Ad Code

ពេជ្រ ម្ទេសខ្មាំង អាច​យកឈ្នះ ភេត លឺ​ឆា បាន​ឬ​អត់​?



•​លន បញ្ញា ជួប ពុទ្ធ សំបូរ​
ប្រដាល់ ៖ អ្នក​ប្រដាល់​ជើង​ខ្លាំង​ និង​ជា​ម្ចាស់​មេដាយ​ស៊ី​ហ្គេម​ឆ្នាំ​២០១៧​របស់​កម្ពុជា គឺ​ ពេជ្រ ម្ទេស​ខ្មាំង ក្លិប​អា​រុណ​រះ​កីឡា ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​មកពី​ប្រទេស​ថៃ ក្នុង​កម្មវិធី​ប្រដាល់​មិត្តភាព​អន្តរជាតិ​Boostrong On Fire Fighter នៅលើ​សង្វៀន​SEATV នា​ព្រឹក​ថ្ងៃអាទិត្យ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ។​

ពេជ្រ ម្ទេសខ្មាំង គេ​ត្រូវ​ជួប​ប្រកួត​ជាមួយ ​ភេត លឺ​ឆា (Phat Leuchha) ដែលជា​ម្ចាស់​ខ្សែក្រវាត់ ទម្ងន់​៥៧​គីឡូក្រាម នៅ​ស្រុកថៃ។ អ្នក​ប្រដាល់​ថៃ​រូបនេះ ជា​លើក​ទី​១ ​សម្រាប់​គេ ដែល​មក​ប្រកួត​នៅ​សង្វៀន​ស្រុក​ខ្មែរ​នេះ។​

រវាង​ ពេជ្រ ម្ទេសខ្មាំង និង ភេត លឺ​ឆា នេះ មិនដឹងថា ម្ទេសខ្មាំង​ឈ្នះ ​ឬ ភេត លឺ​ឆា ឈ្នះ​នោះទេ ? ព្រោះ អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​មាន​ស្នៀត​ប្រដាល់​ល្អ ពិសេស​ស្នៀត​ទាត់​របស់គេ ហើយ​គេ​រឹងមាំ​វាយ​មិនចេះ​ហត់​ថែមទៀត។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក​ញាណ សុធី អ្នក​ផ្គូផ្គង​ប្រចាំ​សង្វៀន​អាស៊ី​អាគ្នេយ៍​។​

ទោះជា​យ៉ាងណា មិនអាច​និយាយ​មុន​ថា អ្នកណា​ឈ្នះ​អ្នកណា​ចាញ់​រវាង​ ពេជ្រ​ ម្ទេសខ្មាំង ​និង ភេត លឺ​ឆា នេះ។ ពេជ្រ ម្ទេសខ្មាំង គេ​ក៏​ខ្លាំង​ដែរ គេ​ធ្លាប់​ផ្ដួល​ថៃ​ច្រើន​នាក់​ហើយ​កន្លងមក។ ពេជ្រ ម្ទេស​ខ្មាំង ប្រកួត​ជាមួយ​ថៃ​លើកចុងក្រោយ​នេះ គេ​បាន​យកឈ្នះ​ មឿង ភេ​ច (Moeung Phich)​ដោយ ពិន្ទុ កាលពី​ចុងខែ​កញ្ញា​កន្លងទៅ នៅ​លើ​សង្វៀន SEATV​នេះ។

ពេជ្រ ម្ទេសខ្មាំង មាន​កំណត់​ត្រា​ប្រកួត​ចំនួន​៩៥​លើក ក្នុង​នោះ​វាយ​ឈ្នះ​៨៣​លើក ចាញ់​១១​លើក និង​ស្មើ០១​លើក។ ចំណែក ភេត លឺ​ឆា គេ​មាន​កំណត់ត្រា​ប្រកួត​ប្រមាណ៦៧​លើក ឈ្នះ​៥៨​លើក និង ចាញ់​០៩​លើក មិនដែល​ស្មើ​។

យ៉ាងណា សម្រាប់​ការ​ជួប​ជាមួយ​ម្ទេសខ្មាំង​ជើង​ខ្លាំង​របស់​កម្ពុជា​ម្នាក់​នេះ ភេត លឺ​ឆា មិនជា​ស្រួល​ខ្លួន​ប៉ុន្មាន​ទេ ព្រោះ​ម្ទេសខ្មាំង​គេ​វាយ​ខ្លាំង​ និង​មាន​បច្ចេកទេស​ក្នុង​ការ​ប្រកួត​ល្អ ហើយ​មួយទៀត គេ​វាយ​រហ័ស ដក​រហ័ស ចេញចូល​លឿន​។ ចាំមើល ពេជ្រ ម្ទេសខ្មាំង អាច​យកឈ្នះ​ ភេត លឺ​ឆា បាន​ដែរ​ឬ​អត់​?។​
​ ​
ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ លន បញ្ញា អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួង​ការពារ​ជាតិ នឹង​ជួប​ប្រកួត​ជាមួយ ពុទ្ធ សំបូរ អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ដោយ​ជួបគ្នា ក្នុង​ទម្ងន់​៦០​គីឡូក្រាម។​
​ ​
រវាង​អ្នក​ប្រដាល់​ពីរ​នាក់​នេះ គេ​ពិបាក​នឹង​សន្និដ្ឋាន​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះទេ ត្បិត​ថា ពួកគេ​ទាំងពីរ​នាក់​នេះ សុទ្ធតែ​ល្អ​ និង​ខ្លាំង​ប្រហាក់ប្រហែលគ្នា។
​ ​
លន បញ្ញា ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ ឯ ពុទ្ធ សំបូរ ជា​ជើង​ខ្លាំង​ស្រករ​មុន តែ​ពេលនេះ​ជួប​គ្នា ពុំ​ដឹងថា​នរណា​ឈ្នះ នរណា​ចាញ់​ឡើយ?។ ​ប៉ុន្តែ​បើតាម​ក្រុមអ្នកវិភាគ​ប្រដាល់​ក្នុងស្រុក​ថា លន បញ្ញា ទំនងជា​មិន​ឈ្នះ​ពុទ្ធ សំបូរ​នោះទេ។​
​ ​
ចំណែក អ្នក​ប្រដាល់ រឿន សុខលី ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជា​មួយ ​រិ​ទ្ធ ប្រាក់​ប៊ិន អ្នក​ប្រដាល់​ក្លិប​កងពលតូច​លេខ​៧០។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ ទម្ងន់​៥៤ គីឡូក្រាម។ ​រីឯ ស សូ អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្ត​ពោធិ៍សាត់ ត្រូវ​ប៉ះ​ជាមួយ ​សាត ស៊ី​ណង អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ក្នុង​ទម្ងន់​៦០​គីឡូក្រាម ហើយ ពុទ្ធ ប៊ុន​ម៉ៅ អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ជួប​ជាមួយ ចិត្រ សុ​ភី អ្នក​ប្រដាល់​ក្លិប​រស្មី​ភូមិ​គាប​ខេត្ត​បន្ទាយ​មាន​ជ័យ ដោយ​ប្រកួត​ក្នុង​ទម្ងន់​៦០​គីឡូក្រាម​ដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu