Ad Code

គម្រោង “​ទីក្រុង​រំដួល​” ចាប់​បើក​ការដ្ឋាន​ជា​ផ្លូវការ​ និង​សម្ពោធ​មជ្ឈមណ្ឌល​លក់



ភ្នំពេញ ​៖ ​ក្រុមហ៊ុន​SRE Group ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍ អចលនទ្រព្យ​ដ៏​ធំ​របស់​ចិន បាន​ប្រារព្ធ​ពិធី​បើក​ការដ្ឋាន និង​ពិធី​សម្ពោធ​មជ្ឈមណ្ឌល​លក់ គម្រោង​ទីក្រុង​រំដួល (ROMDUOL CITY) នៅ​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ ដែលជា គម្រោង​អគារ​ពាណិជ្ជកម្ម និង​លំនៅឋាន​លំដាប់​ខ្ពស់​ដំបូង​គេ​បំផុត បែប​សួនឧទ្យាន​បៃតង នៅក្នុង​ខណ្ឌ​សែន​សុខ។

នៅក្នុង​ពិធី​បើក​ការដ្ឋាន​នេះដែរ លោក ឃួ​ង​ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា ” រាជធានី​ភ្នំពេញ​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ថ្មី​មួយ ហើយ​ខណ្ឌ​សែន​សុខ ដែល​គម្រោង​ទីក្រុង​រំដួល​ស្ថិតនៅ​នេះ​ទៀតសោត គឺជា​មជ្ឈមណ្ឌល វិទ្យាសាស្ត្រ ការអប់រំ វប្បធម៌ និង​សុខាភិបាល​នៃ​រាជធានី​ភ្នំពេញ ហើយក៏​ជា​តំបន់​អភិវឌ្ឍ​ស្នូល សម្រាប់​ទីក្រុង​ភ្នំពេញ​នាពេល​អនាគត​ផងដែរ។ លោក រំពឹង​ទុក​ថា គម្រោង​ទីក្រុង​រំដួល​ដែល​ក្រុមហ៊ុន SRE Group ខិតខំ​រៀបចំ​ផែនការ និង​កសាង​ដោយ​យកចិត្តទុកដាក់​បំផុត​ អាច​លើកកម្ពស់ ដល់​កម្រិត​ស្ថាបត្យកម្ម​ទីក្រុង និង​មុខមាត់​របស់​រាជធានី​ភ្នំពេញ និង​នាំ​មូល​នូវ​ថាមពល​ថ្មីៗ​បន្ថែម ដល់​ការអភិវឌ្ឍន៍​ទីក្រុង និង​ក្លាយទៅជា​នាមប័ណ្ណ​ថ្មី​មួយ ដែល​ស្តែង​អោយ​ឃើញ​ពី​ភាព​បើកចំហ ថាមពល និង​ភាពជា​ទីក្រុង​អន្តរជាតិ​របស់​ទីក្រុង​ភ្នំពេញ​”​។​

លោក អភិបាល​រាជធានី ក៏បាន​លើកឡើង​ផងដែរ​ថា ទំនាក់ទំនង​មិត្តភាព​កម្ពុជា​-​ចិន មាន​ប្រវត្តិ​តាំងពី​យូរលង់​ណាស់​មកហើយ ហើយ​នៅក្នុង​ឱកាស​“​ខួប​អនុស្សាវរីយ៍​លើក​ទី ៦០ នៃ ការបង្កើត​ទំនាក់ទំនង​ការទូត រវាង​កម្ពុជា​-​ចិន​” ដ៏​មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​នេះ គម្រោង​ទីក្រុង​រំដួល​ដែល​ក្រុមហ៊ុន SRE Group បាននិងកំពុង​អភិវឌ្ឍ​ជា​លើកដំបូង នៅក្នុង​រាជធានី​ភ្នំពេញ​នេះ នឹង​ក្លាយទៅជា​គម្រោង​មួយ ដែល​ជួយ​រឹតបន្តឹង​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ឈ្នះៗ​របស់​ភាគី​ទាំងពីរ ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​។​

លោក LIU FENG អគ្គនាយក​ក្រុមហ៊ុន SRE Group បាន​មានប្រសាសន៍ថា ” ការ​ចូលមក​វិនិយោគ ក្នុងប្រទេស​កម្ពុជា​លើក​នេះ ក៏​ជាការ​ឆ្លើយតប​យ៉ាងសកម្ម ចំពោះ​គោលនយោបាយ​ជា​យុទ្ធសាស្ត្រ “​ខ្សែក្រវ៉ាត់​មួយ វិថី​មួយ​” របស់​រដ្ឋាភិបាល​ចិន​ផងដែរ​។ សក្តានុពលភាព​អភិវឌ្ឍន៍ នៃ​ទីផ្សារ​អចលនទ្រព្យ នៅក្នុង​រាជធានី​ភ្នំពេញ និង​អនាគត​អភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា ដែលជា​ប្រទេស​សេដ្ឋកិច្ច​ថ្មី នៅ​តំបន់​អាស៊ីអាគ្នេយ៍ ក៏​ជា​មូល​ហេតុដែល​ទាក់ទាញ​ក្រុមហ៊ុន SRE Group មក​ធ្វើការ​វិនិយោគ​នៅទីនេះ​ដែរ​។​
លោក​បាន​បញ្ជាក់ថា គម្រោង​ទីក្រុង​រំដួល​នេះ ស្ថិតនៅ មាន​ទីតាំងនៅ​ចន្លោះ ចំណុចកណ្តាល​ក្រុងភ្នំពេញ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​តំបន់​សេដ្ឋកិច្ច​ពិសេស និង​សួន​ឧស្សាហកម្ម​ធំជាងគេ នៅក្នុង​ប្រទេស​កម្ពុជា ហេតុនេះ​វា​ស្ថិតនៅ ចំ​ទីតាំង​អភិវឌ្ឍ​បំផុត​ក្នុង​ទីក្រុង ដោយ​មិន​ត្រឹមតែ ប្រមូលផ្តុំ​នូវ​ធនធាន​អប់រំ សុខាភិបាល ពាណិជ្ជកម្ម​និង​ចរាចរណ៍​ល្អ​បំផុត​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​ផ្ទុក​នូវ​តម្រូវការ លើកកម្ពស់​កម្រិត​លំនៅ​ឋាន ដែល​ងាយស្រួល នឹង​កើតមានឡើង​ជាទីបំផុត​។ គម្រោង​ទីក្រុង​រំដួល​ត្រូវ​បានកំណត់​ជា “​សហគមន៍​រស់នៅ​បែប​អេកូឡូស៊ី​អន្តរជាតិ​មួយ​” ហើយ​គម្រោង​នេះ នឹងត្រូវ​សាងសង់​លើ​ផ្ទៃដី​16327​ម៉ែត្រការ៉េ ដោយ​សាងសង់​លំនៅឋាន លំដាប់​ខ្ពស់​ចំនួន​៤​អគារ ផ្សារ​ទំនើប​និង​ចំណតរថយន្ត ចំនួន​២​ជាន់​នៅ​ខាងក្រោម​។​

លោក Matthew Hon អ្នកគ្រប់គ្រង​គម្រោង “​ទីក្រុង​រំដួល​” បានអោយដឹងថា ” គម្រោង​ទីក្រុង​រំដួល​នេះ​បង្កប់​នូវ​ទ្រឹស្តី សហគមន៍​រស់នៅ​បែប សួនឧទ្យាន​បៃតង ដ៏​ធំ​និង​កម្រ​មួយ​នៅក្នុង​ទីក្រុង​ភ្នំពេញ ដោយ​វា​ត្រូវ​បាន​រចនា​អោយ​មាន សួន​អេកូឡូស៊ី​បែប​អាស៊ី​បូព៌ា ច្របាច់​បញ្ចូល​គ្នា​យ៉ាង​ល្អ នូវ​ទេសភាព​ដើម​ត្នោត​និង​ទឹកថ្លា​ឆ្វេង បង្កើត​បាន​ជា​សួនឧទ្យាន អេកូឡូស៊ី​ដ៏​ស្រស់​សោភា​។ នៅក្នុង​សួនឧទ្យាន​នេះ មាន​កសាង​ន​នូវ កុមារដ្ឋាន តំបន់​លេង​ទឹក​សម្រាប់​កុមារ អាង​ហែល​ទឹក​ខាងក្រៅ មជ្ឈមណ្ឌល​ស្ប៉ា សួន​ហាត់ប្រាណ​ក្នុង​ទឹក តំបន់​កម្មវិធី​សម្រាក​កម្សាន្ត​ខាងក្រៅ ស្ថានីយ​ពហុ​បំណង មជ្ឈមណ្ឌល​អាហារ និង​ហេដ្ឋារចនាសម្ព័ន្ធ​ទ្រទ្រង់​ផ្សេងៗ​ទៀត ដើម្បី​បំពេញ​តម្រូវការ រស់នៅ​របស់​អ្នក​រស់នៅ​គ្រប់​វ័យ បង្កើត​ជា​របៀប​រស់នៅ​បែង​ភ្នំពេញ​មួយ នៅក្នុង​បរិយាកាស​ធម្មជាតិ​អេកូឡូស៊ី សម្រាប់​ធនធានមនុស្ស​កំពូលៗ ទូទាំង​សកលលោក​”៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu