ប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃព្រហស្បតិ៍ បានបង្កើនកម្រិតប្រុងប្រយ័ត្នគ្រោះថ្នាក់សម្រាប់ភ្នំភ្លើងមួយដែលបង្កឲ្យមានរលកយក្សស៊ូណាមិដ៏សាហាវកាលពីចុងសប្ដាហ៍បន្ទាប់ពីមានការព្រមានពីមុនថា សកម្មភាពថ្មីនៅមាត់ភ្នំភ្លើងបានគំរាមកំហែងបង្ករលកយក្សដ៏សាហាវមួយទៀត។
អាជ្ញាធរក៏បានពង្រីកតំបន់ហាមចូលនៅជុំវិញភ្នំ Anak Krakatoa ដល់ចម្ងាយ៥គីឡូម៉ែត្រពីលើកមុនដែលមានចម្ងាយពី២គីឡូម៉ែត្រផងដែរហើយបានព្រមានប្រជាពលរដ្ឋឲ្យនៅឆ្ងាយពីឆ្នេរបន្ទាប់ពីមនុស្សជាង៤០០នាក់ត្រូវបានសម្លាប់ដោយរលកយក្សកាលពីរាត្រីថ្ងៃសៅរ៍។
ផ្សែងផេះបានផ្ទុះឡើងទៅលើមេឃនៅពេលដុំថ្មហូរចុះពីមាត់ភ្នំភ្លើងដែលជាហេតុបង្កើនហានិភ័យនៃរលកសមុទ្រធំៗ។
អាជ្ញាធរបានបង្កើនស្ថានភាពមាត់ភ្នំភ្លើងទៅដល់កម្រិតប្រុងប្រយ័ត្នខ្ពស់ដែលជាការព្រមានអំពីគ្រោះថ្នាក់ខ្ពស់បំផុតលំដាប់ទី២ខណៈដែលមន្ត្រីអាកាសចរណ៍បានបញ្ជាឲ្យជើងហោះហើរត្រូវបង្វែរទិសដៅចេញពីតំបន់នោះ។
លោក Kus Hendratno មន្ត្រីជាន់ខ្ពស់ម្នាក់នៅក្រុមសង្កេតមើលភ្នំភ្លើង Krakatoa បានប្រាប់ AFP នៅថ្ងៃព្រហស្បតិ៍ថា “យើងបានបង្កើនស្ថានភាពភ្នំភ្លើងចាប់តាំងពីពេលព្រឹកទៅដោយសារតែមានការផ្លាស់ប្តូរនៅក្នុងលំនាំនៃការផ្ទុះ”។
ទោះបីជាយ៉ាងណាក៏ដោយ លំហូរថ្មីនេះមិនបង្កឲ្យមានគ្រោះថ្នាក់ភ្លាមៗដល់ទីក្រុងនានាទេដោយសារភ្នំភ្លើងនេះស្ថិតនៅកណ្តាលច្រកសមុទ្រ Sunda ចន្លោះកោះជ្វានិងកោះស៊ូម៉ាត្រា។
ប៉ុន្តែការផ្លាស់ប្តូរស្ថានភាពនេះបានបង្កឲ្យមានការភ័យខ្លាចជាថ្មីខណៈអ្នកស្រុកជាច្រើនមានភាពភ័យខ្លាចរួចទៅហើយនិងមិនព្រមវិលត្រលប់ទៅសហគមន៍របស់ពួកគេវិញដោយសារតែភ័យខ្លាចរលកយក្សស៊ូណាមិមួយទៀត។
គួរបញ្ជាក់ថា ផ្នែកមួយនៃរណ្តៅភ្នំភ្លើងបានបាក់បន្ទាប់ពីការផ្ទុះហើយបានធ្លាក់ចូលទៅក្នុងមហាសមុទ្រដែលជាហេតុបង្កឲ្យមានរលកយក្សដ៏សាហាវកាលពីរាត្រីថ្ងៃសៅរ៍។
មនុស្សយ៉ាងតិច៤៣០នាក់បានស្លាប់និង១,៤៩៥នាក់រងរបួសហើយ១៥៩នាក់ទៀតបាត់ខ្លួន។
មនុស្សជិត២២,០០០នាក់ត្រូវបានជម្លៀសនិងកំពុងស្នាក់នៅក្នុងជំរំ៕ AFP
Source: Kampuchea Thmey Daily
0 Comments