Ad Code

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ពុល​ចំណីអាហារ​នៅ​ក្នុង​ពិធីបុណ្យ​អុំទូក



ភ្នំពេញ ​៖ ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បញ្ហា​ពុល​ចំណី​ងា​ហារ​នៅក្នុង​ពិធី​បុណ្យអុំទូក​បណ្តែត​ប្រទីប​សំពះ​ព្រះ​ខែ​និង​អកអំបុក​ដែល​នឹង​ឈាន​ចូល​មកដល់​នៅ​ថ្ងៃទី​២១​វិច្ឆិកា​ដ៏​ខ្លី​ខាងមុខនេះ​។

លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​មានប្រសាសន៍ថា ការជំរុញ​នេះ​ដោយសារតែ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​តែងតែ​មាន​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​ចូលរួម​ទស្សនាការ​ប្រណាំងទូក​និង​បរិភោគ​ចំណីអាហារ​ផ្សេងៗ​ហើយ​មាន​ចំណី​អាហារ​ខ្លះ​មិន​មាន​អនាម័យ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជួប​បញ្ហា​សុខភាព​ដូចជា​ឈឺពោះ​ក្អួតចង្អោរ ឬ​ជំងឺ​រាករូស​ជាដើម​។

លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង​ បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មក​កំសាន្ត​នៅក្នុង​ពិធីបុណ្យ​អុំទូក​ខាងមុខនេះ​ត្រូវ​អនុវត្ត​វិធានការ​អនាម័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ដូចជា​ត្រូវ​ពិសារ​ទឹកស្អាត ​ឬ ​ទឹក​ដាំ​ពុះ​និង​បរិភោគ​ចំណីអាហារ​ដែល​មាន​អនាម័យ​ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មានការ​ពុល​ចំណីអាហារ​និង​ជំងឺ​ដង្កាត់​ផ្សេងៗ​ដែល​បណ្តាល​មក​ពី​ការ​បរិភោគ​ចំណីអាហារ​ដែល​មិន​មាន​អនាម័យ​។

លោក​រដ្ឋមន្ត្រី​ក៏បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​លាងដៃ​នឹង​សាប៊ូ​អំឡុង​ពេល​ ឬ​ មុន​ពេល​រៀបចំ​អាហារ មុន​បរិភោគ និង​ក្រោយ​បន្ទោបង់​។ លាង​សំអាត​បន្លែ​ផ្លែឈើ​មុន​ពេល​បរិភោគ​ឲ្យ​បាន​ស្អាត លាង​សំអាត​សម្ភារៈ​ប្រើប្រាស់​សម្រាប់​ចំអិន​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ ចំអិន​អាហារ​ឲ្យ​បាន​ឆ្អិន​ល្អ​ពិសេស​សាច់ សត្វ​ស្លាប ស៊ុត​និង​អាហារ​សមុទ្រ​។

ជា​មួយ​គ្នា​នេះ​ដែរ ​លោក​រដ្ឋ​មន្ត្រី​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​កុំ​ច្រាន​ ឬ​ ប្រជ្រៀត​គ្នា​ដើម្បី​ទប់ស្កាត់​នូវ​ការ​ដួលសន្លប់​ដែល​អាច​កើតមាន​ជាយថាហេតុ​ហើយ​ក្នុងករណី​មាន​អាការៈ​វិលមុខ ឈឺក្បាល​ ឬ​ ស្រវាំងភ្នែក​ត្រូវ​អង្គុយ​ចុះ​និង​ហៅរក​អ្នក​ជួយសង្គ្រោះ​ ឬ​ អាច​ធ្វើ​ការ​ទំនាក់ទំនង​ទៅកាន់​លេខ​១១៩​សម្រាប់​សេវា​រថយន្ត​សង្គ្រោះបន្ទាន់​។



លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ទៀត​ថា ​សម្រាប់​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ​ក្រសួងសុខាភិបាល​គ្រោង​នឹង​ដាក់​ពង្រាយ​គ្រូ​ពេទ្យ​និង​រថយន្ត​សង្គ្រោះ​ជិត​៧០​គ្រឿង​ព្រមទាំង​ស្តង់​ពិនិត្យ​សុខភាព​ចំនួន​១២​កន្លែង​នៅ​តាម​គោលដៅ​នីមួយៗ​ទាំង​នៅ​ត្រើយ​ខាងកើត​និង​ខាងលិច​ដើម្បី​ត្រៀម​ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​សុខភាព​ស្រាលៗ​។

លោក រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ​ក្នុងករណី​ធ្ងន់ធ្ងរ​ក្រសួង​បាន​ត្រៀម​មន្ទីរពេទ្យ​ចំនួន​៤​រង់ចាំ​សង្គ្រោះ​២៤​ម៉ោង​លើ​២៤​ម៉ោង​ដល់​ពលរដ្ឋ​ដូចជា​មន្ទីរពេទ្យ​កាល់ម៉ែត ព្រះកុសុមៈ អង្គឌួង​និង​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ​សូ​វៀត​ដោយ​ការពិនិត្យ​ព្យាបាល​ទាំង​នៅ​តាម​ស្តង់​និង​តាម​មន្ទីរពេទ្យ​គឺ​មិន​គិតថ្លៃ​ឡើយ​។

ទន្ទឹម​នឹង​នេះ​ដែរ ​ក្រសួង​បាន​ត្រៀម​ក្រុម​គ្រូពេទ្យ​ចល័ត​ក្នុង​ហ្វូង​ប្រជាពលរដ្ឋ​ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​នៅពេល​មាន​បញ្ហា​សុខភាព​ហើយ​មិនអាច​មក​រក​គ្រូពេទ្យ​នៅ​តាម​តង់​សុខភាព ឬ​រថយន្ដ​សង្គ្រោះ​បាន​ផង​ដែរ​។

លោក​រដ្ឋមន្ត្រី​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ទៅ​កំសាន្ត​ នៅក្នុង​ពិធីបុណ្យ​អុំទូក​ត្រូវ​បរិភោគ​គ្រឿង​ស្រវឹង​ដោយ​ការទទួលខុសត្រូវ​ខ្ពស់​បំផុត​និង​ហាម​ពិសា​គ្រឿង​ស្រវឹង​ក្នុង​ពេល​បើកបរ​និង​បញ្ជា​ម៉ាស៊ីន​ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu