ភ្នំពេញ ៖ អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង រួមជាមួយមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ,មន្ទីរ និងអាជ្ញាធរដែនដី កាលពីព្រឹកថ្ងៃទី២៨ធ្នូនេះ បានអញ្ជើញទៅពិនិត្យមើលសកម្មភាពរៀបចំលំអ និងការងារជាច្រើនទៀតដែលរដ្ឋបាលរាជធានីភ្នំពេញជាចំណែករបស់ខ្លួនអ្នកទទួលអនុវត្តដើម្បីត្រៀមសម្ពោធវិមានអនុស្សាវរីយឈ្នះៗ ដែលជាការត្រួតពិនិត្យចុងក្រោយនៅ មុនពិធីសម្ពោធមកដល់ គឺថ្ងៃទី២៩.៣០ និង៣១ ខែធ្នូ ឆ្នាំ២០១៨នេះ។
លោក ឃួង ស្រេង បានណែនាំឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូន រួមជាមួយស្ថាប័នពាក់ព័ន្ធជុំរិញការលាងសំអាតផ្លូវថ្នល់វិថីឈ្នះៗ,បូមដី រៀបចំទីតាំងចំណត កែលំអបរិស្ថានជុំវិញទីតាំងប្រារព្ធពិធីឲ្យបានស្អាត រួមទាំងពិនិត្យ បន្ថែមការតុបតែងលំអភ្លើងបំភ្លឺទាំងខាងក្នុង និងខាងក្រៅបរិវេណវិមានឈ្នះៗ។
ក្នុងនោះដែរ លោកអភិបាល ក៏បានណែនាំឲ្យមន្ទីរសាធារណៈការបន្ថែមធុងសំរាមនៅជុំវិញទីតាំងប្រារព្ធពិធីចំនួន១៥០បន្ថែមទៀត។ ជាពិសេសទៀតនោះ រដ្ឋបាល រាជធានីភ្នំពេញ នឹងត្រៀមរថយន្តក្រុងប្រមាណ៦០គ្រឿងសម្រាប់ដឹកប្រជាពលរដ្ឋ ដែលមានបំណងចូលរួមកម្សាន្តសប្បាយក្នុងឱកាសសម្ពោធវិមានឈ្នះៗនេះ ដោយមិនយកប្រាក់ចូលទៅទីតាំងប្រារព្ធពិធីទាំងមកពីត្រើយខាងលិច និងត្រើយកើតទន្លេ និងបានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅចូលរួមកម្សាន្ត សប្បាយរីករាយឲ្យបានច្រើនកុះករ។
នៅរសៀលថ្ងៃទី២៨ធ្នូនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានរៀបចំពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីរៀបចំពិធីសម្ពោធវិមាន ឈ្នះៗឲ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យទៅតាមទំនៀមទម្លាប់។
ការសម្ពោធវិមានឈ្នះៗ គឺជានិមិត្តរូប នៃការអនុវត្តដោយជោគជ័យគោលនយោបាយឈ្នះឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គម្រប់ខួប២០ឆ្នាំ និងបាននាំមកនូវសុខសន្តិភាពពេញផ្ទៃប្រទេសចេញផុតពីសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ និងបានធ្វើឲ្យខ្មែរគ្រប់រូបឈ្នះទាំងអស់គ្នា ដោយមិនមានការបង្ហូរឈាមហើយ សូម្បីតែអង្គការសហប្រជាជាតិក៏មិនអាចស្វែងរកសន្តិភាព និងបញ្ចប់ សង្គ្រាមដ៏រ៉ាំរ៉ៃនេះបានផង។
វិមានឈ្នះៗ ក៏ជានិមិត្តរូប នៃសន្តិភាព ជាសំណង់ប្រវត្តិសាស្ត្រសម្រាប់កូនខ្មែរជំនាន់ក្រោយ បានយល់ពីខ្លឹមសារ នៃសន្តិភាពដែលជា គ្រឹះ នៃការអភិវឌ្ឍន៍។
ដូច្នេះ កូនខ្មែរគ្រប់រូបត្រូវតែថែរក្សាសុខសន្តិភាពដែលរកបានដោយការយកសាច់ស្រស់ឈាមស្រស់ទៅប្ដូរបានមកនេះ ឲ្យបានឋិតថេរគង់វង្ស និងប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងណាមួយ ដើម្បីបំផ្លាញសន្តិភាព បំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋ គឺត្រូវការពារឲ្យបានទោះក្នុងតម្លៃណាក៏ដោយ៕
Source: Kampuchea Thmey Daily
0 Comments