Ad Code

យុទ្ធនា​ការឃោសនា​ដ៏​ហិង្សារ​បស់បង់​ក្លា​ដែ​ស​បានបញ្ចប់​មុន​ការបោះឆ្នោត​ចុង​សប្តាហ៍



ការធ្វើ​យុទ្ធនា​ការឃោសនា​សម្រាប់​ការបោះឆ្នោត​ទូទៅ​នៅ​ប្រទេស​បង់​ក្លា​ដែ​ស​បានបញ្ចប់​កាលពី​ថ្ងៃ​សុក្រ​បន្ទាប់ពី​មាន​អំពើហិង្សា​ជាច្រើន​សប្តាហ៍​ដែល​ភាគច្រើន​ប្រឆាំងនឹង​បុគ្គលិក​និង​មន្ត្រី​ពី​សម្ព័ន្ធភាព​ប្រឆាំង​ដែល​បាន​បង្ក​ឲ្យ​មានការ​រិះគន់​ពី​សហរដ្ឋអាមេរិក​និង​ប្រទេស​ដទៃ​។​

គណបក្ស Awami League របស់​នាយករដ្ឋមន្ត្រី Sheikh Hasina កំពុង​ស្វែងរក​អាណត្តិ​ជាប់ៗ​គ្នា​ជា​លើក​ទី​៣​ក្នុងការ​បោះឆ្នោត​ថ្ងៃអាទិត្យ​ប្រឆាំងនឹង​គណបក្ស Bangladesh Nationalist Party (BNP) ដែល​បានធ្វើ​ពហិការ​មិន​ចូលរួម​ការបោះឆ្នោត​ចុងក្រោយ​នៅក្នុង​ឆ្នាំ​២០១៤​។​

គណបក្ស Awami League កំពុង​អួតអាង​អំពី​កំណត់ត្រា​សេដ្ឋកិច្ច​របស់ខ្លួន​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លងមកនេះ​ប៉ុន្តែ​សម្ព័ន្ធភាព​ប្រឆាំង​ដែល​ដឹកនាំ​ដោយ BNP បាន​ប្តេជ្ញា​ដក​ការដាក់កំហិត​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ បង្កើន​ប្រាក់​ឈ្នួល​និង​បង្កក​តម្លៃ​ថាមពល​។​

អគ្គលេខាធិការ BNP លោក Mirza Fakhrul Islam Alamgir បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា “​រដ្ឋាភិបាល​បាន​បាត់បង់​ការគាំទ្រ​ខាង​សីលធម៌​”​។ លោក​បាន​ជំរុញ​ឲ្យ​អ្នកបោះឆ្នោត​ស្តារ​ប្រជាធិបតេយ្យ​ឡើងវិញ​។​

លោក​និយាយថា “​ប៉ុន្តែ​ប្រជាជន​នៅ​ជាមួយ​យើង​។ ពួកគេ​ចង់​ផ្លាស់ប្តូរ​”​។​

ការត្រៀមខ្លួន​របស់ BNP ត្រូវបាន​រំខាន​ដោយ​ការដាក់​ពន្ធនាគារ​ប្រធាន​របស់ខ្លួន​ដែលជា​អតីត​នាយករដ្ឋមន្ត្រី​ឈ្មោះ Khaleda Zia កាលពី​ខែកុម្ភៈ​។​មេដឹកនាំ​គណបក្ស Awami League កំពុងកាន់​អំណាច​បាន​បដិសេធថា គ្មាន​ការរំលោភបំពាន​អំណាច​អ្វី​ទេ​ហើយ​និយាយថា ពួកគេ​នឹង​ត្រលប់​ទៅ​រដ្ឋាភិបាល​វិញ​ដោយ​សំឡេង​ភាគច្រើន​។​

BNP បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ពួក​សកម្មជន​មកពី​សម្ព័ន្ធ​មួយ​ដែលមាន​គណបក្សប្រឆាំង​ប្រហែល​២០​និង​មេដឹកនាំ​បក្សប្រឆាំង​សរុប​ជាង​៨,២០០​នាក់​ត្រូវបាន​ចាប់ខ្លួន​ចាប់តាំងពី​ការបោះឆ្នោត​ត្រូវបាន​ប្រកាស​កាលពីដើម​ខែ​មុន​។​

BNP បាន​អះអាងថា បុគ្គលិក​ចំនួន​៤​នាក់​ត្រូវបាន​សម្លាប់​និង​ជាង​១២,៣០០​នាក់​បាន​រងរបួស​៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu