កាសែតគាំទ្ររដ្ឋាភិបាលបានរាយការណ៍ថា តុលាការចិនមួយនឹងកាត់ទោសពលរដ្ឋកាណាដាម្នាក់ពីបទចោទប្រកាន់គ្រឿងញៀននៅថ្ងៃសៅរ៍នៅក្នុងករណីមួយដែលអាចជាការធ្វើតេស្តបន្ថែមទៀតលើទំនាក់ទំនងដែលមានបញ្ហាលំបាករួចទៅហើយរវាងក្រុងប៉េកាំងនិងអូតាវ៉ា។
ប្រទេសទាំងពីរមានជម្លោះជាមួយគ្នាលើជោគវាសនារបស់ពលរដ្ឋកាណាដា២នាក់ដែលត្រូវបានឃុំខ្លួននៅក្នុងប្រទេសចិនពីបទសង្ស័យបង្កគ្រោះថ្នាក់ដល់សន្តិសុខរដ្ឋនិងការចាប់ខ្លួនរបស់កាណាដាលើនាយកប្រតិបត្តិជនជាតិចិនជាន់ខ្ពស់មួយរូបតាមសំណើរបស់អាមេរិក។
តុលាការជាន់ខ្ពស់នៅខេត្ត Liaoning ភាគពាយ័ព្យបាននិយាយកាលពីថ្ងៃពុធថា បុរសម្នាក់ឈ្មោះ Robert Lloyd Schellenberg នឹងត្រូវកាត់ទោសនៅថ្ងៃសៅរ៍ពីបទរត់ពន្ធគ្រឿងញៀននៅក្នុងទីក្រុង Dalian ។
កាសែតរបស់រដ្ឋាភិបាលក្រុង Dalian បាននិយាយនៅល្ងាចថ្ងៃពុធថា លោក Schellenberg គឺជាពលរដ្ឋកាណាដាហើយនេះគឺជាសវនាការបណ្តឹងឧទ្ធរណ៍មួយបន្ទាប់ពីគាត់ត្រូវបានរកឃើញដោយការសម្រេចលើកមុនថាបានរត់ពន្ធគ្រឿងញៀនដ៏ច្រើនសន្ធឹកសន្ធាប់ចូលប្រទេសចិន។
ទោះបីជាយ៉ាងណាក៏ដោយ មិនមានការឆ្លើយតបភ្លាមៗពីរដ្ឋាភិបាលកាណាដាទេ។
បទល្មើសគ្រឿងញៀនគឺត្រូវបានផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរនៅប្រទេសចិន។
ប្រទេសចិនបានប្រហារជីវិតជនជាតិអង់គ្លេសម្នាក់ដែលរត់ពន្ធហេរ៉ូអ៊ីនកាលពីឆ្នាំ២០០៩ដែលជំរុញឲ្យអង់គ្លេសថ្កោលទោសនឹងអ្វីដែលខ្លួននិយាយថាជាកង្វះការវាយតម្លៃសុខភាពផ្លូវចិត្ត។
ប្រទេសកាណាដាបានអំពាវនាវឲ្យមានដោះលែងពលរដ្ឋកាណាដាចំនួន២នាក់ដែលចិនឃុំឃាំងកាលពីដើមខែនេះ។
ចំណែកឯប្រទេសចិនបានទាមទារឲ្យកាណាដាដោះលែងលោកស្រី Meng ដែលកំពុងប្រយុទ្ធប្រឆាំងនឹងការធ្វើបត្យាប័នទៅសហរដ្ឋអាមេរិក៕ REUTERS
Source: Kampuchea Thmey Daily
0 Comments