Ad Code

លោក Poroshenko ប្រកាស​បញ្ចប់​ច្បាប់អាជ្ញាសឹក​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន



ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Petro Poroshenko កាលពី​ថ្ងៃ​ពុធ​បានប្រកាស​អំពី​ការបញ្ចប់​ច្បាប់អាជ្ញាសឹក​នៅតាម​តំបន់​ព្រំដែន​របស់​ប្រទេស​ ដែល​ត្រូវ​បានដាក់​កាលពី​ខែ​មុន​បន្ទាប់ពី​រុស្ស៊ី​ចាប់យក​នាវា​៣​គ្រឿង​របស់​កងទ័ពជើងទឹក​ក្រុង​គៀវ​នៅក្នុង​សមុទ្រ Azov។

លោក Poroshenko បាន​ឲ្យ​ដឹង​អំឡុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​និង​ការពារជាតិ​នៅ​ទីក្រុង​គៀវ​ថា “​ថ្ងៃនេះ​នៅ​ម៉ោង​២​រសៀល ច្បាប់អាជ្ញាសឹក​ត្រូវ​បញ្ចប់​”​។​

ប្រធានាធិបតី​រូបនេះ​បាន​និយាយថា លោក​បាន​ឈានដល់​ការសម្រេចចិត្ត​នេះ​ដោយ​ផ្អែកលើ​ការវិភាគ​គ្រប់​ជ្រុងជ្រោយ​នៃ​ស្ថានការណ៍​សន្តិសុខ​នៅក្នុង​ប្រទេស​។​

ការដាក់​ច្បាប់អាជ្ញាសឹក​បានកើត​ឡើង​បន្ទាប់ពី​លោក Poroshenko ព្រមាន​អំពី​ការកើនឡើង​នៃ​កងកម្លាំង​រុស្ស៊ី​ក្បែរ​ព្រំដែន​អ៊ុយ​ក្រែ​ន​ដែល​បង្កើន​វិបត្តិ​ដ៏​គ្រោះថ្នាក់​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​រវាង​ប្រទេសជិតខាង​អតីត​សូ​វៀត​ទាំងពីរ​។​

ទូក​ល្បាត​ព្រំដែន​របស់​ប្រទេស​រុស្ស៊ី​បាន​បាញ់​និង​រឹបអូស​យក​នាវា​អ៊ុយ​ក្រែ​ន​៣​គ្រឿង​រួមជាមួយ​នាវិក​២៤​នាក់​កាលពី​ខែវិច្ឆិកា​នៅ​ឆ្នេរសមុទ្រ​នៃ​តំបន់ Crimea​។ នាវិក​ទាំងនោះ​នៅតែ​ត្រូវ​ឃុំខ្លួន​ដោយ​អាជ្ញាធរ​រុស្ស៊ី​។​

ច្បាប់អាជ្ញាសឹក​ត្រូវ​បានដាក់​នៅក្នុង​តំបន់​ចំនួន​១០​ជាប់​ព្រំដែន​របស់​រុស្ស៊ី​ឬ​តំបន់​ដែល​គ្រប់គ្រង​ដោយ​ក្រុម​បំបែក​ខ្លួន​គាំទ្រ​ដោយ​ក្រុង​មូ​ស្គូ​ក៏ដូចជា​នៅតាម​ឆ្នេរ​នៃ​សមុទ្រ Azov និង​សមុទ្រ​ខ្មៅ​ផងដែរ​។​

កងកម្លាំងប្រដាប់អាវុធ​អ៊ុយ​ក្រែ​ន​បាន​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​ប្រយុទ្ធ​ហើយ​ត្រូវបាន​បំពេញបន្ថែម​ដោយ​ការចំណាយ​នៃ​ទុន បម្រុង​ដំណាក់កាល​ដំបូង​។​

ក្រុង​គៀវ​ក៏​ហាមឃាត់​បុរស​រុស្ស៊ី​ដែលមាន​អាយុ​ពី​១៦​ទៅ​៦០​ឆ្នាំ​ពី​ការចូល​ក្នុងប្រទេស​ផងដែរ​។​
​សេវា​ព្រំដែន​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ការចូល​នេះ​ត្រូវ​បានដាក់​កំហិត​ចំពោះ​ជនជាតិ​រុស្សី​ប្រហែល​១,៦៥៥​នាក់​ចាប់តាំងពី​ថ្ងៃទី​៣០​វិច្ឆិកា​មក​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu