កណ្ដាល ៖ បុរសម្នាក់ បានស្លាប់ភា្លមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជនរងគ្រោះជិះម៉ូតូលឿនហើយជ្រុលទៅដល់ទ្រូងផ្លូវ ទើបបណ្ដាលឲ្យរថយន្តសាំយ៉ុងដែលបើកបរលឿនដែរនោះបុកគ្នាពេញទំហឹង ហើយរថយន្តបានព្យាយាមបើករត់បានចម្ងាយប្រហែល៥គីឡូម៉ែត្រ ទើបតៃកុងបើកទ្វារចុះរត់គេចបាត់ កាលពីវេលាម៉ោង៨និង៥០នាទីយប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចលើកំណាត់ផ្លូវជាតិលេខ០៤ មុខភូមិទន្លាប់ខ្ពស់ត្បូង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ សឿងវ៉ាន់ សៅ ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទីកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ជិះម៉ូតូ០១គ្រឿងម៉ាកឃ្លីក ពណ៌ខ្មៅលាយស ពាក់ស្លាកលេខភ្នំពេញ១CQ ០៥៥៨។
ចំណែកភាគីរថយន្ត ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខកំពង់ស្ពឺ២A ៣២៩១ បើកបរដោយឈ្មោះ ស៊ុំ ប៊ុនធន ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិដក់ពរ ឃុំវល្លិ៍រស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទិសដៅ ពីកើតទៅលិច បញ្ច្រាសទិសគ្នា។
តាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូ១គ្រឿង ក្នុងល្បឿនលឿន ទិសដៅពីលិចទៅកើត លុះបើកមកដល់ចំណុចកើតហេតុខាងលើ ម៉ូតូនេះបានជ្រុលចង្កូតចូលចំណែកផ្លូវយានម្ខាងទៀត ស្របពេលជាមួយគ្នានោះ មានរថយន្តសាំយ៉ុងនេះ បើកបរលឿនដែរ ទើបបណ្ដាលឲ្យបុកគ្នាពេញទំហឹងតែម្ដង ហើយជនរងគ្រោះបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង។
ប្រភពនេះបន្តថា រថយន្តមិនបានឈប់ភ្លាមនៅនឹងកន្លែងកើតហេតុទេ ដោយបានព្យាយាមបើករត់ប្រហែលជា៥គីឡូម៉ែត្រ ទើបឈប់ ហើយតៃកុងចុះរត់គេចខ្លួនបាត់ស្រមោល។ ចំពោះករណីនេះសមត្ថកិច្ចបានធ្វើសេចក្ដីសន្និដ្ឋានថា បណ្តាលមកពីអ្នកបើកបរម៉ូតូ បើកមិនប្រកាន់ស្ដាំ ចំណែករថយន្តបើកក្នុងល្បឿនលឿន និងមានបំណងគេចវេះមិនព្រមទទួលខុសត្រូវ រត់ចេញពីកន្លែងកើតហេតុ។
ដោយឡែក សពជនរងគ្រោះ ត្រូវបានកម្លាំងជំនាញប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត។
មធ្យោបាយពាក់ព័ន្ធទាំងពីរគ្រឿង ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments