ស្វាយរៀង ៖ ចម្ការអំពៅស្ករ របស់ក្រុមហ៊ុនអ៊ិសធើនរ៉ាយ៍ហ្វៀលឌីវេឡុបមេន ខូអិលធីឌី ១៣ហិកតាកន្លះ ត្រូវបានភ្លើងឆេះខ្លោច សង្ស័យថា មានអ្នកលួចដុត។ ហេតុការណ៍ភ្លើងឆេះនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ស្ថិតក្នុងភូមិអូរតាមោ ឃុំមនោរម្យ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
បើយោងតាម លោក កុយ សារ៉េន ម្ចាស់ក្រុមហ៊ុនដាំអំពៅស្ករបានឲ្យដឹងថា នៅវេលាកើតហេតុខាងលើ ក្រោយពីបានទទួលបានព័ត៌មានថា មានឆេះចម្ការអំពៅស្កររបស់ក្រុមហ៊ុនអ៊ិសធើនរ៉ាយ៍ហ្វៀលឌីវេឡុបមេន ខូអិលធីឌី ដោយមិនដឹងមូលហេតុនោះ លោកក៏បានរាយការណ៍មកកម្លាំងសមត្ថកិច្ចក្នុងមូលដ្ឋានចុះមកជួយពន្លត់ជាមួយអ្នកយាមចម្ការ និងគ្រឿងចក្ររបស់ក្រុមហ៊ុន ជួយបាញ់ទឹកពន្លត់ភ្លើងឆេះចម្ការអំពៅស្ករ កុំឲ្យមានឆេះរាលដាលនៅចម្ការផ្សេងៗទៀត ដោយប្រើពេល៣ម៉ោងទើបរលត់ទាំងស្រុង។
ប្រភពបានបន្តទៀតថា បច្ចុប្បន្ននេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកមូលហេតុពិតប្រាកដថា ជាករណីមានលួចដុត ឬក៏អាចឆេះបណ្ដាលពីគ្រោះធម្មជាតិ។
លោក កុយ សារ៉េន កន្លងមក បានធ្វើការអំពាវនាវដល់ពលរដ្ឋ ដែលជាអ្នកស្រុក កុំប្រលែងក្របីគោចូលស៊ីបំផ្លាញដំណាំរបស់ក្រុមហ៊ុនទៀត ព្រោះក្រុមហ៊ុនព្រួយបារម្ភអំពៅធ្លាក់ថ្លៃផង ហើយត្រូវមានអ្នកលួចដុតទៀត ដែលធ្វើឲ្យមានការព្រួយបារម្ភអំពីការខាតធន ខណៈតម្លៃអំពៅស្ករធ្លាក់ចុះ ដោយទីផ្សារអាស៊ានមានការធ្លាក់ចុះនូវតម្លៃស្ករស ធ្វើឲ្យវៀតណាមបញ្ចុះតម្លៃអំពៅស្ករដែរ ដោយទិញអំពៅធ្លាក់ថ្លៃជិតពាក់កណ្ដាល។
នាពេលកន្លងមក ប្រជាពលរដ្ឋបានប្រលែងក្របី គោ ឲ្យចូលស៊ីអំពៅអស់ជាច្រើនកន្លែង បណ្ដាលឲ្យខូចគុណភាពស្ករ អស់ជាច្រើនទៀត។
លោក កុយ សារ៉េន ប្រធានក្រុមហ៊ុនប្រាប់ឲ្យដឹងបន្ថែមថា ដោយប្រជាពលរដ្ឋបានយកក្របីគោទៅឃ្វាលក្បែរចម្ការអំពៅ ហើយបណ្ដោយឲ្យក្របី គោ ចូលស៊ីអំពៅ ចុងអំពៅ(អ្នកខ្លះចូលលួចកាប់ស្លឹកអំពៅយកឲ្យក្របីគោស៊ីទៀត) បណ្ដាលឲ្យខូចអំពៅ និងធ្លាក់គុណភាពអំពៅទៀតផង។
លោក កុយ សារ៉េន ធ្លាប់បានសុំសំណូមពរដល់អាជ្ញាធរ មេត្តាជួយអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋកុំឲ្យលែងក្របីគោចូលស៊ីបំផ្លិចបំផ្លាញអំពៅ និងលួចកាប់ចុងអំពៅបន្តទៀត ជាក់ស្ដែងដូចថ្ងៃនេះអំពៅស្ករឆេះអស់ជាង១៣ហិកតាកន្លះ ធ្វើឲ្យខាតបង់ជាច្រើន ណាមួយជិតដល់រដូវប្រមូលផលអំពៅស្ករផងដែរ៕
Source: Kampuchea Thmey Daily
0 Comments