ព័ត៌មានក្លែងក្លាយនិងភាពពិត កំពុងប្រយុទ្ធគ្នាតាមអនឡាញសម្រាប់សេចក្ដីពិត
ចាប់តាំងពីប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រើពាក្យ “ព័ត៌មានក្លែងក្លាយ” ក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦មក ឃ្លានេះក៏បានល្បីល្បាញ។
វាត្រូវបានប្រើច្រើនឡើងៗដោយអ្នកនយោបាយនៅជុំវិញពិភពលោកដើម្បីថ្កោលទោសឬច្រានចោលរបាយការណ៍ព័ត៌មានដែលមិនសមនឹងសេចក្ដីពិតរបស់ពួកគេ។
ប៉ុន្តែខណៈដែលសារព័ត៌មានបានការពារកិច្ចការរបស់ពួកគេនោះ ព័ត៌មានក្លែងក្លាយកំពុងតែធ្វើឲ្យមានការជជែកវែកញែកផ្នែកនយោបាយនៅទូទាំងពិភពលោកហើយបានធ្វើឲ្យប៉ះពាល់ដល់កម្រិតនៃការជឿជាក់ក្នុងប្រព័ន្ធផ្សព្វផ្សាយនិងស្ថាប័ន។
ព័ត៌មានមិនពិត
ការទទួលជ័យជម្នះរបស់លោក Trump ក្នុងឆ្នាំ២០១៦បានបង្កើតឲ្យមានឧទាហរណ៍ជាច្រើននៃបោកបញ្ឆោតនិងរឿងរ៉ាវព័ត៌មានមិនពិតចាប់ពីការចោទប្រកាន់របស់លោកស្រី Hillary Clinton ទាក់ទងទៅនឹងបញ្ហាផ្លូវភេទកុមារទៅដល់របាយការណ៍ក្លែងក្លាយដែលថាសម្តេចប៉ាបបានគាំទ្រលោក Trump។
យោងតាមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យរដ្ឋអូហៃយ៉ូដែលសាកសួរអ្នកបោះឆ្នោតបានឲ្យដឹងថា ព័ត៌មានមិនពិតបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើការសម្រេចចិត្តបោះឆ្នោត។ ប៉ុន្តែវាមិនអាចទៅរួចទេដើម្បីបញ្ជាក់ថា ព័ត៌មានមិនពិតបានផ្លាស់ប្តូរការបោះឆ្នោតទៅលោក Trump ។
ក្នុងនាមជាប្រធានាធិបតី លោក Trump នៅតែរិះគន់ព័ត៌មានណាដែលធ្វើឲ្យគាត់មិនពេញចិត្តថាជា “ព័ត៌មានក្លែងក្លាយ”។
ការសិក្សាខ្លះបានលើកឡើងថា មានមនុស្សកាន់តែច្រើនជឿលើពាក្យកុហក។ ឧទាហរណ៍ ការស្ទង់មតិមួយក្នុងឆ្នាំ២០១៧បានបង្ហាញថា អ្នកសាធារណរដ្ឋ៥១ភាគរយនៅតែជឿជាក់ថា លោក Barack Obama កើតនៅប្រទេសកេនយ៉ាថ្វីបើការបោកបញ្ឆោតត្រូវបានលាតត្រដាងក៏ដោយ។
បំផ្លាញសេចក្តីទុកចិត្ត
ការស្ទង់មតិមួយរបស់ YouGov សម្រាប់វិទ្យាស្ថានសិក្សាស្តីពីសារព័ត៌មានរ៉យទ័រនៅឆ្នាំ២០១៨ បានបង្ហាញថា កម្រិតនៃការជឿទុកចិត្តជាមធ្យមចំពោះព័ត៌មាននៅទូទាំងប្រទេសចំនួន៣៧គឺនៅតែមានស្ថិរភាពពោលគឺមាន៤៤ភាគរយ។
ប៉ុន្តែព័ត៌មានមិនពិតដែលត្រូវបានផ្សព្វផ្សាយដោយអាជ្ញាធរគឺមិនបានជួយដល់បញ្ហានេះទេ។
ជាឧទាហរណ៍នៅប្រទេសអ៊ុយក្រែន អាជ្ញាធរបានប្រឌិតការស្លាប់របស់អ្នកសារព័ត៌មានជនជាតិរុស្ស៊ីឈ្មោះ Arkady Babchenko កាលពីចុងខែឧសភាដើម្បីរារាំងផែនការពិតប្រាកដដើម្បីធ្វើឃាតគាត់។
យោងតាមការស្ទង់មតិរបស់ YouGov បានបង្ហាញថាការជឿជាក់លើប្រព័ន្ធផ្សព្វផ្សាយប្រពៃណីនៅតែខ្ពស់ជាងបណ្តាញសង្គម។ មានតែ២៣ភាគរយប៉ុណ្ណោះនៃអ្នកត្រូវគេស្ទង់មតិដែលបាននិយាយថា ពួកគេជឿទុកចិត្តលើព័ត៌មានដែលពួកគេរកឃើញលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
បណ្តាញសង្គមស្ថិតក្នុងវិបត្តិ
មនុស្សជាច្រើនជឿថា Facebook គឺជាបណ្តាញចម្បងសម្រាប់ព័ត៌មានមិនពិត។
វាត្រូវបានគេបង្ខំឲ្យសារភាពថា ក្រុមហ៊ុន Cambridge Analytica ដែលជាក្រុមហ៊ុននយោបាយមួយធ្វើការឲ្យលោក Donald Trump ក្នុងឆ្នាំ២០១៦បានប្លន់យកទិន្នន័យរបស់អ្នកប្រើប្រាស់រាប់សិបលាននាក់។ អ្នករិះគន់មួយចំនួននៃការធ្វើប្រជាមតិ Brexit បានចោទប្រកាន់ក្រុមហ៊ុន Cambridge Analytica ថាបានប្រើប្រាស់ទិន្នន័យទាំងនោះដើម្បីបង្វែរអ្នកបោះឆ្នោតឲ្យងាកទៅរកការបោះឆ្នោត “ចាកចេញ”។
នៅសហរដ្ឋអាមេរិក ការស៊ើបអង្កេតរបស់រដ្ឋអាជ្ញាពិសេស Robert Mueller ចូលទៅក្នុងទំនាក់ទំនងយុទ្ធនាការរបស់លោក Trump ជាមួយរុស្ស៊ីបានកំណត់គោលដៅលើគណនី Facebook និងទំព័រឯកជនដែលគ្រប់គ្រងដោយទីភ្នាក់ងារស្រាវជ្រាវអ៊ីនធឺណិតដែលមានមូលដ្ឋាននៅប្រទេសរុស្ស៊ី។
នៅឆ្នាំ២០១៨ Facebook បានប្រកាសពីវិធានការថ្មីៗដើម្បីកែលម្អបច្ចេកវិទ្យាសម្រាប់ដោះស្រាយព័ត៌មានមិនពិតនៅជុំវិញពិភពលោក។
ស្ថិតនៅក្រោមសម្ពាធ
កម្មវិធី WhatsApp ក៏ត្រូវបានគេចោទប្រកាន់សម្រាប់ការផ្សព្វផ្សាយព័ត៌មានមិនពិតផងដែរ។ វាបានស្ថិតនៅក្រោមសម្ពាធដ៏ធំសម្បើមបន្ទាប់ពីមានមនុស្សជាង២០នាក់ត្រូវបានគេចោទប្រកាន់ពីការចាប់ពង្រត់កុមារក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះនៅប្រទេសឥណ្ឌា។ ពួកគេត្រូវបានបង្កឡើងដោយរបាយការណ៍ព័ត៌មានមិនពិត។
ក្រុមហ៊ុន Google ដែលក៏ស្ថិតក្រោមសម្ពាធសម្រាប់ការផ្សព្វផ្សាយព័ត៌មានមិនពិតផងដែរនោះបានប្រកាសកាលពីខែមីនាថា ខ្លួនបានវិនិយោគក្នុងចំនួនទឹកប្រាក់៣០០លានដុល្លារសម្រាប់រយៈពេលបីឆ្នាំដើម្បីគាំទ្រគម្រោងជាច្រើនដែលមានគោលបំណងដោះស្រាយព័ត៌មានមិនពិតនិងគាំទ្រដល់អង្គភាពប្រព័ន្ធផ្សព្វផ្សាយដែលគួរឲ្យទុកចិត្តបាន៕ AFP
Source: Kampuchea Thmey Daily
0 Comments