Ad Code

វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ​អេស៊ីលីដា​ដែលមាន​តម្លៃ​ជាង​៣៦​លាន​ដុល្លារ​ បាន​បើកសម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ



ភ្នំពេញ ​៖​ វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ​អេស៊ីលីដា​(AIB) ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី​ ត្រូវបាន​បើកសម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​ហើយ​កាលពី​រសៀល​ថ្ងៃទី​២៧ ​ខែធ្នូ​ ឆ្នាំ​២០១៨​ ក្រោម​អធិបតីភាព​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​មានការ​ចូលរួម​ពី​លោក​បណ្ឌិត​សភាចារ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កី​ទ្បា និង​លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី​។​

លោក​បណ្ឌិត ផុន ណារិន នាយក​វិទ្យាស្ថាន ពាណិជ្ជ​សាស្ត្រ អេស៊ីលីដា​បាន​មាន​ប្រសាសន៍​ថា​វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ អេស៊ីលីដា​ដែលមាន​ទីតាំង​ស្ថិតនៅ​អគារ​លេខ​១៣៩៧ មហាវិថី​មិត្តភាព ភ្នំពេញ​-​ហាណូយ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​បាន​ចំណាយពេល​សាងសង់​ជាង​២​ឆ្នាំ​ជាមួយ​ទុនវិនិយោគ​ជាង​៣៦​លាន​ដុល្លារ​អាមេរិក​ដោយ​សាងសង់​លើ​ផ្ទៃដី​ចំនួន​៧,៥​ហិកតា​ដែល​អាច​ទទួល​និស្សិត​បាន​ជាង​៧០០០​នាក់ មាន​ផ្តល់នូវ​សេវាកម្ម​អប់រំ​កម្រិត​បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ការបណ្តុះបណ្តាល​ជំនាញ​ហិរញ្ញវត្ថុ ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ដល់​និស្សិត​-​សិក្ខាកាម​ជាតិ និង​អន្តរជាតិ​។​

លោក​បណ្ឌិត​បាន​បន្តថា​ការសាងសង់​វិទ្យាស្ថាន​នេះ​ឡើង​ក្នុង​គោលបំណង​ដើម្បី​បំពេញ​ទៅតាម​តម្រូវការ​ចាំបាច់​នៃ​កំណើន​សិស្ស​និស្សិត​និង​ដើម្បី​ចូលរួម​ចំណែក​នៅក្នុង​វិស័យ​អប់រំ ចែករំលែក​នូវ​បទពិសោធន៍​ជោគជ័យ ចំណេះ​ជំនាញ សីលធម៌ និង​ពង្រឹង​គុណភាព​អប់រំ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល និង​ក្រសួង​អប់រំ​យុវជន និង​កីឡា នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

លោក​បណ្ឌិត​បាន​បន្ថែម​ថា វិទ្យាស្ថាន​នេះ​សាងសង់​ឡើង​ស្របតាម​ស្តង់ដារ​អន្តរជាតិ មាន​លក្ខណៈ​ទំនើប ស្រស់​ស្អាត ដែល​មាន​បំពាក់​ទៅ​ដោយ​ឧបករណ៍​សម្ភារៈ​ការិយាល័យ លិក្ខូបករណ៍​តាម​បន្ទប់រៀន​ទំនើប និង​ទាន់សម័យ ព្រមទាំង​មាន​ប្រព័ន្ធ​ការពារ​សន្តិសុខ ការ​សន្សំសំចៃ​ថាមពល​ប្រើប្រាស់ ការ​បង្ការ​អគ្គិភ័យ បណ្តាញ​ត្រួតពិនិត្យ និង​ប្រព័ន្ធ​ទូរគមនាគមន៍ ហើយ​និង​ប្រព័ន្ធ​គាំទ្រ​បច្ចេកវិជ្ជា​ព័ត៌មាន​គ្រប់​អគារ​ទាំងអស់​។​



លោក​បណ្ឌិត ផុន ណារិន បាន​មានប្រសាសន៍​បន្តទៀតថា​ គិត​ត្រឹម​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០០៩​សិក្ខាកាម​ខាងក្នុង​ប្រទេស​មាន​មាន​ចំនួន​៦.៤៧៥​នាក់ មកពី ២៤៥​ស្ថាប័ន ​ខណៈ​គិត​ត្រឹម​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០០៩​កន្លងទៅ​មាន​ចំនួន​៣០៥​នាក់​ប៉ុណ្ណោះ​។​ចំណែក សិក្ខាកាម​ខាងក្រៅ​ប្រទេស​មាន​ចំនួន ២៩៨​នាក់ គិត​ត្រឹម​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០០៩ កើន​ដល់​ចំនួន​១.៨៧៧​នាក់ មកពី​១៤២​ស្ថាប័ន ៣០​ប្រទេស គិត​ត្រឹម​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

រីឯ​ការបណ្តុះបណ្តាល​កម្រិត​ឧ​ត្ត​ម​សិក្សា​ថ្នាក់​បរិញ្ញាបត្រ និង​ថ្នាក់​បរិញ្ញាបត្ររង វិទ្យាស្ថាន​បាន​បើក​បវេសនកាល​លើ​មុខជំនាញ​ហិរញ្ញវត្ថុ និង​ធនាគារ​បាន​ចំនួន​៣​ជំនាន់​គឺ​បវេសនកាល​ឆ្នាំ​២០១៦ ២០១៧​និង​២០១៨ ដែលមាន​និស្សិត​កំពុង​សិក្សា​សរុប​ចំនួន ៩០៨​នាក់ ក្នុងនោះ​កម្រិត​ថ្នាក់​បរិញ្ញាបត្រ​មាន​ចំនួន ៦១៤​នាក់​បរិញ្ញាបត្ររង​ចំនួន​១៩១​នាក់ និង​ថ្នាក់​ភាសា​អង់គ្លេស​ទូទៅ​មាន​ចំនួន ១០៣​នាក់​។​

ក្រៅពី​កំណើន​សិក្ខាកាម និង​និស្សិត​ខាងលើនេះ ចំនួន​វគ្គ​ហ្វឹកហ្វឺន​ផ្ទៃក្នុង ធនាគារ អេស៊ីលីដា មាន​ចំនួន​២.៦៦៤​វគ្គ កម្មករនិយោជិត​ចូលរួម​ចំនួន ៣៧.៣៧៩​នាក់ គិត​ត្រឹម​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០០៩​កើន​ដល់​ចំនួន ៥១.៧ ៩៦​វគ្គ កម្មករនិយោជិត​ចូលរួម​ចំនួន ៥៦១.២៥៤​នាក់ គិត​ត្រឹម​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨​និង​កម្មករនិយោជិត​មា ន ចំនួន​៣៤​នាក់​គិត​ត្រឹម​ថ្ងៃទី​៣១​ខែធ្នូ ឆ្នាំ​២០០៩​កើន​ដល់​ចំនួន ១២៧​នាក់ គិត​ត្រឹម​ថ្ងៃទី​៣០​ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

លោក​អគ្គបណ្ឌិត សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​សំដែង​នូវ​ការអបអរសាទរ និង​ការកោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមប្រឹក្សាភិបាល ថ្នាក់​-​ដឹកនាំ និង​បុគ្គលិក នៃ វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ អេស៊ីលីដា និង​សូម​លើកទឹកចិត្ត ដល់​ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និង​បុគ្គលិក​ទាំងអស់ និង​សូម​បន្ត​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន ដើម្បី​ចូលរួម​បណ្តុះបណ្តាល​ធនធានមនុស្ស ពោលគឺ​ការបណ្តុះបណ្តាល​ជំនាញ វិជ្ជាជីវៈ ផ្នែក​ហិរញ្ញវត្ថុ និង ធនាគារ ប្រកបដោយ​គុណភាព​ខ្ពស់ ដើម្បី​គាំទ្រ​ការរីកចម្រើន នៃ​វិស័យ​ហិរញ្ញវត្ថុ និង​ធនាគារ​នៅពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​។​

លោក​ឧបនាយករដ្ឋមន្ត្រី​បានលើកឡើង​ទៀតថា​វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ អេស៊ីលីដា អាច​ត្រូវបាន​ចាត់ទុកថា ជា​មជ្ឈមណ្ឌល សម្រាប់​អភិវឌ្ឍន៍​ធនធានមនុស្ស​ប្រកបដោយ​គុណភាព​ខ្ពស់ និង​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល និង​ក្រសួង​អប់រំ យុវជន និង កីឡា​និង​ជា​ជម្រើស​ដ៏​ល្អ​មួយ​សម្រាប់​សិស្ស និស្សិត និង​សិក្ខាកាម ទំ​ង​ក្នុង និង​ក្រៅប្រទេស​សម្រាប់​បន្ត​ការសិក្សា​ដើម្បី​ទទួលបាន​ចំណេះ​ជំនាញ​និង​បទពិសោធ​ការងារ​ច្បាស់លាស់​។​

លោក​ឧបនាយករដ្ឋមន្ត្រី​បាន​បន្តថា​ជាការ​ពិត​វឌ្ឍនភាព​គួរឱ្យកត់សម្គាល់​ដែល​សម្រេចបាន​ក្នុង​វិស័យ​អប់រំ និង ការបណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ មិនមែន​កើតឡើង ដោ យ​ចៃដន្យ​នោះទេ ពោលគឺ​បាន​ស្តែង​ចេញពី​កិច្ចខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម​ជាមួយនឹង​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ រវាង​ក្រសួង​-​ស្ថាប័ន វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍន៍ និង​សហគមន៍ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ តាម​តួនាទី និង​ភារកិច្ច​រៀងៗ​ខ្លួន ក្នុងការ​អនុវត្ត​គោលនយោបាយ ដែល​បាន​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល ដើម្បី​អភិវឌ្ឍន៍ និង​កសាង​ធនធានមនុស្ស​។​

លោក​ឧបនាយករដ្ឋមន្ត្រី​បាន​បន្ថែមថា​ដូច្នេះ​ការសម្ពោធ​ជា​វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ​អេស៊ីលីដា​នាពេលនេះ​គឺជា​សក្ខីកម្ម​ថ្មី​មួយទៀត​ដែល​ឆ្លុះបញ្ចាំង​ពី​ការចូលរួមចំណែក របស់​វិស័យ​ឯកជន​ក្នុងការ​អភិវឌ្ឍ​វិស័យ​អប់ រំ​នៅ​កម្ពុជា​ប្រកបដោយ​គុណភាព​ខ្ពស់ ជាពិសេស នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​និង​ធនាគារ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu