សៀមរាប ៖ បុរសភ្ញៀវទេសចរជនជាតិចិនម្នាក់ ស្នាក់នៅសណ្ឋាគារ គ្រីស្តាល់ ហើយបានដើរកម្សាន្តនៅក្នុងខេត្ត ស្រាប់តែមានអាការៈមិនស្រួលខ្លួន រួចក៏បានស្លាប់ ក្រោយពេលបញ្ជូនទៅកាន់មន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ។ បើតាមសមត្ថកិច្ចត្រួតពិនិត្យ ទៅដឹងថា បណ្តាលមកពីជំងឺគាំងបេះដូង។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១២និង៣០នាទីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅភូមិ កសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប។
នគរបាលជំនាញខេត្តសៀមរាបបានឲ្យដឹងថា ជនរងគ្រោះឈ្មោះBAI CHANGJUN ភេទប្រុស កើតឆ្នាំ១៩៦៧ ជនជាតិចិនកាន់លិខិតឆ្លងដែនលេខPE១២៥៨៣៤៩ ទិដ្ឋាការស្នាក់នៅប្រភេទEI(សុពលភាព០១ខែ)។ ជនរងគ្រោះ បានចូលមកព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងបានបន្តដំណើរមកកាន់ខេត្តសៀមរាប កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ស្នាក់នៅបន្ទប់លេខ២០៣ សណ្ឋាគារ គ្រីស្តាល់ ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។
ប្រភពបន្តថា តាមការសាកសួរ មិត្តភ័ក្ដិបានឲ្យដឹងថា នាវេលាម៉ោងប្រហែលជិត១១ព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ក្នុងពេលកំពុងទស្សនាប្រាសាទបាយ័ន ជនរងគ្រោះក៏ស្រាប់តែមានអាការៈមិនស្រួលខ្លួន ហើយត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ។ រហូតដល់វេលាម៉ោងប្រហែល១២ថ្ងៃដដែល ជនរងគ្រោះក៏បានស្លាប់។ ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញនៅលើខ្លួនសាកសព ពុំមានអ្វីគួរឲ្យកត់សំគាល់ឡើយ។
តាមការពិនិត្យរបស់លោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការខេត្តបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយគាំងបេះដូង។ សាកសព ត្រូវបានបញ្ជូនទៅតម្កល់ទុកបណ្ដោះអាសន្ននៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត(ពេទ្យរុស្ស៊ី) តាមសំណូមពររបស់មិត្តភ័ក្ដិ និងតំណាងស្ថានកុងស៊ុល៕
Source: Kampuchea Thmey Daily
0 Comments