន្ទាប់ពីឃាត់បានជាបន្តបន្ទាប់កាលពីពេលថ្មីៗនេះ។
ការបង្ហាញខ្លួននេះ ធ្វើឡើងនៅព្រឹកម៉ោង៩និង៣០នាទីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅស្នងការនគរបាលរាជធានីភ្នំពេញ។
សមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យដែលពាក់ព័ន្ធទាំង៦នាក់ ក្នុងនោះមាន៣នាក់ជាអ្នកធ្វើសកម្មភាពលួច ម្នាក់ជាអ្នកសមគំនិត និង២នាក់ទៀតជាអ្នកទទួលផលចោរកម្ម។
ជនសង្ស័យ ដែលបង្ហាញមុខ ត្រូវបានលោកវរសេនីយ៍ឯកប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានឲ្យដឹងថា ១ឈ្មោះលឹម ឡេងប៊ុនរ៉ា ហៅផាន់ ណា ភេទប្រុសអាយុ៣១ឆ្នាំ មានលំនៅ ភូមិ កំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ក្រុងតាខ្មៅជាអ្នកលួច ,២.លន់ រ៉ាបូភេទប្រុសអាយុ៣២ឆ្នាំ មានលំនៅម្តុំវត្តដំបូកខ្ពស់ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យជាអ្នកលួច ,៣.ឈ្មោះផាត់ សុឌី ភេទស្រីអាយុ២៣ឆ្នាំ .មានលំនៅផ្ទះជួល សង្កាត់ទួលសង្កែទី២ខណ្ឌឬស្សីកែវ , ៤.ឈ្មោះគឹម សុថារិទ្ធភេទប្រុសអាយុ អាយុ៣១ឆ្នាំ មានលំនៅ ផ្ទះលេខ ២២ដេ ផ្លូវលេខ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជាអ្នកទទួលផលចោរកម្ម ,៥.សោម ណារ៉ុង ហៅស្វិត ភេទប្រុសអាយុ៣៣ឆ្នាំ មានលំនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញជាអ្នកទទួលផលចោរកម្ម .និង៦.ឈ្មោះកែវ នេត្រាភេទប្រុសអាយុ២៩ឆ្នាំ មានលំនៅ ផ្ទះលេខ ២៥M សង្កាត់ដង្កោ ខណ្ឌដង្កោ ជាអ្នកទទួលផលចោរកម្ម ។
លោក ប៊ុនសត្យា បន្តថា ដោយអនុវត្តតាមការចង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ស្នងការក្រុងនិងដឹកនាំបញ្ជាផ្ទាល់ពីលោកស្នងការរងក្រុងទទួលផែនព្រហ្មទណ្ឌ ព្រមទាំងមានការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារងតុលាការរាជធានីភ្នំពេញ សហការជាមួយអធិការខណ្ឌឫស្សីកែវ ស្នងការខេត្តព្រះសីហនុ ស្នងការខេត្តកណ្តាល ធ្វើការបង្ក្រាបករណីលួចរថយន្ត និងទទួលផលចោរកម្មចំនួន៦ករណី ឃាត់ជនសង្ស័យចំនួន៦នាក់ ក្នុងនោះស្រីម្នាក់ បានរថយន្ត៧គ្រឿង ម៉ូតូចំនួន៦គ្រឿង ស្លាកលេខរថយន្តចំនួន១២បន្ទះ និងគ្រឿងបន្លាស់រថយន្តនិងម៉ូតូមួយចំនួន។
លោកបន្តថា ក្រោយពីបង្ហាញមុខជាសាធារណៈ ជនសង្ស័យទាំង៦នាក់ ក៏ត្រូវបានបញ្ជូនទៅតុលាការរាជធានីភ្នំពេញដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ហើយរថយន្តទាំងអស់ត្រូវប្រគល់ជូនជនរងគ្រោះវិញផងដែរ៕
Source: Kampuchea Thmey Daily
0 Comments